ពលករ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ដែល​រស់នៅ​​​ថៃ​មាន​សុទិដ្ឋិនិយម​​ដោយ​ប្រុងប្រយ័ត្ន​បន្ទាប់​ពី​ការ​បោះឆ្នោត

ពលករ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ដែល​រស់នៅ​​​ថៃ​មាន​សុទិដ្ឋិនិយម​​ដោយ​ប្រុងប្រយ័ត្ន​បន្ទាប់​ពី​ការ​បោះឆ្នោត

លោកស្រី ​អង់សាន ​ស៊ូជី​ (Aung San Suu Kyi) មេដឹកនាំ​បក្ស​ប្រឆាំង​ចាកចេញ​ពី​ទីស្នាក់ការ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ឬ​ហៅ​កាត់​ថា NLD បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​ទៅ​ក្រុម​មនុស្ស​មួយ​ក្រុម​ និង​សារព័ត៌មាន​នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥។ បាងកក—

ពលករ​ចំណាក​ស្រុក​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ឬ​ភូមា​ដែល​នៅ​ក្នុង​ប្រទេស​ថៃ​ កំពុង​តាម​ដាន​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ​របស់​ប្រទេស​មីយ៉ាន់ម៉ា​យ៉ាង​ដិតដល់​ បន្ទាប់​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ឬ​ហៅ​កាត់​ថា NLD មាន​សន្ទុះ​យ៉ាង​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​នា​ចុង​សប្ដាហ៍​នេះ។ ប៉ុន្តែ​ ​តំណាង​សហគមន៍សំខាន់ៗ​ថា​ កម្មករ​ចំណាក​ស្រុកជា​ច្រើន​មាន​សុទិដ្ឋិនិយមដោយ​ប្រុងប្រយ័ត្ន​ថា រដ្ឋាភិបាល​ថ្មី​នឹង​អាច​ផ្ដល់​នូវ​ការ​គាំទ្រ​ ដែល​ពួកគេ​ត្រូវ​ការ​ ដើម្បី​ឱ្យជីវិត​របស់​ពួកគេ​ប្រសើរ​ឡើង។

មាន​តែ​មនុស្ស​មួយ​ភាគ​តូច​ប៉ុណ្ណោះ​នៃ​ចំនួន​ពលករ​ចំណាក​ស្រុក ​និង​ជនភៀស​ខ្លួន​មីយ៉ាន់ម៉ា​ជាង​ពីរ​លាន​នាក់ដែល​រស់​នៅ​ក្នុង​ប្រទេស​ថៃ​មាន​សិទ្ធ​បោះឆ្នោតនៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​របស់​ប្រទេស​មីយ៉ាន់ម៉ា។

ប៉ុន្តែ​សម្រាប់​មនុស្ស​ភាគ​ច្រើន​ សេចក្ដី​សង្ឃឹម​របស់​ពួកគេ​ស្ថិត​នៅ​លើ​ការ​ផ្លាស់ប្ដូរ ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ឬ​ហៅ​កាត់​ថា NLD ដែល​មេដឹកនាំ​គណបក្សប្រឆាំង​នេះ​ គឺ​លោកស្រី ​អង់សាន ​ស៊ូជី​ (Aung San Suu Kyi) បាន​នាំមុខក្នុង​ការ​រាប់​សន្លឹក​ឆ្នោត។

លោក Min Oo អ្នក​សម្រប​សម្រួលមូលនិធិ​សម្រាប់​ការ​អប់រំ ​និង​អភិវឌ្ឍន៍​នៅ​ខេត្ត Phang Na ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ដែល​ជួយ​ពលករ​ចំណាក​ស្រុក​នៅ​ក្នុង​វិស័យ​កសិកម្ម ​និង​នេសាទ​បាន​ឱ្យ​ដឹង​ថា​ មាន​មនុស្ស​ជាច្រើន​កំពុង​សម្លឹង​មើល​រួច​ហើយ​លើ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ។

«ឥឡូវ​នេះ​ពួក​គេ​មាន​អារម្មណ៍​ថា​ ពួកគេ​បាន​អ្វី​ដែល​ពួកខ្លួន​ចង់​បាន​ គឺ​ដើម្បី​ទទួល​បាន​រដ្ឋាភិបាល​ថ្មី​មួយ។ ពួកគេចង់​ឱ្យ​គណបក្ស NLD ​ឈ្នះ។ ​ប៉ុន្តែ​សម្រាប់​កម្មករ​វិញ​ ពួកគេ​ចង់​ដឹងពី​ផែនការ​នា​ពេល​អនាគត​របស់​រដ្ឋាភិបាល​ថ្មីនេះ។ តើ​អ្វី​ដែល​រដ្ឋាភិបាល​ថ្មី​នឹង​ធ្វើ​សម្រាប់​ពួកគេ? ​ហើយ​នេះ​គឺ​ជា​បញ្ហាដែល​ពួក​គេ​ត្រូវ​តែ​គិត»។

