កម្មករ​រោងចក្រ​នៅ​ខេត្ត​តាកែវ​​ជាង​១​ពាន់​នាក់​បន្ត​តវ៉ា​នៅ​មុខ​រោងចក្រ

កម្មករ​រោងចក្រ​កាត់ដេរ​ឈ្មោះ ហុង សេង [Hong Seng Textile (Cambodia)] នៅ​ខេត្ត​តាកែវ ជាង ១.០០០​នាក់ ដែល​ត្រូវ​រោងចក្រ​បញ្ចប់​ការងារ នាំ​គ្នា​បន្ត​ការ​តវ៉ា​នៅ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។

មន្ត្រី​ដោះស្រាយ​វិវាទ​នៃ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ព្រុំ ប៊ុនថន ថ្លែង​ថា នៅ​ថ្ងៃ​ដដែល​នេះ មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​តាកែវ បើក​កិច្ច​ប្រជុំ​ជាមួយ​ភាគី​រោងចក្រ និង​សហជីព​កម្មករ ដើម្បី​ចរចា​បញ្ហា​តវ៉ា​នេះ ក៏​ប៉ុន្តែ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​ដដែល៖ «ភាគី​ក្រុមហ៊ុន គេ​អត់​ជជែក​ចរចា​​ទៅ​លើ​សំណើ​ខាង​យើង​ដាក់​ស្នើ​ធ្វើការ​ចរចា​ទេ ហើយ​គេ​នៅ​តែ​ប្រកាន់​ប្រកាន់​គោល​ជំហរ ដែល​ជា​កិច្ច​ព្រមព្រៀង​រវាង​ក្រសួង​ជាមួយ​សហជីព​ក្នុង​រោងចក្រ ដែល​ក្រុមហ៊ុន​គេ​ធ្វើ​មក​ហ្នឹង មិន​ឆ្លុះ​បញ្ចាំង​កម្មករ​ចង់​បាន ហើយ​យក​កិច្ច​ព្រមព្រៀង​នេះ​មក​ផ្អែក​ថា ពួក​គាត់​ស្នើសុំ​ព្រមព្រៀង​រួច​ទៅ​ហើយ។ អ៊ីចឹង​គេ​មិន​អាច​យក​មក​ចរចា​ទៀត​ទេ។ មួយ​ទៀត​នោះ គេ​ថា​គេ​មាន​ដីកា​រក្សា​ការពារ ហើយ​កម្មករ​ទាំង​អស់​ហ្នឹង ត្រូវ​បាន​គេ​បញ្ឈប់​រួច​ទៅ​ហើយ។ អ៊ីចឹង​គេ​អត់​ចរចា​ទៀត​ទេ។ កម្មករ​ពេល​ខ្ញុំ​ចេញ​ពី​ប្រជុំ​មក​ខ្ញុំ​បាន​ជម្រាប​លទ្ធផល​គាត់​ដែរ គាត់​ថា​ជំហរ​របស់​គាត់​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ដដែល»

ទាក់ទង​នឹង​បញ្ហា​បញ្ចប់​ការងារ​កម្មករ​ជាង ១​ពាន់​នាក់ នៅ​រោងចក្រ ហុង សេង នេះ បណ្ដាល​ឱ្យ​កម្មករ​កម្មការិនី ធ្វើ​កូដកម្ម​តាំង​ពី​ចុង​ខែ​តុលា ហើយ​ពួក​គាត់​ប្រមាណ ៣០០​នាក់ មក​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។ ពួក​គាត់​ក៏​អំពាវនាវ​ដល់​អ្នក​បញ្ជា​ទិញ​សំលៀក​បំពាក់​ម៉ាក ពូម៉ា និង អាឌីដាស (PUMA & ADIDAS) ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​នេះ។

មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ព្រុំ ប៊ុនថន ឱ្យ​ដឹង​ថា កង​រាជ​អាវុធហត្ថ​ខេត្ត​តាកែវ កោះ​ហៅ​មន្ត្រី​សហជីព ៣​រូប ឱ្យ​ចូល​ទៅ​បំភ្លឺ ទាក់ទង​នឹង​ការ​ដឹកនាំ​ធ្វើ​កូដកម្ម​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។