ស្នេហា​ត្រីកោណ​ប្តី​ទុក​ប្រពន្ធ​គ្រាន់​ជា​ស្រី​កំដរ

Sanofi

​​រឿង​ស្នេហា​ផិតក្បត់​រមែង​កើតមាន​ជារឿយៗ​នៅក្នុង​សង្គម​មិនថាតែ​នៅក្នុង​ប្រទេស​កម្ពុជា ឬ នៅ បរទេស​ឡើយ តែងតែ​មានរឿង​បែបនេះ​កើតឡើង ដោយមាន​ខ្លះ​ប្តី​ផិត​ប្រពន្ធ និង ខ្លះ​ប្រពន្ធ​ផិត​ប្តី ហើយ ពេលខ្លះ​ការ​ផិតក្បត់​នេះ​ថែមទាំង​ឈានដល់​ការប្រើ​អំពើហិង្សា​កាប់សម្លាប់​គ្នា​ក៏មាន ។ ការ​ផិតក្បត់​ខ្លះ​អាចឈាន ទៅរក​ការធ្វើ​ទារុណកម្ម​ទៅលើ​ភាគី​ម្ខាង​ទៀត​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត​ឬក៏​ឈានទៅដល់​ការបែកបាក់​គ្នា ។

តួ​យ៉ាងដូច​គ្រួសារ​នៅ​ជនបទ​មួយ​នេះ​ដោយសារតែ​ប្តី​បានធ្វើ​ចំណាកស្រុក​មកកាន់​ទីក្រុង​ភ្នំពេញ ដោយ​ភ្លើតភ្លើន​ជាមួយ​ភ្លើងពណ៌ ស្គាល់​នារី​ស្អា​ត់ៗ​នៅ​ទីក្រុង​ច្រើន​បានធ្វើឱ្យ​បុរស​ជា​ប្តី​លែង​នឹកនា​ប្រពន្ធ​កូន​នៅឯ​ស្រុក កំណើត​ដែល​កំពុងតែ​រស់នៅ​យ៉ាង​វេទនា ។​ នាង ស​.​ស​.​ល​. ជា​ខ្មែរអិស្លាម រស់នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ជួប​រឿងរ៉ាវ​នៃ​ស្នេហ៍​ត្រីកោណ​នេះ ហើយ​នាង​ក៏បាន​រៀបរាប់​ពី​ដំណើររឿង​នៃ​ចំណង​ស្នេហ៍​ដ៏​ល្វីង​ជូរចត់ របស់​នាង​ថា កាលពី​ឆ្នាំ ២០០៦ ដោយ​ការផ្តួចផ្តើម​ពី​ឪពុកម្តាយ ទាំងសងខាង​ខ្ញុំ​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ហ​.​ហ​. ដែលជា​ខ្មែរអិស្លាម​ដូចគ្នា​តាម​ប្រពៃណី ។

ក្រោយពេល​រៀបការ ហើយ ខ្ញុំ និង ស្វាមី​បានរួម​រស់នៅ​ជាមួយគ្នា​មាន​សុភមង្គល ណាស់ ។ ពួកយើង​ស្រឡាញ់គ្នា​ណាស់ ពួកយើង​ដឹង​ពី​ទុក្ខ​ធុរៈ​គ្នា​យល់ចិត្ត​ថ្លើម​គ្នា​ទៅវិញទៅមក​ពួកយើង​បាន​ចាប់ដៃគ្នា​រកស៊ី ធ្វើស្រែ​ចម្ការ ដាំ​ដំណាំ​ពេលនោះ​ប្តី​របស់ខ្ញុំ​មិន​គិតពី​ការនឿយហត់​ឡើយ គាត់​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ខ្ញុំ ។ ការប្រឹងប្រែង​របស់ ប្តី និង ខ្ញុំ ក្នុង​ការធ្វើ​ចម្ការ​បានធ្វើឱ្យ​ពួកយើង​សន្សំ​ប្រាក់​ទិញ​ដីចម្ការ​កៅស៊ូ​បាន​ជាង​មួយ​ហិកតារ​បន្ថែម​លើដី​ចម្ការកៅស៊ូ​ដែល​ឪពុកម្តាយ​របស់ខ្ញុំ​ចែក​ឱ្យ​មួយ​ហិកតារ​ក្រោយពី​រៀបការ​រួច ។

