ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​-​កូរ៉េខាងជើង​ធ្លាក់ចុះ ដោយ​សារភាព​តានតឹង​ទំនាក់ទំនង​ទ្វេភាគី​

​ម្សិលមិញ សារព័ត៌មាន​Yonhap បាន​ស្រង់​ទិន្នន័យ​របស់​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KITA ដែល​បាន​ចុះផ្សាយ​ពី​ការធ្លាក់ចុះ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​និង​កូរ៉េខាងជើង ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៥​នេះ​។

​យោងតាម​ការចុះផ្សាយរ​បស់​សមាគម​KITA នៅ​ថ្ងៃ​ពុធ ការនាំចេញ​ទំនិញ​កូរ៉េខាងជើង​ទៅ​ប្រទេស​ចិន គិតពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៥​នេះ មាន​ជា​ទឹកប្រាក់​១១៧០​លាន​ដុល្លារ គឺ​ធ្លាក់ចុះ​១០,៦​ភាគរយ ប្រៀប​នឹង​ឆ្នាំ​២០១៤​។ ការនាំចេញ​ទំនិញ​កូរ៉េខាងជើង​ក៏​រងគ្រោះ​ដោយសារ​ការធ្លាក់ចុះ ថ្លៃ​វត្ថុធាតុដើម ក្នុង​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

​រីឯ​ការនាំចេញ ទំនិញ​ចិន​ចូល​ស្រុក​វិញ ក៏​ថយចុះ​មិនតិច​ដែរ គឺ​ថយ​ជាង​១៥,៨​ភាគរយ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៥ ត្រូវ​នឹង​ទឹកប្រាក់​ប្រមាណ​១៣៣០​លាន​ដុល្លារ​។ ការវិនិយោគ​របស់​ក្រុង​ព្យុងយ៉ាង ក្នុង​ទឹកដី​ចិន ក្នុង​ឆ្នាំ​២០១៤ មាន​ជា​ទឹកប្រាក់​២៩០ ០០០​ដុល្លារ ថយចុះ​ច្រើន​សន្ធឹកសន្ធាប់ ប្រៀប​នឹង​ឆ្នាំ​២០១៣ ដែល​តួលេខ​មាន​ដល់​ទៅ ២ ៦៨០ ០០០​ដុល្លារ​ឯណោះ​។ បើ​និយាយ​ពី​ទេសចរណ៍​វិញ ភ្ញៀវទេសចរ​កូរ៉េខាងជើង​ដែល​ទៅ​កម្សាន្ត​ប្រទេស​ចិន​ក៏​ធ្លាក់ចុះ​ដែរ គិត​ក្នុង​ឆ្នាំ​២០១៤ មាន​ប្រមាណ ១៨៤ ០០០​នាក់ គឺ​ថយចុះ​១០,៧​ភាគរយ ប្រៀប​នឹង​ឆ្នាំ​២០១៣ ។​

​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ភ្ញាក់ផ្អើល​ចំពោះ​ការធ្លាក់ចុះ​នៃ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​និង​កូរ៉េខាងជើង ២​ឆ្នាំ​ជាប់​គ្នា​នេះ ព្រោះ​ជា​ករណី​កម្រ​មាន រវាង​ប្រទេស​ជា​មិត្ត​ទាំង​២ ។ ចិន​ចាប់ផ្តើម​ក្តៅ​ចិត្តនឹង​កូរ៉េខាងជើង តាំងពី​ដើមឆ្នាំ​២០១៣​មកម្ល៉េះ ក្រោយពេល​ក្រុង​ព្យុងយ៉ាង​សាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ជាច្រើន​គ្រាប់​។ ក្រុង​ប៉េកាំង​បាន​សុំអោយ​មិត្ត​របស់ខ្លួន​គោរព​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ប៉ុន្តែ ម្តង​ហើយ​ម្តងទៀត ក្រុង​ព្យុងយ៉ាង​នៅតែ​បន្ត​ផ្គើន​សហគមន៍​អន្តជាតិ ឥត​ខ្វល់​ពី​សំណូមពរ​របស់​រដ្ឋាភិបាល​ចិន​៕


លោក គង់ គាំ លាលែង​ចេញពី​ប្រធាន​គណបក្ស​សមរង្ស៊ី​មែន តែ​ស្ថិតនៅ​ជាទី​ប្រឹក្សា​នៃ​បក្ស​សង្គ្រោះ​ជាតិ​​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​