បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រករបៀង ស្រុក​ពេ​ជ្រា​ដា មាន​សកម្មភាព​កាន់តែខ្លាំង

​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី មាន​សភាព​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ព្រោះ​លោក អេង ប៊ុន​ហ៊ាង ជា​អភិបាលខេត្ត និង​លោក កែប កត់ ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​នៃ​ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ក្នុង​មួយថ្ងៃៗ​រាប់សិប​ម៉ែត្រគូប ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្តិ៍​៤​និង​ប៉ុស្តិ៍​៥ ដែល​ស្ថិតនៅក្នុង​ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ទេ​។

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ជា​ជនជាតិខ្មែរ​និង​ជនជាតិ​យួន​បាន​ឃុបឃិត​គ្នា​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រក​ទាំង​២​ខាងលើ ហើយ​សមត្ថកិច្ច​ប្រចាំ​ច្រករបៀង ច្រក​ប៉ុស្តិ៍ និង​មន្ត្រី​ជំនាញ គឺជា​អ្នក​បើកដៃ​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ពេ​ជ្រា​ដា ទំនងជា​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពីបទ​ល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន ទើប​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ចាត់វិធានការ​បង្ក្រាប​។ ប្រការនេះ​បាន​នាំ​ឲ្យ​បទល្មើស​កាប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​សហគមន៍ ព្រៃ​អភិរក្ស និង​ព្រៃ​ដែន​ជម្រក​សត្វ បន្ត​រាលដាល​ឥតឈប់ឈរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ការពារ​ធនធានធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង នាងនួន ត្រូវគេ​ដឹកជញ្ជូន​តាម​គោយន្ត​កន្ត្រៃ រថយន្ត​បង្កុង ប្រមាណ​ពី​៥០​ទៅ​៦០​គ្រឿង ឆ្លងកាត់​ច្រក​ប៉ុស្តិ៍​៤​និង​ប៉ុស្តិ៍​៥​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ទៀតថា​ឈើ​ប្រណីត​ទាំងនោះ ត្រូវ​ក្រុម​ជនល្មើស​ចូលទៅ​កាប់​ក្នុងព្រៃ​ការពារ​និង​ព្រៃ​សហគមន៍​ស្រុក​ពេ​ជ្រា​ដា ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​គិតពី​មហន្តរាយ​ព្រៃឈើ​ឡើយ​។ ដោយសារតែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​ប៉ុស្តិ៍ និង​ច្រករបៀង​តំបន់​ព្រំដែន​ស្រុក​ពេ​ជ្រា​ដា កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​៕

12065865_1151169284911483_2605844060060606724_n