តើ​នារី​មាន​គភ៌ មាន​”​ខួរក្បាល​ស្ទក់​” មែន​ទេ​?

តើ​នារី​មាន​គភ៌ មាន​"​ខួរក្បាល​ស្ទក់​" មែន​ទេ​?

​គេ​សង្កេតឃើញ​ជាទូទៅ​ថា នារី​មានគភ៌​ឬ​ទើប​សម្រាលកូន​ហើយ​ហាក់ដូចជា​មិនសូវ​រវាសរវៃ​ឬ​រហាស់រហួន​ដូច​ធម្មតា​ទេ ច្រើន​តែ​ភ្លេចភ្លាំង​បន្តិច​។ ឧទាហរណ៍​ដូចជា នាង​ដើរ​ចូល​ទៅក្នុង​បន្ទប់​ដើម្បី​យក​អ្វី​មួយ ស្រាប់តែ​ភ្លេច​មិនដឹង​ថា​ខ្លួន​ចង់​រក​អ្វី​ទេ​។ ក្នុង​ភាសា​អង់គ្លេស​គេ​ហៅ​បាតុភាព​នេះ​ថា​ជា​"Pregnancy Brain" ឬ​ជា​ភាសា​បច្ចេកទេស​ថា momnesia​។​

​អ្នកស្រី Helen Christensen, PhD មកពី​សាកលវិទ្យាល័យ The Australian National University បាន​និយាយថា វា​ពិតជា​មាន​ការ​អន់​ខ្សោយ​ស្មារតី​បន្តិច​មែន​បើកាលណា​គេ​មាន​គភ៌ ក៏​ប៉ុន្តែ​វា​គ្មាន​ការប្រែប្រួល​អ្វី​នៅ​ក្នុង​ខួរក្បាល នោះទេ​។​

​អ្នកស្រី Jane Martin, MD នាយក​នៃ​មជ្ឈមណ្ឌល the Neuropsychological Testing and Evaluation Center at New York's Mount Sinai Medical Center ពន្យល់ថា ការចងចាំ​របស់​យើង​នឹង​ថយចុះ​ហើយ​កាលណា​យើង​ជាប់រវល់ មាន​កង្វល់​ឬ​ស្ត្រេ​ស ឬ​គេង​មិន​បាន​គ្រប់គ្រាន់​។ នារី​មានគភ៌​អាច​ខ្វល់​ច្រើន​បន្តិច ព្រោះ​គិតពី​គ​ភ៌ តើ​កូនស្រី​ឬ​ប្រុស មុខ​ដូចម្តេច ធំ​ទៅៗ​ជា​យ៉ាងណា​។​ល​។ ជាដើម​។​

​ម្យ៉ាងទៀត កាលណា​គេ​មាន​គភ៌ បរិមាណ​អ័រម៉ូន progesterone និង estrogen កើនឡើង​ដល់​ទៅ​១៥​ទៅ​៤០​ដង​។ អ័រម៉ូន​ទាំង​២​នេះ​វា​បង្ក​ការប៉ះពាល់​យ៉ាង​ខ្លាំង​ទៅលើ​សរសៃ​ប្រាសាទ​ទាំងអស់​ក្នុង​ខួរ   ក្បាល​។ ដល់​ពេល​សម្រាលកូន​រួច ស្បូន​មាន​ការឈឺចាប់​ខ្លាំងណាស់ ហើយ​រាងកាយ​ត្រូវ​បង្កើត​ទឹកដោះ​ឱ្យ​កូន ថែម​ទៀត​។ ទាំងអស់​នេះ​ឯង​គឺជា​មូលហេតុ​ដែល​ធ្វើឱ្យ​មាន​ការ​ភ្លេចភ្លាំង នេះ​បើ​តាម​អ្នកស្រី Louann Brizendine, MD នាយក​របស់ the Women's Mood and Hormone Clinic at the University of California, San Francisco​។​

​សរុបសេចក្តី​មក ការចងចាំ​របស់​នារី​មានគភ៌​ពិតជា​ថយចុះ​បន្តិច​មែន អាស្រ័យ​ដោយ​កង្វល់ និង​អ័រម៉ូន ដែល​កើតមានឡើង ក៏​ប៉ុន្តែ​វា​គ្មាន​ការប៉ះពាល់​អ្វី​ដល់​ខួរក្បាល​របស់​នាង​ទេ​។ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺថា ទាំង​ស្វាមី ទាំង​ក្រុម​គ្រួសារ ត្រូវ​យល់​អំពី​បញ្ហា​នេះ​ហើយ​ប្រព្រឹត្ត​ឱ្យបាន​សមស្រប​>

ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។