ដោយ​ផ្ទៃដី​ចម្ការកៅស៊ូ​កើន​ដល់​ជាង​ពីរ​ហិកតារ​បានធ្វើឱ្យ​ប្តី​ខ្ញុំ​រវល់​គ្មាន​ពេលទំនេរ​ឡើយ ណាមួយ​ធ្វើ​ចម្ការ​ណាមួយ​ចៀរ​ជ​រ័ កៅស៊ូ​ផង តែ​ដោយ​ក្តី ស្រឡាញ់​ប្រពន្ធ​ប្តី​របស់ខ្ញុំ​មិនដែល​ពោល ពាក្យ​ថា​ហត់នឿយ​ម្តងណា​ឡើយ ។​ ការខិតខំ​ប្រឹងប្រែង និង ការស្រឡាញ់​អាណិត​ពី​ប្តី ប្តី​របស់​នាង​មិនឱ្យ​នាង​ធ្វើ​ការងារ​អ្វី​ធ្ងន់ ក្រៅពី​មើល​ការខុសត្រូវ​ផ្ទះសម្បែង ។ បន្ទាប់ពី​ការរៀប​អាពាហ៍ពិពាហ៍​មិនទាន់បាន​មួយឆ្នាំ​ស្រួលបួល​ផង ក៏បាន​ចំណងដៃ​កូនប្រុស​ជាទី​ស្រឡាញ់​ម្នាក់ ដែល​រឹតតែ​ធ្វើឱ្យ​នាង និង ប្តី​កាន់តែ​ស្រឡាញ់គ្នា​ទ្វេ​ឡើង​ថែមទៀត ។

ចាប់តាំងពី​ពេលនោះ​មក​ប្តី​របស់​នាង ស​. ស​.​ល​. បាន​ធានារ៉ាប់រង​គ្រប់​ការងារ​អ្វីៗ​ទាំងអស់​តាំងពី​ការងារ​ស្រែចម្ការ​រហូតដល់​ការងារ​ផ្ទះសម្បែង មិនឱ្យ​នាង​ពិបាកចិត្ត​ឡើយ ។ ការរស់នៅ​បែប ស្រុកស្រែ​ចម្ការ ទោះបី​មិនសូវមាន​ជីវភាព​ធូរធារ​ខ្លាំង​ក្តី ក៏​ពួកនាង​រស់នៅ​ប្រកបដោយ​សេចក្តីសុខ និង សុភមង្គល​ដែរ ។ ប៉ុន្តែ​ការ​មានបាន​ប៉ុន​នេះ​មិនបាន​ធ្វើឱ្យ​គូ​ស្វាមី​ខ្មែរអិស្លាម​ម្នាក់នេះ​ស្កប់ស្កល់​ឡើយ នាង និង ស្វាមី​បាន​រិះរក​មធ្យោបាយ​ដោយ​ធ្វើយ៉ាងណា ដើម្បី​រកស៊ី​ឱ្យមាន​បាន​ឆាប់​ជាង​នេះ ព្រោះ​របរ​ដាំ​កៅស៊ូ​នេះ​មិន​អាចឱ្យ​គ្រួសារ​មានបាន​លឿន​ឡើយ ។

ក្រោយពី​កូន​បាន​អាយុ ៤ ឆ្នាំ​ធំ នាង​ជា ប្រពន្ធ​ក៏​រឹង​ដៃ​រឹង​ជើង នាង និង ស្វាមី​ក៏បាន​ពិភាក្សាគ្នា​ថា​ធ្វើយ៉ាងណា​ឱ្យ មានបាន​ឆាប់​ជាង​នេះ ។ ក្រោយពី​គិត​គ្នា​មួយរយៈ​មក​នៅ​ឆ្នាំ ២០១២ ប្តី​របស់​នាង​ក៏​សម្រេចចិត្ត​ទៅ​រៀន​ភាសា​កូរ៉េ​ដើម្បី​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ព្រោះ​អ្នកភូមិ​របស់​នាង​ជាច្រើន​នាក់​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​បាន​ប្រាក់ខែ ច្រើន និង ផ្ញើ​មកឱ្យ​ក្រុមគ្រួសារ​ប្រពន្ធ​កូន​រាប់ពាន់​ដុល្លារ​ក្នុង​មួយខែៗ ដែល​ធ្វើឱ្យ​គ្រួសារ​របស់​ពួកគេ​មានបាន​គ្រប់ៗ​គ្នា ។

