មេ​ប៉ុស្តិ៍​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​

លោក ថា​យ ស៊ុន​អ៊ី មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែគរ ស្រុក​សេសា​ន ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​ឡើងៗ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​សុំ​ឲ្យ​អធិការនគរបាល​ស្រុក​សេ​សាន ដក​លោក ថា​យ ស៊ុន​អ៊ី ចេញពី​តំណែង​មេ​ប៉ុស្តិ៍​ឃុំ​ស្រែគរ ជាបន្ទាន់​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រែគរ ក៏បាន​អំពាវនាវ​ដល់​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ផងដែរ ឲ្យ​ចាត់វិធានការ​ទៅលើ​មន្ត្រី​ខិលខូច​ដូចជា លោក ថា​យ ស៊ុន​អ៊ី តាមច្បាប់​ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះ​ក្រអឺតក្រទម​តទៅទៀត​។

​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ជាង​១០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ផ្តិតមេដៃ​ជាង​២០០​នាក់ បាន​យក​ញត្តិ​ទៅជូន​អធិការនគរបាល​ស្រុក​សេ​សាន លោក អន សំអាត ដើម្បី​ស្នើ​ឲ្យ​ដក​មេ​ប៉ុស្តិ៍​ឃុំ​ស្រែគរ ចេញពី​តំណែង​។ តំណាង​ប្រជាពលរដ្ឋ​ដែល​យក​ញត្តិ​ទៅជូន​អធិការនគរបាល​ស្រុក បាន​សំណូមពរ​ឲ្យ​លោក​អធិការ អន សំអាត ចុះ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​របស់លោក ថា​យ ស៊ុន​អ៊ី មេ​ប៉ុស្តិ៍​ឃុំ​ស្រែគរ ជាបន្ទាន់​។ នៅក្នុង​ញត្តិ​ដែលមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​២១០​នាក់ បានលើកឡើង​ថា​លោក ថា​យ ស៊ុន​អ៊ី បាន​ប្រើ​តួនាទី​ជា​សមត្ថកិច្ច​មូលដ្ឋាន​ទៅ​ទិញ​ឈើ​ឲ្យ​ក្រុមហ៊ុន ហើយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ខុសច្បាប់​ទៀតផង​។

ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង មើលឃើញ​ពី​ទុក្ខលំបាក​របស់​ពួកគាត់​ខ្លះ​ផង ព្រោះ​អំពើអាក្រក់​របស់លោក ថា​យ ស៊ុន​អ៊ី មេ​ប៉ុស្តិ៍​ឃុំ​ស្រែគរ បានធ្វើ​ឲ្យ​ពួកគាត់​រង​ទុក្ខលំបាក​កាន់តែខ្លាំង​។ នៅក្នុង​ញត្តិ​របស់​ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ បាន​ឲ្យ​ដឹងថា​លោក ថា​យ ស៊ុន​អ៊ី បានអនុញ្ញាត​ឲ្យ​ជនល្មើស​ដាក់​អួន​ក្នុង​ទន្លេ​តាម​អំពើ​ចិត្ត ហើយ​គំរាមកំហែង​ឲ្យ​អ្នកភូមិ​ព្រម​ផ្តិតមេដៃ​ទទួល​សំណង​ផលប៉ះពាល់​ពី​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​យ៉ាង​គឃ្លើន​។ បញ្ហា​នេះ​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង និង​ស្នងការ​នគរបាល​ខេត្ត មិនត្រូវ​បណ្តោយ​ឲ្យ​លោក ថា​យ ស៊ុន​អ៊ី មេ​ប៉ុស្តិ៍​ឃុំ​ស្រែគរ ប្រើប្រាស់​តួនាទី​ប្រព្រឹត្ត​អំពើអាក្រក់​យ៉ាង​ក្រអឺតក្រទម​តទៅទៀត​ឡើយ​៕

10934428_1554204381493903_2050914184_nលោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែង 72