ចេញពី​ខួបកំណើត​មិត្តភក្តិ សង្ស័យ​ស្រវឹង​ខ្លាំង​បើករថយន្ត​បុក​រះ​ម៉ូតូ​៤​គ្រឿង​ របួសធ្ងន់​ស្រាល​២​នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ខួបកំណើត​មិត្តភក្តិ​​សង្ស័យ​ផឹកស៊ី​ស្រវឹង​ខ្លាំង​​បើករថយន្ត​កាម​រី​គូទ​ស្វិត​១​គ្រឿង​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​៤​គ្រឿង​ដែល​ចត​មុខ​ភោជនីយ​​ដ្ឋា​ន​រាជ​នី​រង​ការ​ខូចខាត និង​បណ្ដាល​ឲ្យ​ក្មេង​ៗ​ដើរ​លក់​សណ្តែកដី​២​នាក់​រង​របួសធ្ងន់​-​ស្រាល ។ ហេតុការណ៍​នេះ​កើតឡើង​ត្រង់​ចំណុច​អាហារ​ដ្ឋា​ន​រាជ​នី ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​គេច​ទៅ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​១​គ្រឿង​ម៉ាក​កាម​រី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-3788 បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កែវ​ចិន្តា ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ក៏​រេ​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​៤​គ្រឿង​ដែល​ចត​មុខ​ភោជនីយដ្ឋាន រួម​ទាំង​បង់​អង្គុយ​លេង​បាក់​ខូចខាត និង​បណ្ដាល​ឲ្យ​ក្មេង​ៗ​ដើរ​លក់​សណ្តែកដី​២​នាក់​រង​របួសធ្ងន់​-​ស្រាល ហើយ​រថយន្ត​បង្ក​នៅ​តែ​បន្ត​ទៅ​មុខ​ដោយ​ព្យាយាម​គេចខ្លួន ក៏​ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ជិះ​ដេញ​តាម​រហូត​ធ្វើ​ឲ្យ​រថយន្ត​បង្ក​បើក​ទៅ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ ទើប​ទៅ​មុខ​លែង​រួច ក៏​ត្រូវ​ឃាត់​បាន​តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ ក្មេង​ៗ​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នកបើកបរ​រួម​ទាំង​រថយន្ត និង​ម៉ូតូ​រង​គ្រោះ​ទាំងអស់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