មន្ត្រី​យោធា​វរ​ការពារ​ព្រំដែន​លេខ​១០៣ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងស្រុក​កែវ​សីមា យ៉ាង​គឃ្លើន​

កន្លងមក​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ធ្លាប់​ព្រមាន​កុំ​ឲ្យ​មន្ត្រី​យោធា​ជាប់​ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ​ដូចជា ដឹកជញ្ជូន​ឈើ​ខុសច្បាប់​និង​ដឹកទំនិញ​គេចពន្ធ​ជាដើម​។ ប៉ុន្តែ​បទបញ្ជា​ទាំងនោះ​ពុំមាន​ប្រសិទ្ធភាព​ទេ ហើយ​ករណី​មន្ត្រី​យោធា​ប្រើ​ស្បែក​និង​អំណាច​កាំភ្លើង​ទៅ​ដឹកជញ្ជូន​ឈើ និង​ទំនិញ​ខុសច្បាប់​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ មិនតែប៉ុណ្ណោះ​មន្ត្រី​យោធា​ខ្លះ​នៅក្នុង​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី ត្រូវបាន​គេ​ដឹងថា​ជាប់​ពាក់ព័ន្ធ​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​សព្វថ្ងៃនេះ​ឈ្មោះ ឆាយ វ៉ាត ជា​យោធា​វរ​ការពារ​ព្រំដែន​លេខ​១០៣ កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង នាងនួន ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​កែវ​សីមា ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ ឆាយ វ៉ាត មាន​រថយន្ត​ឡង់​គ្រី​ស័​រ និង​រថយន្ត​កាមរី សម្រាប់​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ឆ្លង​កាត់មុខ​ស្នាក់ការ​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ប៉ុន្តែ​លោក មាគ វុ​ឌ្ឍី ប្រធាន​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា បាន​សង្ស័យថា​លោក មាគ វុ​ឌ្ឍី ប្រធាន​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​មន្ត្រី​យោធា​ឈ្មោះ ឆាយ វ៉ាត ជាប្រចាំ​ទើប​បណ្តោយ​ឲ្យ​មន្ត្រី​យោធា​រូបនេះ ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​តែម្តង​។ ចំណែក​លោក រឿង សុផាត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា ក៏​ទំនងជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើកដៃ​ឲ្យ​ឈ្មោះ ឆាយ វ៉ាត ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដែរ ទើប​គ្មាន​ការបង្ក្រាប​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា ជាបន្ទាន់​ព្រោះ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​តែម្តង​៕

12236918_760770514029172_1709409461_o-500x281 12214376_760770077362549_304258963_o-500x375