៤​ថ្ងៃ​នគរបាល​៥​រាជធានី​ខេត្ត បំបែកសំណុំរឿង​ចោរលួច​ឡាន ចាប់​៦​នាក់​និង​ដកហូត​រថយន្ត​៧​គ្រឿង​

កណ្តាល: ​រយៈពេល ៤ ថ្ងៃ សមត្ថកិច្ច​នគរបាល​ចំនួន ៥ រាជធានី ខេត្ត​បាន​បើក​ប្រតិបត្តិការ​បំបែក​ករណី​ចោរលួច​រថយន្ត​ចាប់បាន​មុខសញ្ញា ៦ នាក់ និង​បក្ខពួក ៣ នាក់​ទៀត​កំពុង​រត់គេចខ្លួន និង​រឹបអូស​រថយន្ត​បាន ៧ គ្រឿង ដោយមាន​កិច្ចសហការ និង​ជួយ​ជ្រោមជ្រែង ក្នុងការ​បំបែក​ករណីនេះ​។​

​មន្ត្រីនគរបាល​ខេត្តកណ្តាល ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ស្តីពី កិច្ចសហប្រតិបត្តិការ​សមត្ថកិច្ច​ចម្រុះ​ខេត្តកណ្តាល ខេត្តតាកែវ ខេត្តក្រចេះ កំពង់ចាម និង រាជធានី​ភ្នំពេញ ដើម្បី​បំបែក​ករណី អំពើ​លួច​រថយន្ត ដែល​ផ្តើមចេញពី​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ឃុន ម៉ាប់ អាយុ​៣៩​ឆ្នាំ បាន​បាត់​រថយន្ត​ម៉ាក Camry 1999 ពណ៌​ខ្មៅ កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៥ វេលា​ម៉ោង ៣​និង​៤​នាទី នៅ​ចំណុច​ផ្សារ PC ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ឆ្លងតាម​ប្រព័ន្ធ GPS ដែលមាន​បំពាក់​លើ​រថយន្ត​ដែល​បាត់ Camry (​ឆ្លាម​) ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ 2I-1813 សេរី​ឆ្នាំ​១៩៩៩ បន្ទាប់មក​ឃើញ​បាត់ដាន​នៅ​ភូមិ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។
​ឆ្លងតាម​ការស្រាវជ្រាវ​យើង​មាន​អត្តសញ្ញាណ​ក៏​ចេញទៅ​សហការ​នៅ​តាកែវ​ចាប់បាន​ជនល្មើស​២​នាក់​ហើយ​បន្ត​ចម្លើយ​យើង​មក​ចាប់​នៅ​ក្រុង​តាខ្មៅ​បាន​ថែម​២​នាក់​ទៀត​។
​ក្នុងចំណោម ៤ នាក់ មាន​ម្នា​ក់បាន​ឆ្លើយ​បញ្ជាក់ប្រាប់​សមត្ថកិច្ច​យើង​ពី​ទីតាំង​ដែល​ទទួល​ទិញ​រថយន្ត​ចោរ​នៅ​ស្រុក​ស្នូល​ខេត្តក្រចេះ​។ ដោយបាន​ការចង្អុល​ដឹង​នាំ​ដោយផ្ទាល់​ពី​សំណាក់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ដឹកនាំ​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​ខេត្តកណ្តាល​ខេត្តក្រចេះ ខេត្តកំពង់ចាម ស្នងការដ្ឋាន​បាន​ពន្លាត​ដែន​សមត្ថកិច្ច បើក​ប្រតិបត្តិការ​តាម​ចាប់​មុខសញ្ញា និង​ស្វែងរក​វត្ថុតាង​រថយន្ត​ដែល​ក្រុម​ចោរលួច​យកទៅលក់​។
​បាន​កិច្ចសហការ​យ៉ាងសកម្ម​ពី​លោកស្នងការ​ក្រចេះ កំពង់ចាម តាកែវ យើង​ទទួលបាន​លទ្ធផល​ដូចខាងក្រោម :
​ជនល្មើស​សរុប​មាន ៩ នាក់ ក្នុងនោះ​ឃាត់ខ្លួន ៦​នាក់ (​ប្រុស​៤​នាក់​) គឺ​ឃាត់​នៅ​ខេត្តកណ្ដាល ២ នាក់ ឃាត់​នៅ​ខេត្តតាកែវ ២ នាក់​ឃាត់​នៅ​ខេត្តក្រចេះ ២ នាក់ និង​បក្ខពួក​កំពុង​រត់គេចខ្លួន ៣ នាក់ ខណៈពេលដែល​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​។​

