កញ្ឆា និង សុខភាព​

Sanofi

បណ្តាជន​ដែល​បើកបរ​យានជំនិះ​ក្រោម​ឥទ្ធិពល​របស់​កញ្ឆា​នឹង​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍​ទ្វេដង ធៀប​នឹង​មនុស្ស​មិនបាន​ប្រើ​កញ្ឆា ហើយ​មនុស្ស​ម្នាក់​ក្នុងចំណោម ១០ នាក់ ដែល​ប្រើ​កញ្ឆា​រាល់ថ្ងៃ​នឹង​ក្លាយខ្លួន​ទៅជា​បុគ្គល​ដែល​ពឹង​ផ្អែកទៅលើ​គ្រឿងញៀន ។ នេះ​បើតាម​ការស្រាវជ្រាវ​ថ្មី​មួយ ។

ក្នុង​របាយការណ៍​នៃ​ការពិនិត្យ​ឡើងវិញ​ខាងលើ​អ្នកនិពន្ធ វ៉ែន ហល (Wayne Hall) សាស្ត្រ​ចា​រ្យ និង ជា​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​យុវវ័យ​ប្រើ​ថ្នាំញៀន​មកពី​សាកលវិទ្យាល័យ​ឃ្វី​ន​ស្លែ​ន (Queensland) ប្រទេស​អូស្ត្រាលី បាន​ត្រួតពិនិត្យ​បណ្តា​ភ័ស្តុតាង​វិទ្យាសាស្ត្រ​អំពី​ផលប៉ះពាល់​របស់​កញ្ឆា​ដល់​សុខភាព​តាំងពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០១៣ ។​

​សាស្ត្រ​ចា​រ្យ វ៉ែន ហល បាន​សរសេរ​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន​ថា ក្រុម​អ្នកស្រាវជ្រាវ​នៅតែមាន​ការខ្វែងគំនិត​គ្នា​ទាក់ទិន​នឹង​បញ្ហា​ថា តើ​ការប្រើ​កញ្ឆា​ញឹកញាប់​នាំ​ឲ្យ​ពួកគេ​ឈានទៅ​ប្រើ​គ្រឿងញៀន​ខុសច្បាប់​ដែរ​ឬ​អត់ ? ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ការពិសោធ​រយៈពេល​យូរ​ទៅលើ​ក្រុម​អ្នក​ប្រើ​កញ្ឆា និង ក្រុម​អ្នក​មិនបាន​ប្រើ​កញ្ឆា​គេ​ឃើញថា ក្រុម​អ្នក​ប្រើ​កញ្ឆា​ជា​ញឹកញាប់​អាច​នឹង​នាំទៅរក​ការសេព​គ្រឿងញៀន​ដទៃទៀត ។​

​របាយការណ៍​ខាងលើ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ការប្រើ​កញ្ឆា​ហួស​កម្រិត​គឺមាន​កម្រិត​ទាប ហើយ​ក្នុង​បណ្តា​ឯកសារ​វិទ្យាសាស្ត្រ​ក៏​មិនបាន​រៀបរាប់​អំពី​គ្រោះថ្នាក់​នៃ​ការប្រើ​កញ្ឆា​ហួស​កម្រិត​នោះដែរ ប៉ុន្តែ​មាន​របាយការណ៍​ខ្លះ​និយាយ​អំពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ក្រោយពី​បាន​ជក់​កញ្ឆា ។​

សាស្ត្រ​ចា​រ្យ វ៉ែន ហល បាន​ប្រាប់​ទស្សនា​វ​ដ្តី Live Science ថា ការយល់ឃើញ​ដែលថា​កញ្ឆា​ជា​គ្រឿងញៀន​សុវត្ថិភាព គឺជា​ប្រការ​ខុសឆ្គង​មួយ និង ផ្ទុយទៅនឹង​ប្រវត្តិ​អតីត​កាលដែល​កញ្ឆា​ធ្លាប់ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស ។ យ៉ាងណាក្តី​កញ្ឆា​មិន​បង្ក​គ្រោះថ្នាក់​ធំ​ដូច​បណ្តា​ថ្នាំញៀន​ដទៃ​ដូចជា អំ​ហ្វេ​តា​មីន (Amphetamine) កូ​កា​អី​ុ​ន (Cocaine) និង ហេ​រ៉ូ​អ៊ី​ន (Heroin) ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​នៃ​បណ្តា​ប្រទេស​រួមទាំង​អាមេរិក ។​

គ្រោះថ្នាក់​នៃ​ការប្រើ​កញ្ឆា លោក​សាស្ត្រ​ចា​រ្យ​បន្តថា អ្នក​ប្រើ​កញ្ឆា​នឹង​នាំមក​នូវ​ហានិភ័យ​មួយចំនួន​ដូច​ការ​ផឹកស្រា ឧទាហរណ៍ ដូចជា​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង ការពឹងផ្អែក​ទៅលើ​តែ​កញ្ឆា និង មាន​បញ្ហា​សរសៃប្រសាទ​ជាដើម ។​ អ្នក​ជក់​កញ្ឆា​ញឹកញាប់​ក៏​ប្រឈម​ទ្វេដង​ទៅនឹង​បញ្ហា​កើត​ជំងឺសរសៃប្រសាទ ដូចជា​ការគិត​ចុះខ្សោយ​រវើរវាយ​ជាដើម បើ​ធៀប​នឹង​អ្នក​មិនបាន​ប្រើ​កញ្ឆា ។

