​លោក កឹម សុខា បញ្ជាក់ថា​តំណាងរាស្ត្រ​ជប៉ុន​ចង់ឃើញ​កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ​

អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា​គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ជាមួយនឹង​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា​ដែលមាន​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា នៃ​គណបក្សកាន់អំណាច គឺ​គណបក្ស​ប្រជាធិបតេយ្យ​សេរី និង​គណបក្សប្រឆាំង​គឺ​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន នៅ​វិមាន​ព្រឹទ្ធសភា​ជប៉ុន ក្នុង​ទីក្រុង​តូ​ក្យូ​។ ក្នុងជំនួប​រវាង​សមាជិកសភា​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន គឺ​បាន​ផ្តោត​សំខាន់​ទៅលើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និង​គោលនយោបាយ​ក្នុងការ​ផ្តល់ជំនួយ​ជប៉ុន​ដល់​កម្ពុជា​។​

​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានលើកឡើង​អំពី តួនាទី​សំខាន់​របស់​ប្រទេស​ជប៉ុន ក្នុងការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ និង​ស្ថិរភាព​នយោបាយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ លោក កឹម សុខា បាន​បញ្ជាក់ថា តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា របស់​ប្រទេស​ជប៉ុន ចង់ឃើញ​ប្រទេស​កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ ដើម្បី​ធានា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី​ភាពជា​មូលដ្ឋាន ការអភិវឌ្ឍ និង​វិនិយោគទុន​បរទេស​។ ពួកគាត់​បាន​សង្កត់ធ្ងន់​ថា ជំនួយ​របស់​ប្រទេស​ជប៉ុន ផ្តល់​ដល់​កម្ពុជា គឺ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​មិនមែន​ស​ម្រា​ប់​គណបក្សនយោបាយ​ណាមួយ​ឡើយ​។​

​គួរ​បញ្ជាក់ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានបង្ហាញ​ពី​ស្ថានការណ៍​នយោបាយ​ថ្មីៗ ជាពិសេស​អំពើហិង្សា​ទៅលើ​តំណាងរាស្ត្រ និង ភាព​តានតឹង​ឡើងក​ម្តៅ​នយោបាយ​នៅមុន​ការបោះឆ្នោត​។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីៗ​ជុំវិញ​ពិភពលោក​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ជប៉ុន ជួយ​ធ្វើ​ឲ្យ​បរិយាកាស​តានតឹង​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​ឡើងវិញ គោរព​តាម​ស្មារតី​ដើម​នៃ​កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ សំដៅ​ធានា​ដល់​ការបោះឆ្នោត​ប្រកបដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ និង​ប្រជាធិបតេយ្យ ជាពិសេស​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ ពេញលេញ និង​ជឿទុកចិត្ត​ទៅលើ​អំពើហិង្សា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥៕

12208731_1227736793910284_8730692968923553135_n 12227032_1227736783910285_1120597211451170534_n 12241734_1227736790576951_5093771433900150708_n