​ជនសង្ស័យ​ទាំង​៦​នាក់​នោះ គឺ​១.​ឈ្មោះ មាស ចន្ថា ហៅ​ខ្នុ​យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ក្រាំង​វិច ឃុំ​ក្តា​ញ់ ស្រុក​ព្រៃក្បាស ខេត្តតាកែវ ស្នាក់នៅ​ជាមួយ​ប្រពន្ធ នៅ​ចំណុចកើតហេតុ​ខាងលើ មុខរបរ​មិន​ពិតប្រាកដ (​ជំនាញ​គាស់​កំបូល​ម៉ាស៊ីន​​រថយន្ត​ដើម្បី​កាត់​ខ្សែ​តេ​លេ និង​គាស់​ទ្វារ​-​រថយន្ត ឃាត់​ខ្លូន​នៅ​ខេត្ត​តាកែ​។ ២.​ឈ្មោះ សេង វណ្ណៈ ហៅ​ឌី​ជេ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ព្រែ​កឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ជា​អ្នកបើករថយន្ត​ពីក្រោយ​បិទគូទ និង​រក​ទីផ្សារ ឃាត់ខ្លួន​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ៣.​ឈ្មោះ​អ៊ុន អ៊ី​យូ​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​អូរ​ឬ​ស្សី​១ ឃុំ​អូរឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ជា​អ្នក​ដឹងឮ និង​ជួយ​ចាត់ចែង​ទទួល​ទិញ​រថយន្ត​ដែល​លួចបាន ឃាត់ខ្លួន​នៅ​ខេត្តក្រចេះ​។ ៤.​ឈ្មោះ គា សុ​មិញ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ចំណុចកើតហេតុ​ខាងលើ ជា​ប្រពន្ធ​ជនល្មើស ឈ្មោះ មាស ចន្ថា ឃាត់ខ្លួន​នៅ​ក្រុង​តាខ្មៅ​។​ ៥.​ឈ្មោះ ប្រាក់ សារុន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​សៃ​វ៉ា ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ មុខរបរ​លក់ដូរ ជា​ប្រពន្ធ​ជនល្មើស​ឈ្មោះ ហឿង នី ឃាត់ខ្លួន​នៅ​ខេត្តតាកែវ និង​៦.​ឈ្មោះ អោក វ៉ាន់ឌី ហៅ ស្កា​យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​សង្កាត់ ក្រុង​ក្រចេះ ខេត្តក្រចេះ មុខរបរ​លក់ដូរ ជា​អ្នកទិញ​រថយន្ត​ពី​ជនល្មើស ហៅ ឌី​ន ឃាត់ខ្លួន​នៅ​ខេត្តក្រចេះ​។​

​នគរបាល​បាន​ឲ្យ​បន្តថា វត្ថុតាង​ដែល​បាត់បង់​រថយន្ត ១ គ្រឿង​ម៉ាក Camary (​ឆ្លាម​) ពណ៌​ខ្មៅ ផ្លាកលេខ 2I-1813 សេរី​ឆ្នាំ​1999 លេខ​តួ 4J1BG22K7W383 លេខ​ម៉ាស៊ីន 5S6644134​។ វត្ថុតាង​ចាប់យក​រថយន្ត ៦ គ្រឿង ចាប់យក​នៅ​ខេត្តក្រចេះ និង​ផ្លាកលេខ ភ្នំពេញ 2O-3700 ១​គូរ និង​កំពុង​តាម​យក ១ គ្រឿង​ទៀត​នៅ​ខេត្តកំពង់ចាម​។ សរុប ៧ គ្រឿង​។​

