លោក​អូបាម៉ា​សាទរលទ្ធផល​នៃ​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត​របស់​មីយ៉ាន់ម៉ា

លោក​អូបាម៉ា​សាទរលទ្ធផល​នៃ​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត​របស់​មីយ៉ាន់ម៉ា

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា​ ចាប់​ដៃ​ជាមួយ​លោកស្រី​ អង់ សានស៊ូជី មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​គេហដ្ឋាន​របស់​លោកស្រី​នៅ​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា​ បាន​ស្វាគមន៍​លោកស្រី អង់ សានស៊ូជី មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ចំពោះ​ជោគជ័យ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក​ស្រី ​ដែល​បង្ហាញ​នូវ​ការ​នាំ​មុខ​ឆ្ពោះ​ទៅ​កាន់​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​ប្រទេស​នោះ។

​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ប្រធានាធិបតី ​អូបាម៉ា ​បាន​ទូរស័ព្ទ​ទៅ​ជ័យលាភី​ណូបែល​សន្តិភាព​ដើម្បី​សរសើរ​លោកស្រី​ចំពោះ​ការ​ខំ​ប្រឹងប្រែង​មិន​ចេះ​នឿយ​ហត់​ ហើយ​និង​ការ​លះបង់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​របស់​លោក​ស្រី​ដើម្បី​លើក​ស្ទួយ​ប្រទេសមីយ៉ាន់ម៉ា​ឲ្យ​មាន​ការ​ចូលរួម​ពី​គណបក្សនយោបាយ​ទាំងអស់​ប្រកប​ដោយសន្តិភាព​និង​លទ្ធិប្រ​ជាធិបតេយ្យ។ ​សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «លោក​ប្រធានាធិបតី​ អូបាម៉ា ​បាន​កត់​សម្គាល់​ថា ​ការ​បោះឆ្នោត ​និង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​អាច​ជា​ជំ​ហាន​ដ៏​មាន​សារៈ​សំខាន់​ឆ្ពោះ​ទៅ​កាន់​អន្តរកាល​តាមបែប​លទ្ធិ​ប្រជាធិបតេយ្យ​របស់​មីយ៉ាន់ម៉ា ​ហើយ​និង​ការ​ខំ​ប្រឹងប្រែង​ដើម្បីធ្វើ​ឲ្យ​មាន​ថ្ងៃ​អនាគត​មួយ​ប្រកប​ដោយ​សន្តិភាព​ និង​ភាព​រុងរឿង‍»។

​លោក​ប្រធានាធិបតី បារ៉ាក់ ​អូបាម៉ា ​ក៏​បាន​ទូរស័ព្ទ​ទៅ​លោក​ប្រធានាធិបតី​មីយ៉ាន់ម៉ា​ ថេន សេន ​ដើម្បី​ស្វាគមន៍​លោក​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត​នៅ​ថ្ងៃ​ទី​៨ ​ខែ​វិច្ឆិកា​នេះ។ ​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​បាន​ប្រាប់ឲ្យ​ដឹង​ថា មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​គ្នា​ពី​សារៈសំខាន់​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​ការ​គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត​ផ្លូវការ​នៅពេលប្រកាស ​ហើយ​និង​ធ្វើ​ការ​ជាមួយ​គ្នា​ប្រកប​ដោយ​ស្មារតី​សាមគ្គីភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​រួម​មាន​គណបក្ស​នយោបាយ​ទាំងអស់ ​រដ្ឋាភិបាល​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

ដោយ​លទ្ធផល​បោះឆ្នោត​ពី​ដំបូងៗ ​បន្ត​ចាប់​ផ្តើម ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី អង់ សានស៊ូជី ​បង្ហាញ​នូវ​ការ​នាំ​មុខ​ទៅ​កាន់​ការ​ទទួល​ជ័យជម្នះ​ដ៏​លើសលុប​លើ​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​សហភាព​សាមគ្គីភាព​និង​ការ​អភិវឌ្ឍ​ដែល​គាំទ្រ​ដោយ​ក្រុម​យោធា។

លទ្ធផល​នៅ​ពេល​ថ្មីៗ​បំផុត​នេះ​ពី​គណៈកម្មការ​សហភាព​រៀបចំ​ការ​បោះឆ្នោត​បង្ហាញ​ថា គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ​បាន​អះអាង​ថា​ ខ្លួន​ទទួល​បាន​អាសនៈ​១៩៦​នៃ​អាសនៈ​ទាំងអស់​២៤៣ ​ឬ​ជាង​៨០​ភាគរយ​នៃ​លទ្ធផល​បោះឆ្នោត​ដែល​បាន​ប្រកាស​រហូត​មក​ទល់​ពេល​នេះ​សម្រាប់​សភា​ជាន់​ទាប។ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បីលទ្ធិ​ប្រជា​ធិបតេយ្យ​ក៏​បាន​នាំ​មុខ​យ៉ាង​ខ្លាំងនៅ​ក្នុង​សភា​ជាន់​ខ្ពស់ ​ដោយទទួល​បាន​អាសនៈ​៩៥​នៃ​អាសនៈ​ទាំងអស់​១១៦ដែលបាន​ប្រកាស​រហូត​មក​ទល់​ពេល​នេះ៕