ករណី​ប្លន់​ប្រដាប់អាវុធ​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង បង្ហាញថា​សមត្ថកិច្ច​អសមត្ថភាព​

មួយ​រយៈពេល​កន្លងទៅ​នេះ សមត្ថកិច្ច​នគរបាល​និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម គ្រឿងញៀន និង​ល្បែងស៊ីសង ជា​បន្តបន្ទាប់ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់​ផងដែរ​។ ទោះជា​យ៉ាងណា​តាម​ពិនិត្យ​ជាក់ស្តែង​បទល្មើស​ផ្សេងៗ​ក្នុង​ខេត្តកណ្តាល ដូចជា​ល្បែងស៊ីសង គ្រឿងញៀន និង​អំពើចោរកម្ម ហាក់ដូចជា​ពុំមាន​ការថយចុះ​នោះទេ ជាពិសេស​នៅ​ស្រុក​ស្អាង និង​ស្រុក​កៀនស្វាយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​យ៉ាងខ្លាំង​។ ជាក់ស្តែង​អំពើ​ប្លន់​ប្រដាប់អាវុធ​នៅ​ឃុំ​ត្រើយ​ស្លា កាលពី​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​អសន្តិសុខ​សង្គម​។

កាលពី​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រុមចោរប្លន់​បិទមុខ​ស្ពាយ​កាំភ្លើង​អាកា ចំនួន​៥​នាក់ បានធ្វើ​សកម្មភាព​ចូល​ភ្ជង់​និង​បាញ់​គំរាម​៦​គ្រាប់​ក្នុងផ្ទះ​ជនរងគ្រោះ​មួយ​គ្រួសារ​នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​យក​គ្រឿងអលង្ការ​និង​លុយកាក់​អស់​ជាច្រើន​។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​បិទមុខ​៥​នាក់​ស្ពាយ​កាំភ្លើង​អាកា​២​ដើម បាន​ចូល​ពីក្រោយ​ផ្ទះ​ជនរងគ្រោះ ហើយ​ខ្លះ​នៅចាំ​មុខផ្ទះ​បាន​ភ្ជង់​គំរាម​និង​បាញ់​៦​គ្រាប់ បង្ខំ​ឲ្យ​ម្ចាស់ផ្ទះ​ប្រមូល​គ្រឿងអលង្ការ​និង​លុយកាក់​ឲ្យ​ពួកគេ​។ ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​នេះ ទី​១-​ឈ្មោះ ចេក ប្រាំង អាយុ​៥៨​ឆ្នាំ ជា​ប្តី ទី​២-​ឈ្មោះ អ៊ីង សុន អាយុ​៥៨​ឆ្នាំ ជា​ប្រពន្ធ ទី​៣-​ឈ្មោះ ជី លឹម អាយុ​២៧​ឆ្នាំ ជា​ជាងមាស​ត្រូវជា​កូនប្រសា និង​ទី​៤-​ឈ្មោះ គា ច​ន្ធូ អាយុ​២៤​ឆ្នាំ ជា​កូនស្រី​។​

នៅក្នុង​អំពើ​ប្លន់​នេះ​ក្រុមចោរ​ក្រោយពី​បាញ់​គំរាម​រួច ពួកគេ​បាន​យក​ខ្សែ​គោ​ចង​លោក ចេក ប្រាំង និង​កូនប្រសា ឈ្មោះ ជី លឹម រួច​វាយតប់​ជនរងគ្រោះ​នឹង​ដំបង គំរាម​យក​ទ្រព្យសម្បត្តិ​បណ្តើរ​និង​រើកកាយ​ក្នុងផ្ទះ​បណ្តើរ​។ នៅក្នុង​អំពើ​ប្លន់​នេះ​ដែល​ក្រុមចោរ​យកបាន​ខ្សែ​កមាស​៥​ជី កងជើង​ប្លា​ទីន​២​ខ្សែ គ្រឿងអលង្ការ​មួយចំនួន និង​លុយ​ខ្មែរ​១៧​ម៉ឺន​រៀល ទើប​គេចខ្លួន​បាត់អស់​។ ករណីនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជិតខាង​ផ្ទះ​ជនរងគ្រោះ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើងវិញ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា នៅក្នុង​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិ​ខាងលើនេះ ក្រុមចោរ​ធ្វើ​សកម្មភាព​ដោយ​មិនបាន​រំខាន​សេចក្តីសុខ​របស់​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រើយ​ស្លា​ឡើយ បើទោះបី​ផ្ទះ​ជនរងគ្រោះ​មាន​ចម្ងាយ​ត្រឹមតែ​៣០០​ម៉ែត្រ​ពី​ប៉ុស្តិ៍នគរបាល​ក៏ដោយ​៕

Hong-0344 Hong-0343