ចិន រកបាន១២គ្រាប់ដើម្បីបំបាក់ ប៊ូតាន ក្នុងជម្រុះ World Cup

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិន បាន​​រក​គ្រាប់​បាល់​បញ្ចូល​ទី​១២​គ្រាប់​ដើម្បីផ្តួល​ក្រុម​ជម្រើស​ជាតិ​ប៊ូ​តាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​ពួក​គេ​​បាន​បង្កើន​ការ​ជឿ​ជាក់​​ក្នុង​ការ​ប្រកួត​ជម្រុះនៃ​​​​ព្រឹត្តិការណ៍ World Cup របស់​ពួកគេ​ជា​មួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​ដ៏​ធំ​បំផុតក្នុង​រយៈ​ពេល​១៥​ឆ្នាំ​។ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អូ​ស្ត្រាលី ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ក៏​បាន​ទទួល​ជ័យ​ជម្នះ​រៀង​ៗ​ខ្លួន​ផង​ដែរ នៅ​រាត្រី​ប្រកួត​មួយ ខណៈ​ដែល​ចិន បាន​រក​គ្រាប់​បាល់​​បញ្ចូល​ទី​​ដ៏​ច្រើន​ក្នុងការ​ប្រកួតក្នុង​ទីក្រុង Changsha​។ ក្រោយ​ពី​​គ្រាប់​បាល់​បើក​ឆាកនៅនាទី ទី​១០​របស់​កីឡាករ Mei Fang កីឡាករ Yang Xu រក​បាន​៤​គ្រាប់​ក្នុង​នោះ​រាប់​បញ្ចូល​ទី​ប៉េ​ណាល់​ទី​១​គ្រាប់​​ផ​ងដែរ ហើយ Yu Dabao, Yu Hanchao និង Wang Yongpo សុទ្ធ​សឹង​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​​២​គ្រាប់​​ដូចគ្នា ខណៈ​ដែលក្រុម​ជម្រើស​ជាតិ​ចិន បាន​​កត់ត្រា​ជ័យ​ជម្នះ​ដ៏​ធំ​។
1
ការ​រង​បរា​ជ័យ​ដ៏​ឈឺ​ចាប់​មួយ​នេះ​មិន​បាន​បញ្ចប់​ឡើយ​រហូត​ទាល់​តែ​នៅ​សល់​​រយៈ​​ពេល​​២​នាទី​ចុងក្រោយ​​សម្រាប់​ក្រុម​ប៊ូ​តាន ដែលនៅ​ពេល​នោះ​កីឡាករ Zhang Xizhe បាន​រក​គ្រាប់​បាល់​ទី​១២ និង​ជា​គ្រាប់បាល់​ចុង​ក្រោយ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​របស់​លោក Alain Perrin​។ ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ១២-០ បាន​ផ្តល់​ភាព​អា​ម៉ាស់​បន្ថែម​ទៀត​ដល់​ក្រុម​ជម្រើស​ជាតិ​ប៊ូ​តាន ដែល​ជា​ព្រះ​រាជា​ណា​ចក្រ​នៅ​តំបន់​ភ្នំ​ហិ​ម៉ា​ឡៃ ក្រោយ​ពី​ពួកគេ​​ក៏​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ១៥-០ ក្រោម​ស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​កា​តា ក្នុង​ការ​ប្រកួត​ជម្រុះ​មុន​នេះ​។ ក្រោយ​ពី​​ការ​ប្រកួត​​៥​លើក​ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​១​របស់​ពួក​គេ​ក្នុង​ការ​​ប្រកួត​ជុំ​ទី​២​នេះ ក្រុម​ជ្រើស​ជាតិ​ប៊ូ​តាន បាន​ឈរ​នៅ​បាត​តារាង​​នៃ​ពូល C ដោយ​មាន​​សូន្យ​ពិន្ទុ និង​​មាន​គ្រាប់​បាល់​ដក​ទៅ​ដល់​៤២​គ្រាប់​៕

ប្រភព​ព័ត៌​មាន៖ Xinhua