ប្រទេស​ថៃ​បាន​ក្លាយ​ជា​ជម្រក​សុវត្ថិភាពសម្រាប់​ជន​ភៀសខ្លួន ​ដែល​ភៀស​ខ្លួន​ចេញពីទំនាស់ពូជសាសន៍​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែរ។ នៅ​ក្នុងក្រុង Mae Sot ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ថៃ​វេជ្ជបណ្ឌិត​ជន​ជាតិ​ភាគ​តិច​ Karen គឺ នាង Cynthia Muang ទទួល​ខុសត្រូវ​គ្លីនិក​សេវា​ថែទាំ​ សម្រាប់​អ្នក​ជំងឺ​ជាង​១សែន​៣​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។ នាង​ Muangបាន​និយាយ​ថា​ ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​លាត​ត្រដាង​ហើយ​ វា​ចាំបាច់​ត្រូវ​តែ​មើល​យ៉ាង​ដិតដល់។

«យើង​នៅ​តែបន្ត​ត្រួត​ពិនិត្យ​ស្ថានភាព​ក្រោយ​ការ​បោះ​ឆ្នោត​បន្ត​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​បី​ទៅ​បួន​ខែ​ខាង​មុខ​ ដោយ​សារ​តែ​ការ​ទំនាក់ទំនង​ជាមួយ​យោធា​ និង​រដ្ឋាភិបាល​ស៊ីវិល ​ឬ​រដ្ឋាភិបាល​ថ្មី​ និង​យោធា។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ បញ្ហា​ប្រឈម​ដែល​រដ្ឋាភិបាល​ថ្មីមាន​ ដូច​ជា​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​បទ​ឈប់​បាញ់​នៅ​ក្នុង​តំបន់​ទាំង​អស់​នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ការ​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់»។

នាង Muang បាន​និយាយ​ថា​ នាង​សង្ឃឹម​ថា ​រដ្ឋាភិបាល​ថ្មី​នឹង​នាំ​ផ្លូវ​ទៅ​រក​ការ​ធ្វើ​កំណែ​ទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្នែក​វេជ្ជសាស្ត្រ​ ដើម្បី​ឲ្យ​ប្រជាជន​លែង​ឆ្លងព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​រក​សេវា​គ្លីនិក​ថែ​ទាំ​សុខភាព​នៅ​ទីនោះ។

មនុស្ស​ជា​ច្រើន​បាន​រំឭក​ឡើងវិញ​ នូវ​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​របស់​គណបក្ស NLD ក្នុង​ការបោះឆ្នោត​ឆ្នាំ១៩៩០ ដែលលទ្ធផលបាន​ទុក្ខ​ជា​មោឃៈ​ដោយ​យោធា​កាន់​អំណាច។

លោក Min Oo បាន​និយាយ​ថា ​លោក​នៅ​តែ​មាន​មន្ទិល​សង្ស័យ។

«ទោះ​បី​ជា​ឥឡូវ​នេះ ​យើង​បាន​បញ្ជាក់​ថា​គណបក្ស NLD បាន​ឈ្នះ ​ប៉ុន្តែខ្ញុំ​នៅ​តែ​មាន​ការ​សង្ស័យ​ថា​ពួក​យោធា​មិន​ចង់​ប្រគល់​អំណាច​ឲ្យ​គណបក្ស NLD ​ទេ» ។​

កាល​ពី​ថ្ងៃ​ពុធ​នេះ លោកស្រី ​អង់សាន ស៊ូជី​ មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពិភាក្សា​ «ផ្សះផ្សា​ជាតិ» ជាមួយ​មេដឹកនាំ​មីយ៉ាន់ម៉ា​បច្ចុប្បន្ន ខណៈ​ពេល​ដែល​ការទទួល​ជ័យ​ជម្នះ​របស់​គណបក្ស NLD ស្ទើរ​តែ​ប្រាកដ​ទៅ​ហើយ៕

ប្រែ​សម្រួល​ដោយ មាន​ ឥស្សរាយស