ឃាត់ខ្លួន​យុវជន​៥​នាក់មាន​​ដាវ​សា​ម៉ូ​រ៉ៃ​២​ដើមជាប់​ខ្លួននៅ​កោះ​ពេជ្រ

រាជធានី​ភ្នំពេញ ៖ យុវជន​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ធ្វើការ​ឃាត់ខ្លួន ខណៈ​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ​២​ដើម​ជាប់​ខ្លួន​នៅ​កោះ​ពេជ្រ​នោះ ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​យុវជន​ទាំង​៥​នាក់​នោះ​មាន ១-​ឈ្មោះ សុត សំណាង អាយុ​១៥​ឆ្នាំ​, ២-​ឈ្មោះ ម៉​ន ពិសិដ្ឋ អាយុ​១៩​ឆ្នាំ​, ៣-​ឈ្មោះ ថុ​ង ព្រះអាទិត្យ អាយុ​១៦​ឆ្នាំ​, ៤-​ឈ្មោះ ធឿ​ន វី​រៈ អាយុ​១៣​ឆ្នាំ និង ៥-​ឈ្មោះ ស៊ឹ​ម ឆាត អាយុ​១៥​ឆ្នាំ ពួក​គេ​ទាំងអស់​គ្នា​មាន​ទីលំនៅ​ម្តុំ​វត្តថា​ន់ ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ពួក​គេ​ទាំង​៥​នាក់​បាន​ជិះ​ម៉ូតូ​២​គ្រឿង ១​គ្រឿង​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BE-២១៨៧ និង​១​គ្រឿង​ទៀត​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១I-០៣២០ នៅ​ក្នុង​កោះ​ពេជ្រ ។ ប្រភព​ដដែល​ក៏​បាន​បន្ត​ទៀត​ថា ដោយ​មានការ​សង្ស័យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ដែល​កំពុង​តែ​ធ្វើការ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​នោះ​ក៏​បាន​ហៅ​អោយ​ឈប់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។ ពេល​នោះ​កម្លាំង​នគរបាល​ល្បាត​ក៏​បាន​ប្រទះ​ឃើញ​មាន​ដាវ​សា​ម៉ូ​រ៉ៃ​២​ដើម​លាក់​ទុក​នៅ​ក្នុង​កាបូបស្ពាយ និង​មួយ​ដើម​ទៀត​ប្រទះ​ឃើញ​លាក់​ទុក​នៅ​ខាងក្រោម​កែបម៉ូតូ ហើយ​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពី​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ក្រុម​យុវជន​ទាំង​៥​នាក់​រួម​ទាំង​ដកហូត​បាន​ដាវ​សា​ម៉ូ​រ៉ៃ​២​ដើម​រួច​ហើយ ពួក​គេ​ក៏​ត្រូវ​បាន​បញ្ជូន​មក​កាន់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​ជា​បន្ត​ទៅ​ទៀត ៕