ដួង វីរះសិទ្ធ សុំ​ទោស​អ្នក​គាំទ្រ​រឿង​ច្រៀង​ប្រណាំង ព្រាប សុវត្ថិ


លោក ដួង វីរះសិទ្ធ បានរងការរិះគន់យ៉ាងចាស់ដៃ នៅលើតាមបណ្តាញសង្គមថា លោកច្រៀង​អត់​ចេះប្រមាណ​ខ្លួន ស្រែក​មិន​កើត ក្រោយ​ពី​លោក​បាន​បក​ស្រាយ​ចម្រៀង​មួយបទ «She’s gone» ឬ «Lady» នៅកម្មវីធីប្រគុំតន្រ្តី របស់ទូរទស្សន៍បាយ័ន។
ដួង វីរះសិទ្ធ សុំ​ទោស​អ្នក​គាំទ្រ​រឿង​ច្រៀង​ប្រណាំង ព្រាប សុវត្ថិ

ពិធីបញ្ចុះសព ដែលលោក ដួង វីរៈសិទ្ធ (ខាងស្ដាំ) បង្ហោះនៅលើហ្វេសប៊ុក។ (រូបថតហ្វេសប៊ុក)

នៅចំពោះការរិះគន់ដ៏ច្រើននោះ លោក ដួង វីរះសិទ្ធ បានសរសេរសារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ដើម្បីធ្វើការសុំទោស ដល់អ្នកគាំទ្ររបស់ខ្លួន នៅលើគណនីហ្វេសប៊ុករបស់លោក សំរាប់​ការ​ដែល​លោក​មានបញ្ហា នៅក្នុងពេល ច្រៀងផ្ទាល់បទ «She's gone» ដែលជាបទ ចម្រៀងល្បីថាស្រែកខ្លាំង និង​មាន​តែ​តារាចម្រៀងសម្លេងខ្លាំង ដូចលោក ព្រាប សុវត្ថិ ប៉ុណ្ណោះ ដែលហ៊ានយកបទនេះមកបកស្រាយ។

លោក ដួង វីរះសិទ្ធ ជាតារាចម្រៀង ដែលមានសម្លេងស្រទន់ពិរោះ របស់ផលិតកម្ម «Phleng Record» បាន​បង្ហាញសារតាមសំណេរថា នៅពេលដែលតារាចម្រៀងវ័យក្មេង ឡើងច្រៀងនៅនឹងទូរទស្សន៍បាយ័ន្ដនោះ លោក​មានទុក្ខនៅជាប់ខ្លួន ដែលធ្វើឲ្យលោកស្រែកច្រៀងខ្លាំង មិនកើត។

» ការសម្ដែងរបស់លោក វីរៈសិទ្ធិ នៅក្នុងទូរទស្សន៍បាយ័ន្ដ៖


លោកបានសរសេរថា៖ «សំរាប់ការដែលខ្ញុំបាទមានបញ្ហា នៅក្នុងពេលច្រៀងផ្ទាល់បទ She's gone តាម TV បាយ័ននោះមក ពីខ្ញុំមានទុក្ខដ៍ធំធេង សំរាប់ការបាត់បង់ជីដូនជាទីគោរព នឹងស្រលាញ់របស់ខ្ញុំ ស្របពេល​ដែល​ខ្ញុំឡើងឆាក។»

តារាចម្រៀងទើបនឹងរះ បាននិយាយទៀតថា លោកគ្មានបំណងយកខ្លួន ទៅប្រៀបធៀបសមត្ថភាព ជាមួយ​កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ នោះឡើយ។ លោក ដួង វីរៈសិទ្ធ បានសរសេរបន្តថា៖ «ចំពោះបទ she's gone ដែលខ្ញុំបាទច្រៀងនោះ ខ្ញុំបាទគ្មានបំណង ប្រៀបធៀបសមត្ថភាព ជាមួយរៀមច្បង ព្រាប សុវត្តិ ដែលជាកំពូលតារាចំរៀង ក្នុងដួងចិត្តខ្ញុំនិងបងប្អូនទាំងអស់គ្នានោះទេ»។

លោក ដួង វីរៈសិទ្ធិ បានឲ្យដឹងបន្តថា៖ «ស្របតាមពេលវេលា ដែលអ្នកគាំទ្រតែងងតែចង់អោយតារាចំរៀង ដែលខ្លួនគាំទ្រច្រៀងបទ ដែលមានលក្ខណ:ប្រើសម្លេងខ្លាំង ហើយខ្ពស់នោះ ទើបខ្ញុំបានប្រឹងប្រែង លើក​បទ​មួយនេះមកច្រៀង ដើម្បីតបស្នងទៅនឹងអ្នកគាំទ្រ ដែលពេលនោះម្ចាស់កម្មវិធីតំរូវភ្លាមៗ។»

សូមជម្រាបដែរថា ចម្រៀង «Lady» ឬ​ «She's gone» ជាចម្រៀងដើមរបស់ក្រុមចម្រៀង «Steelheart» របស់​អាមេរិក ដែលមានសម្លេង បែប«Heavy metal»។ បទនេះ ចេញនៅក្នុងថាសចម្រៀង នៅ​ដើម​ទសវត្សន៍​ឆ្នាំ​៩០។ ចម្រៀង«Lady»នេះ ត្រូវបានលោក ព្រាប សុវត្ថិ យកមកច្រៀងឡើងវិញ នៅក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ នៃ​កម្មវិធី​ប្រលងចម្រៀង «Cambodian Idol» របស់ទូទស្សន៍ហងមាស កាលពីពេលថ្មីៗ​នេះ។ ការ​ស្រែក​ច្រៀង របស់​កំពូល​តារាចម្រៀង នៅប្រទេសកម្ពុជារូបនេះ បានទាក់ទាញឲ្យមានការទះដៃ និង​ការ​ហ៊ោរ​​កញ្ច្រៀវ​ពេញ​ទាំង​កម្មវិធី៕


» ចម្រៀងដើម នៃ «Lady» ឬ​ «She's gone» របស់ក្រុមចម្រៀង «Steelheart»៖


» ចម្រៀងច្រៀងឡើងវិញ ដោយលោក ព្រាប សុវត្ថិ (នៅនាទីទី២១ និង២០វិនាទី)៖