ពលរដ្ឋ​ខេត្តបន្ទាយមានជ័យ រិះគន់ថា​បទបញ្ជា​រប​ស់លោក​ស្នងការ អាត់ ខែម គ្មាន​ប្រសិទ្ធភាព​

ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ លោក អាត់ ខែម ដែលជា​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ជួប​ជាមួយ​កម្លាំង​នគរបាល​តាម​អធិការដ្ឋាន​ក្រុង ស្រុក និង​វរ​ការពារ​ព្រំដែន​ទាំង​៤​អង្គភាព​។ នៅក្នុង​ការចុះ​ជួប​នោះ​លោក អាត់ ខែម បានដាក់​ផែនការ​ណ៍​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​បង្ក្រាប​បទល្មើស​នានា ដើម្បី​ពង្រឹង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​នៅតាម​តំបន់​ព្រំដែន​។ ក៏ប៉ុន្តែ​ពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ ពុំមាន​ជំនឿ​លើ​វិធានការ​របស់លោក អាត់ ខែម ទាល់តែសោះ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បានដាក់​ចេញ​នូវ​វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ជាច្រើនលើក​មកហើយ ប៉ុន្តែ​មិនឃើញ​ចេញ​ជា​លទ្ធផល​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា នៅក្នុង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ បច្ចុប្បន្ន​បទល្មើស​ផ្សេងៗ​ដូចជា គ្រឿងញៀន ល្បែងស៊ីសង និង​អំពើចោរកម្ម​នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​ក្រុម​ក្មេង​ទំនើង​ក៏​បំផ្លាញ​សន្តិសុខ​សង្គម​តាម​អំពើ​ចិត្ត​ដែរ​។ សមត្ថកិច្ច​នគរបាល​ក៏ដូចជា​កងរាជអាវុធហត្ថ​បង្ក្រាប​បទល្មើស​បាន​តិចតួច​បំផុត ក្នុងខណៈដែល​បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​រាលដាល​គ្រប់​ច្រកល្ហក ហើយ​អំពើចោរកម្ម​លួច​ឆក់​ប្លន់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​ឥតឈប់ឈរ​។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា​បទល្មើស​ឆ្លងដែន​នៅតែ​កើតមាន​ដូច​មុន​ដដែល ការនាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ទំនិញ​ខូចគុណភាព និង​ឈើ​ប្រណីត​នៅតែ​កើតមាន​ខ្លាំងក្លា​ជាមុន​ទៅទៀត​។ បទល្មើស​ទាំងនោះ ត្រូវបាន​គេ​ដឹងថា​ជាប់​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​នគរបាល​វរ​ការពារ​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ហើយ​ច្រករបៀង​ខ្លះ ដែល​គ្រប់គ្រង​ដោយ​នគរបាល​ការពារ​ព្រំដែន​បាន​ឃុបឃិត​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម​យ៉ាង​ពេញបន្ទុក​។ អាច​និយាយបានថា បទបញ្ជា​របស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នាពេល​កន្លងមក​ពុំមាន​តម្លៃ​អ្វី​ទាំងអស់ ហើយ​បទបញ្ជា​ថ្មីៗ​នេះ​ក៏​អាច​ក្លាយជា​រឿង​ឥតន័យ​ដែរ​៕

3345លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