កំពង់ផែ​ស្រែអំបិល​ជា​ច្រក​នាំចូល​ទំនិញ​គេ​ពន្ធ​ពី​ប្រទេស​សៀម​របស់​ក្រុមហ៊ុន​ពីរ​ដែលមាន​ឥទ្ធិពល​

បើទោះជា​ថ្មីៗ​នេះ​មន្ត្រី​បម្រើ​ការងារ​នៅ​ស្នាក់ការ​គយ និង​រដ្ឋាករ​ស្រុកស្រែ​អំបិល​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ទំនិញ​ដែល​ចូលមកក្នុង​កំពង់ផែ​ស្រែអំបិល គឺ​សុទ្ធតែ​បាន​បង់ពន្ធ​ទាំងអស់​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ស្រុកស្រែ​អំបិល ខេត្តកោះកុង បានបញ្ជាក់​ថា​នោះ​ជាការ​ភូតកុហក​ប៉ុណ្ណោះ ព្រោះ​សព្វថ្ងៃនេះ​ទំនិញគេចពន្ធ​ពី​ប្រទេស​សៀម​បាន​បន្ត​ហូរ​ចូល​ប្រទេស​កម្ពុជា​តាម​កំពង់ផែ​ស្រែអំបិល​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ ហើយក៏​គ្មាន​ការទប់ស្កាត់​ផងដែរ​។​

តាម​សេចក្តីរាយការណ៍​ពី​ស្រុក​ស្រែអំបិល ខេត្តកោះកុង បាន​បញ្ជាក់ថា កំពង់ផែ​ថ្មី​ស្រែអំបិល​ជា​កំពង់ផែ​ឯកជន​មួយ ហើយ​មិនមាន​នរណាម្នាក់​ចូលទៅក្នុង​កំពង់ផែ​នោះបាន​ឡើយ ក្រៅពី​សមត្ថកិច្ច​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ប្រចាំ​នៅ​ទីនោះ ព្រោះ​មានការ​យាមល្បាត​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​សន្តិសុខ​ដែល​ប្រចាំ​នៅ​ទីនោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ពី​ប្រទេស​សៀម កំពុង​សម្រុក​ដឹក​ចូល​យ៉ាង​គគ្រឹកគគ្រេង​តាម​កំពង់ផែ​ស្រែអំបិល ខណៈ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​តំបន់​នោះ​មិនទាន់មាន​ចំណាត់ការ​អ្វី​ឡើយ​។​

ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​តំបន់​កំពង់ផែ​ស្រែអំបិល​បាន​បង្ហើប​ថា ក្រុមហ៊ុន​ឡុង​ម៉េង និង​ក្រុមហ៊ុន​ឌី​អឹម​អេក គឺជា​ក្រុមហ៊ុន​មាន​ឥទ្ធិ​លអាច​ដឹកទំនិញ​ចេញពី​កំពង់ផែ​ខាងលើ​បាន​យ៉ាង​រលូន​ដោយ​គ្មាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ទំនិញ​ដែល​ដឹក​ឆ្លងកាត់​កំពង់ផែ​មាន​ច្រើន​ប្រភេទ ក្នុងនោះ​ភាគច្រើន​ជា​គ្រឿងសំណង់ និង​គ្រឿង​អេឡិចត្រូនិក ចំណែកឯ​នៅក្នុង​ឯកសារ​ពន្ធ ឬ​ប្រតិវេទ មិនមាន​ឈ្មោះ​ក្រុមហ៊ុន​ទាំង​២​ខាងលើ​ឡើយ ដោយ​គេ​បាន​ប្រើ​ឈ្មោះ​ផ្សេង​មក​ជំនួស​ដែល​បញ្ហា​អាច​បណ្តាលមកពី​ការឃុបឃិត​គ្នា ។​

ករណីនេះ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បានដាក់​ការសង្ស័យថា មានការ​ឃុបឃិត​ពី​ឈ្មួញ​ដឹកទំនិញ និង​សមត្ថកិច្ច​គយ​ហើយ​បានជា​កំពង់ផែ​នេះ​មានការ​លាក់លៀម​យ៉ាងខ្លាំង​រាល់​ទំនិញ​គ្រប់​ប្រភេទ​បែបនេះ​។ ប្រជាពលរដ្ឋ​ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​រិះគន់ថា​មន្ត្រី​រដ្ឋាភិបាល​គួរ​ត្រួតពិនិត្យ​បញ្ហា​ទាំងនេះ​ឡើងវិញ​ដើម្បី​ធ្វើយ៉ាងណា​ធានា​សមធម៌ និង​តម្លាភាព ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ ខណៈ​ឈ្មួញ​ខិលខូច និង​មន្ត្រី​ពុករលួយ​មួយចំនួន​មាន​ជីវភាព​ធូរធារ​ខុស​ប្រក្រតី​ដែល​ខ្លះ​ជិះ​រថយន្ត​មានតម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​៕

1-696x445 - Copy