ការពិសោធ​មួយ​ទៅលើ​យុវជន ៥០.០០០ នាក់ នៅ​ប្រទេស​ស៊ុយអែដ គេ​បាន​រកឃើញថា អ្នក​ដែល​បាន​ជក់​កញ្ឆា ១០ ដង ឬ​ច្រើនជាង​នេះ​នៅ​វ័យ ១៨ ឆ្នាំ ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា អាច​ប្រឈម​ទ្វេដង​ទៅនឹង​ជំងឺសរសៃប្រសាទ​នៅក្នុង​រយៈពេល ១៥ ឆ្នាំ ខាងមុខ ធៀប​នឹង​អ្នក​មិន​ជក់​កញ្ឆា ប៉ុន្តែ​បញ្ហា​ដែល​កើតឡើង​ដោយសារ​ការជក់​កញ្ឆា​អាច​ទប់ស្កាត់បាន​ដោយ​ការបោះបង់​កញ្ឆា ។

ចំពោះ​ផលប៉ះពាល់​របស់​កញ្ឆា​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ វា​នឹងធ្វើ​ឲ្យ​ទារ​កមាន​ទម្ងន់​ស្រាល ។​កញ្ឆា​ផ្តល់​ផល​អាក្រក់​ច្រើន​ផ្សេងទៀត​ដល់​ផ្លូវចិត្ត​ ឥទ្ធិពល​នៃ​ការសប្បាយ​ដែល​អ្នក​ជក់​កញ្ឆា​ស្វែងរក​ពី​ថ្នាំញៀន​នេះ​កើតចេញពី​សមាសធាតុ​សៃ​កូ​អា​ធី​វ (Psychoactive) ដែល​គេ​ហៅថា ដែល​តា​-៩-​តេ​ត្រា​ហៃ​ដ្រូ​កេ​ន​អា​ប៊ី​ណុល (Delta -9-tetrahydrocannabinol) ឬ ធី​អេ​ច​ស៊ី (THC) នៅក្នុង​រយៈពេល ៣០ ឆ្នាំ មកនេះ សមាសធាតុ​ធី​អេ​ច​ស៊ីក្នុង​កញ្ឆា​នៅ​អាមេរិក​បាន​កើនឡើង​ពីក្រោម ២ ភាគរយ កាលពី​ឆ្នាំ ១៩៨០ ឡើងទៅ ៨,៥ ភាគរយ នៅ​ឆ្នាំ ២០០៦ ។

លោក វ៉ែន ហល និយាយថា មនុស្ស​មួយចំនួន​យល់ថា​នឹងមិន​មាន​ផល​អាក្រក់​ប្រសិន​អ្នក​ប្រើ​កាត់បន្ថយ​បរិមាណ​របស់​កញ្ឆា និង ប្រើ​តិចតួច​នូវ​ផលិតផល​កញ្ឆា​ដែលមាន​កម្លាំង​ខ្លាំង ដើម្បី​បានទទួល​អារម្មណ៍​ស្រួលខ្លួន​ដែល​ពួកគេ​តាម​ស្វែងរក ។​ ​ទោះជា​យ៉ាងណាក៏ដោយ​លោក វ៉ែន ហល អះអាងថា ភ័ស្តុតាង​ជាច្រើន​បាន​ឲ្យ​ដឹងថា អ្នក​ប្រើ​កញ្ឆា​ពិតជា​មិនបាន​កាត់បន្ថយ​បរិមាណ​នោះទេ ដូច្នេះ​ពួកគេ​អាច​នឹង​បានទទួល​សារជាតិ​អាក្រក់​ច្រើន​ពី​ថ្នាំញៀន​មួយ​ប្រភេទ​នេះ​។​

ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ការប្រើ​ជាតិ​អាល់កុល និង ថ្នាំញៀន​ដទៃ​ដូចជា​ថ្នាំ​អូ​ភី​អយ​ដ៍ (Opioids) ជាដើម​បង្ហាញថា ទម្រង់​នៃ​សារធាតុ​ក្នុង​ថ្នាំ​នឹងធ្វើ​ឲ្យ​ញៀន ឬ ពុល​ក្នុង​កម្រិត​ខ្ពស់​ក៏ដូចជា​បញ្ហា​គ្រោះថ្នាក់ ព្រមទាំង​ធ្វើ​ឲ្យ​ការពឹង​ផ្អែកទៅលើ​សារធាតុ​ទាំងនោះ​កាន់តែ​ច្រើនឡើង ៕​បុត្រ​ ​



 

Related