ប៉ុន្តែ​អ្វីៗ​មិនមែន​ដូច​ការគិត និង ការគ្រោងទុក​នោះឡើយ ក្រោយពី​ប្តី របស់​នាង ស​. ស​.​ល​. ទៅ​រៀន​ភាសា​កូរ៉េ​មិនបាន​បី​ខែ​ផង​គេ​ក៏​ស្គាល់ និង រាប់អាន​នារី​ម្នាក់​ឈ្មោះ ស​. ភ​. រស់នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល កំពុង​រៀន​ភាសា​កូរ៉េ​ជាមួយគ្នា​ការ​រាប់អាន​គ្នា​មិនបាន​ប៉ុន្មាន​ខែ​ផង​ក៏​ប្តូរ​ពី​មិត្ត​ទៅជា​សង្សារ ហើយ​ចុងក្រោយ​ក៏​ស្រឡាញ់គ្នា​ជា​ប្តី​ប្រពន្ធ​ក្បត់ចិត្ត​ប្រពន្ធ​កូន​ដែល​កំពុង​ទន្ទឹងរង់ចាំ​ប្តី ឬ ឪពុក​នៅឯ​ស្រុក​មេមត់​នោះ ។ មិន​តែ ប៉ុណ្ណោះ​ប្តី​របស់​នាង ស​. ស​.​ល​. ក៏​បានមក​បង្ខំ​នាង​ឱ្យ​ផ្តិតមេដៃ​លែងលះ ដើម្បី​ទៅ​រៀបការ​ប្រពន្ធ​ថ្មី​ជាមួយ​នាង ស​.​ភ​. ។

ប្តី​លួង​លោមនាង​ថា បើ​មិន​ផ្តិតមេដៃ ហើយ​ការ​ជាមួយ​នាង ស​. ភ​. ទេ នាង ស​. ភ​. នឹង​ប្តឹង គាត់​ជា​ប្តី​ឱ្យ​ប៉ូលិស​ចាប់​ដាក់គុក ។ ដោយ​ខ្លាច​ប្តី​ជាប់គុក និង ស្រឡាញ់​ប្តី​ពេក នាង ស​.​ស​.​ល​. ក៏​យល់ព្រម​ផ្តិតមេដៃ​ឱ្យ​ប្តី​ទៅ​រៀបការ​ជាមួយ​ប្រពន្ធ​ថ្មី នោះ​ទៅ ។ ក្រោយពី​រៀបការ​ហើយ​ប្តី​របស់​នាង​រស់នៅ​ជាមួយ​ប្រពន្ធក្រោយ យ៉ាង​សប្បាយ ។ ចាប់តាំងពី​លោក​ប្តី​របស់​នាង​បាន​រៀបការ​ជាមួយ​ប្រពន្ធ ក្រោយ​គេ​កម្រ​មក​ផ្ទះ​មើល​ប្រពន្ធ​កូន​ណាស់ សូម្បីតែ​ទូរស័ព្ទ​ក៏​មិនដែល តេ​មក​ផង តែបើ​គេ​មក​ម្តងៗ​វិញ​គឺ​មករក​ប្រាក់ ដោយ​ឱ្យ​ប្រពន្ធ​លក់​កៅស៊ូ​យកប្រាក់​ទៅ​ផ្គាប់ចិត្ត​ប្រពន្ធចុង​ថែមទៀត​ផង ។

មិនតែប៉ុណ្ណោះ​ប្តី​របស់ នាង​ថែមទាំង​បាន​និយាយប្រាប់​នាង​ថា​’​បើ​ឯង​មិន​ដាច់ចិត្ត​ពី​ខ្ញុំ គឺ​យូៗ​ខ្ញុំ​មក ម្តង ទុក​ឯង​គ្រាន់តែ​ជា​ស្រី​កំដរ​របស់ខ្ញុំ​ម្តងម្កាល​ទៅ​ចុះ​» ។ គ្រាន់តែ​ឮ​ពាក្យ​នេះ​នាង​ស្រក់​ទឹកភ្នែក​និយាយ​លែងចេញ ដោយ​មិន​នឹកស្មានថា​ប្តី​ដែល​ខ្លួន​ធ្លាប់​ស្រឡាញ់​ប្តូរផ្តាច់​ស្មើនឹង​ជីវិត​មក​និយាយ​ដាក់​នាង​បែប​នេះឡើយ ។ សព្វថ្ងៃ​ទោះបីជា​នាង​ខំ​កាត់ចិត្ត​ពី​ប្តី​ក៏ដោយ​ក៏​នាង​មិនអាច​កាត់ចិត្ត​បានឡើយ ព្រោះ​ទំហំ​ទឹកចិត្ត​ស្រឡាញ់​របស់​នាង​ទៅលើ​ប្តី​គឺ​ជ្រាលជ្រៅ​ខ្លាំងពេក ។ រាល់ថ្ងៃ​នាង​តែងតែ​ទូរស័ព្ទ​ទៅរក​ប្តី​ជានិច្ច ហើយ​តែងតែ​ទទួល​ការស្តីបន្ទោស​ពី​ប្តី​ជានិច្ច​ដែរ ។ នាង​ក៏​ស្តាយ​ប្តី​ខ្លាំង​ណាស់ដែរ បើ​កុំ​តែ​នាង​ចង់​មានបាន​ខ្លាំងពេក​ម្ល៉េះ​សម​មិនមាន​បញ្ហា​បែបនេះ​កើតឡើង​ឡើយ ៕ នឿន​

 

Related