ឈ្មួញ​ធំៗ​នៅតែ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ យ៉ាង​គគ្រឹកគគ្រេង​

​បទបញ្ជា​របស់លោក ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​បំផ្លាញ​ព្រៃឈើ​និង​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បានក្លាយ​ទៅជា​រឿង​ឥតន័យ ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​នានា មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​។ ផ្ទុយទៅវិញ​អាជ្ញាធរខេត្ត មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន គឺជា​អ្នក​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​ដដែល​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ប្រភេទ​គ្រញូង ធ្នង់ បេង នាងនួន ស្រឡៅ សុ​ក្រំ ផ្ចឹក នៅតែ​ត្រូវ​ឈ្មូ​ញ​ធំៗ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប និង​រថយន្ត​ទំនើបៗ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ទឹកដី​ស្រុក​មេមត់ ទាំងយប់​ទាំង​ថ្ងៃ​។ ឈ្មួញ​ធំៗ​ដូចជា ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ឧកញ៉ា ឆាយ ជ្រាយ ឧកញ៉ា សឹង សំអុល ជាដើម​នៅតែ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ជាច្រើន​ក្នុងស្រុក​មេមត់ ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ​តែម្តង​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី បន្ត​ទទួលរង​នូវ​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍ ព្រៃ​ដែន​ជម្រក​សត្វ ព្រៃ​អភិរក្ស និង​តំបន់​អភិរក្ស​ជីវចម្រុះ កំពុង​ប្រឈម​នឹង​សេចក្តី​វិនាស​សាបសូន្យ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ មិនដែល​ចា​ត​វិធានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​មេមត់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ចាន់ សូផាត មេ​គយ​ស្រុក​មេមត់ គឺជា​អ្នកទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ​ក្នុងការ​ឃុបឃិត​បើកផ្លូវ​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ជាពិសេស​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនគួរ​បណ្តោយ​ឲ្យ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​កើតមាន​កាន់តែ​ខ្លាំងក្លា​នោះទេ​៕

12241463_990028541056884_3983942420799715181_n 12189120_990028464390225_8803503047151381335_n 11988404_990028517723553_697918601227339447_n