ការ​បូម​ខ្សាច់​នៅតែ​ធ្វើ​បើទោះជា​បញ្ហា​បាក់​ដី​នៅ​មាត់​ស្ទឹងសែន​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ក៏ដោយ​

​ប្រជាពលរដ្ឋ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ត្អូញត្អែរថា អាជីវកម្ម​បូម​ខ្សាច់​នៅតាម​ដងស្ទឹង​សែន​ខ្លះ​មានច្បាប់ និង​ខ្លះទៀត​អត់​ច្បាប់ ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី​អាជីវកម្ម​បូម​ខ្សាច់​នេះ បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន​ដូចជា បាក់​មាត់ច្រាំង​ស្ទឹង​នៅ​ត្រើយ​សងខាង​ជាដើម ហើយ​កាលពីពេល​ថ្មីៗ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ នៅ​សង្កាត់​កំពង់​ក្របៅ​ជាប់​ព្រំប្រទល់​នឹង​ឃុំ​ក្ដី​ដូង​ក៏មាន​បាក់​ស្រុតដី ធ្លាក់​ផ្ទះ​ប្រជាពលរដ្ឋ​ចូលទៅក្នុង​ទឹកស្ទឹង​ផងដែរ​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​ព្រួយបារម្ភ និង​ភ័យខ្លាច ខណៈ​អាជ្ញាធរខេត្ត​មិនទាន់មាន​ចំណាត់ការ​អ្វី​នៅឡើយ​។​

​មេការ​អាជីវកម្ម​បូម​ខ្សាច់ នៅ​ភូមិ​អូរ​សំបួរ ឃុំ​ក្ដី​ដូង បាន​បង្ហើប​ដល់​អ្នកសារព័ត៌មាន​ថា​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុម​ខ្លួន​មានច្បាប់ ប៉ុន្តែ​មិន​នៅ​នឹង​ពួកគេ​ទេ​គឺ​នៅ​ថៅកែ​នៅ​ខេត្តកំពង់ចាម​ឯណោះ​។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​អះអាងថា អ្នកសារព័ត៌មាន​បាន​ជួយ​ផ្សាយ​ដើម្បី​នាំ​ដំណឹង​នេះ ជូន​ដល់​លោក​អភិបាលខេត្ត ក៏ដូចជា​ក្រសួង​រ៉ែ និង​ថាមពល ជួយ​អន្តរាគមន៍ និង​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ពី​ផលប៉ះពាល់​ច្រើនលើក​ហើយ ជាពិសេស​ការបាក់​ស្រុត​ដី​មាត់​ស្ទឹង និង​ដី​លំនៅដ្ឋាន​របស់​ពួកគាត់​ដោយសារតែ​អាជីវកម្ម​បូម​ខ្សាច់​នេះ តែ​រហូតមក​ដល់ពេលនេះ​មិន​ដែលមាន​មន្ត្រី​ជំនាញ​ចុះមក​ដោះស្រាយ ឬ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​នោះទេ​។​

សកម្មជន​បរិស្ថាន​នៅ​ខេត្តកំពង់ធំ​បាន​ថ្លែងថា​អាជីវកម្ម​បូម​ខ្សាច់​១​កន្លែង ដែល​ស្ថិតនៅ​ស្ទឹងសែន ក្នុងភូមិ​អូរ​សំបួរ ឃុំ​ក្ដី​ដូង ស្រុក​កំពង់ស្វាយ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​សម្តែង​ការព្រួយបារម្ភ និង​ភ័យខ្លាច​បាក់​ស្រុតដី​លំនៅដ្ឋាន របស់​ពួកគាត់ ដែល​នៅតាម​មាត់​ស្ទឹង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​អាជីវកម្ម​បូម​ខ្សាច់​នៅក្នុង​ស្រុក​កំពង់ស្វាយ គឺ​ខ្លះ​មានច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ និង​ខ្លះទៀត​គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ ហើយ​ទន្ទឹមនឹងនេះ​អ្នកទទួលបាន​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ក៏​មិន​បានធ្វើ​អាជីវកម្ម​តាម​ទីតាំង​ដែល​ច្បាប់​បានកំណត់​ដែរ​។​

​គួរ​កត់សម្គាល់ថា បើទោះជា​កន្លងមក​មាន​មន្ត្រី​នៅ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ធំ បាន​ពន្យល់ថា​អាជីវកម្ម​បូម​ខ្សាច់​គឺធ្វើឡើង​ក្រោយពី​ទទួលបាន​សំណុំបែបបទ​ស្នើសុំ ហើយ​ក្រសួង និង​មន្ទីរ​ចុះទៅពិនិត្យ​ព្រមទាំង​វាយតម្លៃ​ផលប៉ះពាល់​ដល់ទី​កន្លែង​សុំ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​យ៉ាង​ហ្មត់ចត់​ទើប​អនុញ្ញាត​ច្បាប់​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ធំ​បាន​រិះគន់​ចំពោះ​ករណី​អាជីវកម្ម​បូម​ខ្សាច់​នោះ ថា​ជាការ​ឃុបឃិត​គ្នា​រវាង​មន្ទីរជំនាញ និង​អាជ្ញាធរ​ដែនដី ជាមួយ​មេ​ឈ្មួញ​អាជីវកម្ម​បូម​ខ្សាច់ ខុស​គោលការណ៍​ច្បាប់ និង​បច្ចេកទេស​៕

btv-a585 - Copy btv-a585