បុរស​ខ្លាំង​ ៖​ ចាស់ៗ​អស់ហើយ​ !​ ល្មម​ចេះ​និយាយ​ភាសា​ត្រឹមត្រូវ​ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​

​មេដឹកនាំ​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ទាំង​ពីរ​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បើក​ឆាក​ "​ផ្លែង​សរ​"​ ដាក់​គ្នា​យ៉ាង​កក្រើក​ នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ហើយ​ទំនងជា​មាន​កម្រិត​កំ​ដៅ​ក្តៅ​គគុក​ទៀត​ផង​ បន្ទាប់​ពី​មានដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ និង​ប្រតិភូ​នៅ​ប្រទេស​ជប៉ុន​,​ ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ហៅ​ភូមា​ របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ប្រធាន​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​ភូមា​ និង​បន្ទាប់​ពី​ប្រតិកម្ម​ "​ឆេះដុំ​"​ របស់​បុរស​ខ្លាំង​ នា​រាត្រី​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ខណៈ​មុខ​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ទើបតែ​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ដកហូត​ហើយ​ថ្មីៗ​ និង​មុខរបួស​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​មិន​ទាន់​សះជា​ស្រួលបួល​នៅឡើយ​ ។​

​ដោយ​បាន​បង្ហាញ​នូវ​ឯកសារ​មួយ​ចំនួន​ផង​ បុរស​ខ្លាំង​បាន​ហៅ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ថា​ជា​ "​កូន​អា​ក្បត់ជាតិ​"​ ដោយ​អះអាង​ថា​ ជា​ការ​ហៅ​តាម​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ សម័យ​គ្រប់គ្រង​អំណាច​សង្គមរាស្ត្រនិយម​ ហើយ​បុរស​ខ្លាំង​បាន​បញ្ជាក់​ទៀត​ថា​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ក៏​ធ្លាប់​ហៅ​ និង​ចោទប្រកាន់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រូប​សម្តេច​ផ្ទាល់​ថា​ ជា​"​ចោរ​លក់​ជាតិ​"​ ដែរ​ ។​ បុរស​ខ្លាំង​ក៏​បាន​រំលឹក​អំពី​សារលិខិត​សូមទោស​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ចំពោះ​រូប​សម្តេច​កាលពី​ឆ្នាំ​២០០៦​ និង​ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ផង​ដែរ​ ។​ បុរស​ខ្លាំង​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាច​ចាញ់ឆ្នោត​ អាច​រក​វិធី​មិន​ឲ្យ​មានការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​ ។​

​រីឯ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ បាន​ធ្វើការ​តបត​តាម​បណ្តាញសារព័ត៌មាន​ទៅ​នឹង​សម្តី​របស់​បុរស​ខ្លាំង​វិញ​ ដោយ​ចង់​សំដៅ​ថា​ ជាស​ម្តី​ដែល​ខ្វះ​សុជីវធម៌​ក្នុង​នាម​ជា​អ្នកនយោបាយ​ ។​

​លើស​ពី​នេះ​ បុរស​ខ្លាំង​បាន​ប្រកាស​ជា​សាធារណៈ​ថា​ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​ នឹង​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ ដោយ​បុរស​ខ្លាំង​បាន​សង្កត់ធ្ងន់​របៀប​ដាច់​ណាត់​ថា​ ឈប់​ប្រើប្រាស់​សិទ្ធិ​ជា​នាយក​រដ្ឋមន្ត្រី​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ស្នើ​លើកលែងទោស​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទៀត​ហើយ​ (​ក្នុង​ករណី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ មានទោស​ទណ្ឌ​ណាមួយ​)​ ហើយ​ក៏​បិទផ្លូវ​ទទួលយក​ការ​សុំ​ទោស​ណាមួយ​ពី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ទៀត​ដែរ​ ។​

​នៅ​ទី​បញ្ចប់​ ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​ជា​ពិសេស​មួយ​ ហើយ​ក៏​ជា​ចំណុច​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​នានា​ផង​ដែរ​នោះ​ គឺ​បុរស​ខ្លាំង​បាន​មាន​ប្រសាសន៍​ថា​ "​យើង​ចាស់ៗ​អស់ហើយ​ !​ ល្មម​ចេះ​និយាយ​ភាសា​ត្រឹមត្រូវ​ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​"​ ៕​

បុរស​ខ្លាំង​ ៖​ ចាស់ៗ​អស់ហើយ​ !​ ល្មម​ចេះ​និយាយ​ភាសា​ត្រឹមត្រូវ​ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ បុរស​ខ្លាំង​ ៖​ ចាស់ៗ​អស់ហើយ​ !​ ល្មម​ចេះ​និយាយ​ភាសា​ត្រឹមត្រូវ​ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ បុរស​ខ្លាំង​ ៖​ ចាស់ៗ​អស់ហើយ​ !​ ល្មម​ចេះ​និយាយ​ភាសា​ត្រឹមត្រូវ​ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​