រថយន្ត​២​គ្រឿង​បុក​គ្នា​នៅ​ផ្លូវកែង ដោយសារ​ការ​បើកបរ​មិន​យោគយល់​គ្នា

រាជធានី​ភ្នំពេញ ៖ ការ​បើកបរ​មិន​យោគយល់​គ្នា និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បង្ក​ឱ្យ​រថយន្ដ​តាក់ស៊ី​ម៉ែត្រ​ពណ៌​លឿង និង​រថយន្ដ​កាម​រី​ហា​យ​ប្រ៊ិ​ជ ពណ៌​ស បុក​គ្នា​យ៉ាង​ពេញទំហឹង​ត្រង់​ចំណុច​ផ្លូវ​លេខ​៥៦៦ កែង​ផ្លូវ​លេខ​៣១៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ដ​កាម​រី​ហា​យ​ប្រ៊ិ​ជ​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-6995 បាន​បើក​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​តាក់ស៊ី​ម៉ែត្រ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2N-7329 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​៥៦៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ផ្លូវកែង ខណៈ​រថយន្ដ​ទាំង​២​គ្រឿង​កំពុង​បើក​លឿន​ដូច​គ្នា ដោយ​មិន​មានការ​យោគយល់ និង​មិន​គោរព​អាទិភាព​គ្នា ទើប​បណ្តាល​ឱ្យ​រថយន្ដ​ទាំង​២​គ្រឿង​បុក​គ្នា​នៅ​កណ្ដាលផ្លូវ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​រថយន្ដ​តាក់ស៊ី​ម៉ែត្រ​កំ​ពិត​ខាង​មុខ​ចំហៀង​ខាងឆ្វេង ចំណែក​រថយន្ត​កាម​រី​ហា​យ​ប្រ៊ិ​ជ កំ​ពិត​ខាង​មុខ​ចំហៀង​ខាងស្ដាំ ខូចខាត​ទាំង​សងខាង ។ ដោយសារ​និយាយ​ចរចា​គ្នា​មិន​ត្រូវ​គ្នា​ជាង​កន្លះ​ម៉ោង ម្ចាស់​រថយន្ដ​ទាំង​២​​ក៏​សម្រេចចិត្ត​ចាក​ចេញពី​កន្លែង​កើតហេតុ​ទៅ​រៀង​ៗ​ខ្លួន ដោយ​គ្មាន​អ្នក​ណា​សង​អ្នក​ណា​ឡើយ ៕