​នគរបាល​បាន​ប្រាប់​អំពី​សភា​ពនៃ​រឿងហេតុ​នេះ​ថា នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​បាត់​រថយន្ត​របស់ខ្លួន នៅ​ទីកន្លែង​កើតហេតុ​ខាងលើ​។ ដោយ​រថយន្ត​មាន​ដាក់​ប្រព័ន្ធ​តាមដាន GPS បានឃើញ​បាត់ដាន​នៅ​ចំណុច ជិត​ហាង​ខារ៉ាអូខេ​ត្រជាក់ចិត្ត​ថ្មី ស្ថិតនៅ​ក្នុងភូមិ​-​សង្កាត់ កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល វេលា​ម៉ោង ៤​និង​៤៨​នាទី បន្ទាប់​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង នៅ​សង្កាត់​កំពង់​សំណាញ់ ដើម្បី​ជួយ​ស្វែងរក​រថយន្ត​របស់ខ្លួន (​មូលហេតុ ៖ នៅ​ចំណុចកើតហេតុ​មិនមាន​អ្នក​ស្វះស្វែង​រថយន្ត​ឲ្យ​ខ្លួន​ទេ ដោយ​និយាយថា ចាំ​ពេល​ខាង​ក្រុង​តាខ្មៅ​រកឃើញ​ចាំ​ជួយ​ទៅយក​ឲ្យ​)​។ ក្រោយពី​បានទទួល​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​ក្រុង​តាខ្មៅ សហការ​ជាមួយ​ប៉ុស្តិ៍​កំពង់​សំណាញ់ បាន​បើក​ការស៊ើបអង្កេត ក្រោម​ការចង្អុលបង្ហាញ​របស់លោក​ស្នង​ការន​គ​របាល​ខេត្តកណ្តាល និង​ដឹកនាំ​ជំនាញ​ដោយ​លោក​ស្នងការរង​ទទួល​កណ្តាល​ព្រហ្មទណ្ឌ ដែលមាន​ការសម្របសម្រួល​ដោយ​លោក​ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល បាន​បញ្ជា​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ឲ្យ​បើក​ការស៊ើបអង្កេត ក្នុងករណី​ខាងលើដោយមានការសហការ​ជាមួយនិង​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ចាម និង​រាជធានី​ភ្នំពេញ ឈានទៅ​ចាប់បាន​ជនល្មើស និង​រថយន្ត​ដូចខាងលើ ភ្ជាប់​ជាមួយ​បញ្ជីសារពើភ័ណ្ឌ ដែល​ដកហូត​បាន​នៅ​ខេត្តក្រចេះ មុខសញ្ញា​និង​រថយន្ត នគរបាល​ខេត្តកណ្តាល និង​ចាត់ការ​តាម​នីតិវិធី​៕​

៤​ថ្ងៃ​នគរបាល​៥​រាជធានី​ខេត្ត បំបែកសំណុំរឿង​ចោរលួច​ឡាន ចាប់​៦​នាក់​និង​ដកហូត​រថយន្ត​៧​គ្រឿង​

៤​ថ្ងៃ​នគរបាល​៥​រាជធានី​ខេត្ត បំបែកសំណុំរឿង​ចោរលួច​ឡាន ចាប់​៦​នាក់​និង​ដកហូត​រថយន្ត​៧​គ្រឿង​

៤​ថ្ងៃ​នគរបាល​៥​រាជធានី​ខេត្ត បំបែកសំណុំរឿង​ចោរលួច​ឡាន ចាប់​៦​នាក់​និង​ដកហូត​រថយន្ត​៧​គ្រឿង​