ទូកចំនួន៣១ ត្រៀមប្រណាំងគ្នានៅកំពង់ចំឡងអ្នកលឿង

បើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរផ្អាកពិធីប្រណាំងទូក បណ្តែតព្រះទីត និងអកអំបុក សំពះព្រះខែ នៅខាងមុខបរមរាជវាំងក្តី ប៉ុន្តែគណៈកម្មការររៀបចំការប្រណាំងទូកនៅតាមខេត្តមួយចំនួន នៅតែមានការស្វះស្វែងរៀបចំឲ្យបានការប្រណាំងទូកនៅតាមខេត្តរបស់ខ្លួន ព្រោះពិធីប្រណាំងទូក បានក្លាយជាប្រពៃណីរបស់ខ្មែរតាំងពីយូរលង់ណាស់មកហើយ។
1
ជាក់ស្តែង គណៈកម្មការរៀបចំពិធីប្រណាំងទូកខេត្តព្រៃវែង បានសម្រេចជ្រើសរើសយកដងទន្លេនៅកំពង់ចំឡងអ្នកលឿង ដើម្បីរៀបចំការប្រណាំងទូកតំណាងឲ្យខេត្តរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។ នេះបើតាមការជំរាបជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រណាំងទូករបស់ខេត្តព្រៃវែង ដែលយើងទើបតែទទួលបាន។
តាមការជូនដំណឹងនោះ បានបញ្ជាក់ថា៖«នៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ គណៈកម្មការរៀបចំពិធីប្រណាំងទូកខេត្តព្រៃវែង បានរៀបចំព្រឹត្តិការណ៍កីឡាប្រណាំងទូក អបអរសាទរ ព្រះរាជពិធីអកអំបុក សំពះព្រះខែ នៅមាត់ទន្លេកំពង់ចំឡងអ្នកលឿង។ ការប្រកួតនេះ នឹងធ្វើឡើងក្នុងទឹកដីខេត្តព្រៃវែង តែ១ថ្ងៃប៉ុណ្ណោះ ដោយមានការចូលរួមប្រកួតចំនួន៣១ទូក»។
សេចក្តីជូនដំណឹងដដែលនោះ បានលម្អិតថា៖«នៅក្នុងចំណោមទូកទាំង៣១នោះ គឺមានទូកខ្នាតវែងចំនួន១៨ទូក និងទូកខ្នាតខ្លី១៣ទូក ដោយក្នុងនោះខេត្តកណ្តាលមាន៨ទូក ខេត្តមណ្ឌលគីរីមាន១ទូក និងខេត្តព្រៃវែងមានចំនួន២២ទូក ហើយកម្មវិធីនេះ នឹងចាប់ផ្ដើមចាប់ពីម៉ោង៨ព្រឹកទៅ»៕