កងទ័ព​ភូមា​ប្រកាស​​​ត្រៀម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី របស់​លោកស្រី អ៊ុងសាន ស៊ូជី

នៅ​ប្រទេស​ភូមា លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជាតិ កាល​ពី​ថ្ងៃទី៨ វិច្ឆិកា នៅ​មិន​ទាន់​ប្រកាស​ផង ប៉ុន្តែ ទាំង​មេបញ្ជាការ​កងទ័ព និង​ប្រធានាធិបតី​ភូមា នៅ​ល្ងាច​ថ្ងៃ​ពុធ បាន​ប្រកាស​ទទួល​ស្គាល់​ជោគជ័យ​របស់​គណបក្ស​ប្រឆាំង របស់​លោកស្រី​អ៊ុងសាន ស៊ូជី។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១២ វិច្ចិកា មេ​បញ្ជាការ​កងទ័ព​ភូមា លោក មីន អ៊ុងលាំង ដែល​គេ​ចាត់ទុក​ជា​មនុស្ស​មាន​អំណាច​នៅ​ភូមា បាន​សន្យា សហការ​ជា​មួយ​អនាគត​រដ្ឋាភិបាល​ថ្មី។ នេះ​ជា​លើក​ទី១នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ភូមា ដែល​កងទ័ព​បាន​​ប្រកាស​ទទួល​ស្គាល់ បរាជ័យ​របស់ខ្លួន និង​ត្រៀម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រឆាំង។