ប្រគល់​ផែបណ្ដែត​ទឹក​តម្លៃ​ជិត​៣​ម៉ឺន​ដុល្លារ​ជូន​ពលរដ្ឋ​ភូមិ​សេះ​ស្លាប់​សម្រាប់​ប្រើប្រាស់

ខេត្តកំពង់ឆ្នាំង ៖ ផែបណ្តែត​ទឹក​មួយ​ខ្នង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទាល់តែ​សោះ​នៅ​ក្នុងភូមិ​សេះ​ស្លាប់ ត្រូវ​បាន​ធ្វើ​ពី​ធី​ប្រគល់​-​ទទួល​សម្រាប់​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រើប្រាស់​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរណ៍ ដោយ​មានការ​អញ្ជើញ​ចូល​រូ​ម​ពី​អាជ្ញាធរ​ឃុំ តំណាង​សហគមន៍ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​ទៀត ។ ពី​ធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ។

លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរណ៍ បាន​ឲ្យ​ដឹង​ថា ផែបណ្តែត​ទឹក​មួយ​ខ្នង​នេះ​មាន​ទំហំ​១៥,៨០​ម៉ែត្រ​គុណ​៨,២២​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី ក្រាល​ក្តារ និង​ទម្រ​បណ្តែត​ទឹក​ដោយ​ធុង​ជ័រ​ជា​ច្រើន ។ ផែបណ្តែត​នេះ​នៅ​មាន​ដាក់​ម៉ាស៊ីនភ្លើង​មួយ​គ្រឿង ដោយ​បំពាក់​ចរន្តអគ្គិសនី សម្រាប់​តម្រូវការ​ពេល​មាន​រវល់​ផ្សេង​ៗ​ដែល​ចំណាយអស់​​ទឹកប្រាក់​ចំណាយ​សរុប​ចំនួន​១១៥.៥០០.០០០​រៀល ក្នុង​នោះ​ប្រាក់​មូលនិធិ​ឃុំ​មាន​ចំនួន​១៥៥.៣៥០.០០០​រៀល និង​ប្រាក់​ចូលរួម​ពី​ប្រជាពលរដ្ឋ​មាន​ចំនួន​១៥០.០០០​រៀល ។ ការ​កសាង​ផែបណ្តែត​ទឹក​នេះ​គឺ​មានការ​ដាក់​អោយ​ដេញថ្លៃ​ផង​ដែរ ដែល​បាន​ទៅ​ក្រុមហ៊ុន​ឈ្មោះ កែវ ស្រី ជា​អ្នក​កសាង និង​ធានា​ជួសជុល​រយៈពេល​៦​ខែ ។

លោក អភិបាលស្រុក​បាន​បន្ត​ថា ផែ​ប​ណ្តែ​ទឹក​មួយ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​សេះ​ស្លាប់ គឺ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បុណ្យ ការកូន​ការ​ចៅ ប្រជុំ ឬ​ពី​ធី​មាន​រវល់​ផ្សេង​ៗ ពួក​គាត់​អាច​មក​ជួបជុំ​គ្នា​នៅ​លើ​ផែ​មួយ​នេះ​បាន ។ កន្លង​ទៅ​នៅ​ភូមិ​មួយ​នេះ​ពេល​មាន​រវល់​ការកូន​ការ​ចៅ ឬ​បុណ្យ​ទាន​ផ្សេង​ៗ តែងតែ​យក​សាលារៀន​របស់​សិស្ស​មក​ធ្វើ​ពី​ធី ធ្វើ​ឲ្យ​ក្មេង​ៗ​ខាន​រៀនសូត្រ​មួយ​ថ្ងៃ ឬ​២​ថ្ងៃ ។ តែ​ចាប់ពី​ពេល​នេះ​តទៅ​ពួក​គាត់​លែង​លំបាក​ដូច​មុន​ទៀត​ហើយ ទាំងនេះ​គឺជា​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ។

ពាក់​ព័​ន្ឋ​នឹង​សំណួរ តើ​ពេល​ប្រជាពលរដ្ឋ​មាន​រវល់​ការកូន​ការ​ចៅ ឬ​ធ្វើ​ពិធីបុណ្យ​ទាន​ផ្សេង​ៗ ត្រូវ​យក​ប្រាក់​ដែរ​ឬទេ? លោក​អភិបាលស្រុក​បាន​ឆ្លើយ​ថា បញ្ហា​នេះ​លោក​មិន​ទាន់​ច្បាស់​ទេ ចាំ​មើល​ខាង​សាលាឃុំ​គេ​គិតគូរ​សិន បើ​សម្រាប់​លោក​គួរ​យក​ដែរ តែ​យក​តិចតួច សម្រាប់​ថ្លៃ​ប្រេង​បញ្ឆេះ​ម៉ាស៊ីន និង​សម្រាប់​ទុក​ថែរក្សា​ជួសជុល​ទៅ​ថ្ងៃក្រោយ និង​លើក​គោល​ការ​សម្រាប់​អ្នក​ក្រីក្រ​មិន​យក​ប្រាក់​សោះ ។

លោក​បាន​បញ្ចា​ក់ថា តាំង​ដើម​រៀង​មក​នៅ​ភូមិ​សេះ​ស្លាប់​នេះ​មិន​ដែល​មាន​ផែបណ្តែត​ទឹក​បែប​នេះ​ឡើយ នេះ​ជា​ផែ​ទី​១​ហើយ​ដែល​មាន​វត្ត​មាននៅ​ភូមិ​នេះ ហេតុ​ដូច្នេះ​ហើយ​លោក​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ ក្នុងភូមិ និង​អ្នក​ទទួលខុសត្រូវ​លើ​ផែ​ប​ណ្តែ​ទឹក​មួយ​នេះ សូម​ជួយ​ថែរក្សា​ទាំងអស់​គ្នា ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​យើង​ទាំងអស់​គ្នា ។

សូម​បញ្ចា​ក់​ផង​ដែរ ក្នុង​ពី​ធី​នោះ​ក៏​មានការ​ប្រគល់ និង​បំពាក់​សម្លៀក​បំពាក់​ដល់​ប្រជា​ការពារ​ចំនួន​១២​នាក់ រួម​និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ដែល​បាន​មក​ពី​សប្បុរសជន​នានា​ក្នុង​ខេត្ត​ផង​ដែរ ៕