លោក សម រង្ស៊ី ជា​អ្នកនយោបាយ​ទន់ភ្លន់​និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​

​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់ ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រើពាក្យ​សំដី​ធ្ងន់ៗ​លើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ជាការ​ឆ្លើយតប​នឹង​សំដី​ធ្ងន់ៗ​របស់លោក ហ៊ុន សែន គឺ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​នូវ​ជំហរ​ទន់ភ្លន់​ដោយ​ថ្លែងថា លោក​នឹង​សុំទោស​ប្រសិនបើ​លោក​ធ្វើ​ឲ្យ​អ្នក​ណាមួយ​ឈឺចាប់ ហើយ​ថា​អ្នកនយោបាយ​ត្រូវតែមាន​សុជីវធម៌​។

​ឆ្លើយតប​តាម​អ៊ី​ម៉ែ​ល​ចំពោះ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​លើកឡើងថា​«​ខ្ញុំ​នឹង​សុំ​អភ័យទោស​ចំពោះ​នរណា​ក៏ដោយ ពេលណា​ក៏ដោយ​បើ​ខ្ញុំ​បានធ្វើ​ឲ្យ​គេ​ឈឺចាប់​ក្នុង​ប្រការ​ណាមួយ​ដោយ​អ​ចេតនា​។ ក្នុងការ​បំពេញ​តួនាទី​របស់​យើង​ជា​អ្នកនយោបាយ ក៏​យើង​ត្រូវមាន​សុជីវធម៌​ផងដែរ​»​។ អ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​វាយតម្លៃថា ជំហរ​ទន់ភ្លន់​របស់​លោក សម រង្ស៊ី បានបង្ហាញ​ថា​លោក​ជា​អ្នកនយោបាយ​ដែលមាន​ជំហរ​ទន់ភ្លន់ និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។

​អ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បានលើកឡើង​ថា វប្បធម៌​សន្ទនា​ដែល​កើតចេញពី​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ ចុះ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ នៅតែមាន​តម្លៃ​យ៉ាង​ធំធេង​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ ដូច្នេះ​ការបន្ត​វប្បធម៌​សន្ទនា​រវាង​គណបក្សកាន់អំណាច​និង​គណបក្សជំទាស់ គឺជា​កត្តា​សំខាន់បំផុត​ដើម្បី​សន្តិភាព ការអភិវឌ្ឍ និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​។ មានន័យថា ទោះបី​មាន​បញ្ហា​អ្វី​កើតឡើង​យ៉ាងណាក៏ដោយ​អ្នកនយោបាយ​ត្រូវ​ពិភាក្សាគ្នា​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​ត្រូវ​ចាត់ទុក​ផលប្រយោជន៍​ជាតិ​ជាធំ​។

សូម​បញ្ជាក់ដែរថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​អ្នកនយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ទៅលើ​លទ្ធផល​បោះឆ្នោត​នៅក្នុង​ប្រទេស​ភូមា ដែល​គណបក្សប្រឆាំងរ​បស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទទួលបាន​ជ័យជំនះ​ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះដែរ ស្រប​ពេលដែល​គណបក្ស​កាន់អំណាច​នៅ​ប្រទេស​ភូមា ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ស្របទៅតាម​ឆន្ទៈ​ប្រជាពលរដ្ឋ​។ លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ភូមា បាន​ក្លាយទៅជា​ប្រធានបទ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា សម្រាប់​ការបោះឆ្នោត​នៃ​ឆ្នាំ​២០១៨ ផងដែរ​៕

12188033_990028664387200_4872708196058698272_o​    ​