សាលា​រាជធានី​តុបតែង​លម្អ​ភ្លើង​តាម​ដើមឈើ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​រាត្រី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ភ្លើង​លម្អ​តាម​ដើមឈើ​ចំនួន​២៤​ដើម​ត្រូវ​បាន​ដាក់​បំភ្លឺ​នៅ​សួនច្បារ​វិមាន​ឯករាជ្យ ។

តាម​ផែនការ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​តុបតែង​លំអ​ភ្លើង​តាម​ដើមឈើ តាម​ទីតាំង​ដូច​ជា ដើមឈើ​សួនច្បារ​វិមាន​ឯករាជ្យ​, ​ដើមឈើ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ពី​វត្ត​ភ្នំ ដល់​វិមាន​ឯករាជ្យ​ និង​ដើមឈើ​សួនច្បារ​ច្រាំង​ទន្លេ​ជ្រោយចង្វារ​ត្រើយ​ខាងកើត ចាប់ពី​ស្ពាន​ជ្រោយចង្វារ ដល់​ក្បាលជ្រោយ​ សណ្ឋាគារ​សុខា ៕