ការបង្ក្រាប​រថយន្ត​ដឹក​ប្រេងសាំង​គេចពន្ធ​ក្នុង​ខេត្តស្ទឹងត្រែង អាច​ជាប់​ពាក់ព័ន្ធ​រឿង​ផលប្រយោជន៍

កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រុម​គយ​ចល័ត​ខេត្តស្ទឹងត្រែង បានធ្វើ​សកម្មភាព​ឃាត់​រថយន្ត​ដឹក​ប្រេងសាំង​១​គ្រឿង​បន្ទាប់ពី​ដឹងថា ជា​ប្រេងសាំង​គេចពន្ធ​នៅ​ចំណុច​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។ ទាក់ទង​នឹង​បញ្ហា​នេះ​មជ្ឈដ្ឋាន​នានា​សង្ស័យថា ប្រហែល​ក្រុម​គយ​ចល័ត​មិន​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ ទើប​បង្ក្រាប​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​តែម្តង​។ ដោយហេតុថា កន្លងមក​មាន​ឈ្មួញ​មួយចំនួន​បាន​នាំចូល​ប្រេងសាំង​គេចពន្ធ​មក​ចែកចាយ​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តស្ទឹងត្រែង ហើយ​គ្មាន​សមត្ថកិច្ច​គយ​ណា​បង្ក្រាប​ទេ​។

​ប្រភពពី​មន្ត្រីរាជការ​និង​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង​មួយចំនួន បាន​កត់សម្គាល់ថា កន្លងមក​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ​មក​ចែកចាយ​ក្នុង​ក្រុង​ស្ទឹងត្រែង យ៉ាង​រលូន​ដោយ​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង ក៏ដូចជា​គយ​ចល័ត​ក្នុង​ខេត្ត​នេះ​មិនដែល​បើកភ្នែក​មើល​ឡើយ​។ ដូច្នេះ​ការបង្ក្រាប​រថយន្ត​ដឹក​ប្រេងសាំង​គេចពន្ធ​កាលពី​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា គឺ​មកពី​ប្រធាន​សាខាគយ​ខេត្តស្ទឹងត្រែង និង​គយ​ចល័ត​មិនបាន​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ ទើប​ចាត់វិធានការ​បង្ក្រាប​យ៉ាង​ចម្លែក​តែម្តង​។

ប្រភពពី​សមត្ថកិច្ច​គ​យ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ក្រោយពេល​បង្ក្រាប​រួច គឺ​ទាំង​រថយន្ត​ទាំង​ប្រេងសាំង​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​សាខាគយ​និង​រដ្ឋាករ​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង គ្មាន​ជំនឿ​លើ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​គយ​នោះទេ ព្រោះ​បច្ចុប្បន្ន​ភាគច្រើន​នៃ​ប្រេងសាំង​ដែល​ចែកចាយ​តាម​ស្ថានីយ៍ និង​កន្លែង​នានា​ភាគច្រើន​ជា​ប្រេងសាំង​គេចពន្ធ​។ អាច​និយាយបានថា​ប្រសិនបើ​ឈ្មួញ​ផ្តល់​ផលប្រយោជន៍​ខ្លះទៅ​ឲ្យ​ប្រធាន​សាខាគយ​ខេត្តស្ទឹងត្រែង និង​គយ​ចល័ត​ក្នុង​ខេត្ត​នេះ គឺ​ពួកគេ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ជាមិនខាន​៕

CH-00212 CH-00213