លោកហូឡង់៖អនាគតកិច្ចព្រមព្រៀងក្រុងប៉ារីសត្រូវតែមានលក្ខណៈបង្ខិត​បង្ខំតាមផ្លូវច្បាប់

ជាង ២សប្តាហ៍​មុន​នឹង​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​បើក​ធ្វើ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង មាន​ការ​លើក​ឡើង​ខុសៗ​គ្នា​ទាក់ទង​នឹង​អនាគត​កិច្ចព្រមព្រៀង​ដែល​នឹង​ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ក្រោយ​សន្និសីទ។ សម្រាប់​សហរដ្ឋអាមេរិក លោក​ប្រមុខ​ការទូត​ចន ឃ៊ែរី​បាន​អះអាង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត Financial Times នា​ថ្ងៃ​ព្រហស្បតិ៍ ទី១២ វិច្ឆិកា​ថា អនាគត​កិច្ចព្រមព្រៀង​ក្នុង​ក្រុង​ប៉ារីស​ដែល​កំណត់​ពី​កម្មវត្ថុ​កាត់​បន្ថយ​កំដៅ​ក្នុង​ភពផែនដី​នឹង​គ្មាន​លក្ខណៈ​បង្ខិតបង្ខំ​តាម​ផ្លូវ​ច្បាប់​ទេ និង​ថា ករណី​នេះ​ក៏​ធ្លាប់​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​ក្រុង​ក្យូតូ​ឆ្នំា ១៩៩៧ ដែរ។ បារំាង​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយ​មិន​សប្បាយចិត្ត​នឹង​សម្តី​របស់​លោក​ឃ៊ែរី​ទេ។