​លោក សម រង្ស៊ី បញ្ជាក់ថា​ស្ថានទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី​មិនចេះ​ជួយ​ការពារ​ពលរដ្ឋ​ខ្មែរ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា លោក សម រង្ស៊ី បាន​បញ្ជាក់ថា ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី មិនចេះ​ជួយ ការពារ​ស្ត្រី​ខ្មែរ ដែល​ត្រូវគេ​ធ្វើ បាប​នៅ​ទីនោះ​។ ការ​ថ្លែង​របស់លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​គឺ​បាន​ធ្វើឡើង​ក្នុងពេលដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ជប៉ុន ។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​សម្តែង​ការសោកស្តាយ​ថា ស្ថានទូត​របស់​យើង​អត់​រវីរវល់​មិនមែន​តែ​នៅ​ស្រុក​ជប៉ុន​ទេ នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​គេ​ធ្វើបាប​ស្រីៗ​គេ​យកទៅ​ធ្វើបាប​គ្រប់បែបយ៉ាង អត់​មាន​អើពើ អត់​មាន​ចេញមុខ​ការពារ​ខ្មែរ​ខ្លួនឯង​សោះ ចុះ​ធ្វើ​អី​ទូត​ហ្នឹង​ធ្វើ​អីហ្នឹង តួនាទី​របស់​ទូត​គេ​ការពារ​ជនជាតិខ្មែរ​យើង​ដែល​ជួប​មាន​បញ្ហា​រស់នៅ​ប្រទេស​គេ​ហ្នឹង​។ លោក សម រង្ស៊ី បន្ថែមថា កាលៈទេសៈ​ពេលនេះ​យើង​មិនអាច​ពឹង​ស្ថានទូត​បាន​យើង​ត្រូវ​រក​វិធី​ដើម្បី​ជួយ​។ គួរ​បញ្ជាក់ថា ការរិះគន់​ទៅដល់​ស្ថានទូត​ខ្មែរ​នៅតាម​បណ្តា​ប្រទេស​នានា​ពី​សំណាក់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាគមយុវជន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

ការរិះគន់​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ខាងលើនេះ​ត្រូវគេ​សង្កេតឃើញថា​ធ្វើឡើង​ក្រោយពី​ដើមខែ​វិច្ឆិកា​នេះ គូ​ស្វាមីភរិយា​ម៉ាឡេស៊ី ដែល​បាន​បង្អត់អាហារ​ស្ត្រី​អ្នកបម្រើ​ខ្មែរ​ឲ្យ​បាត់បង់​ជីវិត ត្រូវបាន​តុលាការ​ឧទ្ធរណ៍​នៃ​ប្រទេស​ម៉ាឡេស៊ី​កាត់ទោស​ប្រហារជីវិត​។ រឿងរ៉ាវ​បានកើត​ឡើង​នៅ​ឆ្នាំ​២០១១ កាលណោះ ស្ត្រី​ខ្មែរ​អ្នកបម្រើ​ម្នាក់​បាន​ទៅ​រស់នៅ​ស៊ីឈ្នួល​អ្នកជំនួញ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ ក្រោយមក​នៅ​ឆ្នាំ​២០១២ ស្ត្រី​ខ្មែរ​នោះ​ក៏បាន​បាត់បង់​ជីវិត ហើយ​មានការ​សង្ស័យថា ស្ត្រី​ខ្មែរ​រូបនោះ ត្រូវបាន​គូ​ស្វាមីភរិយា​ម៉ាឡេស៊ី​បង្អត់អាហារ​រហូតដល់​បាត់បង់​ជីវិត​។ លិខិត​ពេទ្យ​បាន​បង្ហាញថា នារី​ខ្មែរ​ដែលមាន​អាយុ​២៤​ឆ្នាំ កម្ពស់​១,៥០ មាន​ទម្ងន់​តែ​២៦​គីឡូក្រាម​ប៉ុណ្ណោះ​នៅពេល​ស្លាប់​។ បញ្ហា​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ភាពកម្សោយ និង​ខ្វះ​ការទទួលខុសត្រូវ​រប​ស់​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​នៃ​រដ្ឋាភិបាល​កម្ពុជា​ទើប​បណ្តាល​ឲ្យ​មាន​សោកនាដកម្ម​ដ៏​រន្ធត់​មួយ​នេះ​កើត​ឡើងលើ​ពលករ​ខ្មែរ​ក្នុងចំណោម​ករណី​ជាច្រើន​ផ្សេងទៀត​៕

12063643_990028731053860_2672311611750965366_n