នាយ ធ្នុង រៀបរាប់​ជីវិត​ត្រួសៗ​មុន និង​ក្រោយ​ចូល​សិល្បៈ

នាយ ធ្នុង រៀបរាប់​ជីវិត​ត្រួសៗ​មុន និង​ក្រោយ​ចូល​សិល្បៈ

“កាលពី​មុន​ជីវភាព​ខ្ញុំ​មាន​ភាព​លំបាក​ខ្លាំង​ណាស់។ ដោយ​ខ្ញុំ​ពី​មុន​គឺ​មាន​ជីវភាព​ក្រ​ទាល់តែ​មែនទែន​រហូត​ដល់​ថ្នាក់​ស៊ី​ឈ្នួល​រែក​ដី​ឲ្យ​គេ​ថែម​ទៀត​ផង។” នាយ ធ្នុង រៀបរាប់​ប្រាប់ Sabay។

 

នាយ ធ្នុង រៀបរាប់​ជីវិត​ត្រួសៗ​មុន និង​ក្រោយ​ចូល​សិល្បៈ

 

តារា​ពូកែ​សម្ដី​ខាងលើ​បាន​បន្ត​ទៀត​ថា ​ពេល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នេះ​ធ្វើឲ្យ​ជីវភាព​គ្រួសារ​របស់​លោក​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង តាំង​ពី​គ្មាន​អ្នក​ណា​ស្គាល់ ​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក រហូត​ដល់​មាន​ការ​រស់នៅ​សមរម្យ​មួយ ហើយ​ថ្មី​ៗ​នេះ​លោក​ក៏​ទទួល​បាន​ការ​ហៅ​ថត​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់​ផង​ដែរ។

 

បុរស​កូន​បួន​រូប​នេះ​បាន​បន្ត​ទៀត​ថា “កាលពី​មុន​ខ្ញុំ​ធ្លាប់​ស៊ីឈ្នួល​រែក​ដី​ឲ្យ​គេ ស៊ី​ឈ្នួល​ស្ទូង ធ្វើ​សំណង់ ជួញ​ជ្រូក ជួញ​មាន់ និង​អាជីព​ជាច្រើន​ទៀត រហូត​តស៊ូ​ស្រវេស្រវា​ដើម្បី​អាច​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​មួយ និង​បាន​ជាប់​ក្លាយ​ជា​តារា​សម្ដែង និង​កំប្លែង​ដូច​សព្វថ្ងៃ។”

 

ចំពោះ​ការងារ​ដែល​ធ្វើឲ្យ​តារា​កំប្លែង​នេះ​ត្អូញត្អែរ​ថា​ពិបាក​ខ្លាំង​នោះ​គឺ ការ​ច្រៀង​តាម​ភ្លៀង​ខ្មែរ ព្រោះ​ពេល​ត្រូវ​ចេញ​ទៅ​ច្រៀង​តាម​ខេត្ត​ឆ្ងាយ​ៗ​ត្រូវ​ជិះ​ម៉ូតូ​ឌុប ដោយ​ពេល​ខ្លះ​សឹង​តែ​រក​សម្រាប់​ឲ្យ​តែ​ថ្លៃ​ដឹកជញ្ជូន​នេះ គ្មាន​សល់​ក្នុង​ខ្លួន។ នាយ ធ្នុង បន្ថែម។

 

នាយ ធ្នុង រៀបរាប់​ជីវិត​ត្រួសៗ​មុន និង​ក្រោយ​ចូល​សិល្បៈ

 

ពេល​រលឹក​ដល់​អតីតកាល​មួយ​ដែល​ធ្វើឲ្យ ធ្នុង សឹងតែ​ស្រក់​ទឹកភ្នែក​នោះ​ គឺ​រកតែ​លុយ​ពីរ​រយ​រៀល​ទិញ​ប៊ីចេង​មក​ស្ល​ក៏​គ្មាន​លុយ​ដែរ។ “ខ្ញុំ​ចាំ​បាន​ពេល​មួយ​នោះ គ្រួសារ​ពួក​ខ្ញុំ​ពិតជា​អត់​មាន​លុយ​ទាល់តែ​សោះ ស្រប​ពេល​ដែល​អស់​គ្រឿង​ទេស​សម្រាប់​ស្ល​ហូប​អស់ តែ​ពីរ​រយ​លុយ​ខ្មែរ​នឹង​ក៏​គ្មាន​ទិញ​ដែរ។ តែ​ពេល​នេះ​ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​សិល្បៈ​ដូចនេះ​ជីវិត​មាន​ភាព​ប្រែប្រួល​ច្រើន​ដែរ មាន​កន្លែង​គេង​ស្រួល ស្គាល់​គេ​ឯង​ច្រើន និង​អាច​មាន​លទ្ធភាព​ប្រើប្រាស់​សម្ភារៈ​ល្អ​ៗ​ដូច​គេ។”

 

នាយ ធ្នុង មាន​បង្អូន ៥ នាក់ ហើយ​លោក​ក៏​មាន​ប្រពន្ធ​នឹង​កូន ៤ នាក់​ដែរ។

 

អត្ថបទ៖ទ្រី រ៉ាវី