ឈិ​ត សុវណ្ណ​បញ្ញា ត្រៀម​ចូល​រោងការ​

Sanofi

​ឈិ​ត សុវណ្ណ​បញ្ញា ធ្លាប់ជា​តារាចម្រៀង​ល្បីល្បាញ ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន ។ ដោយឡែក​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បទ​ចម្រៀង​របស់​នាង​មានការ​ធ្លាក់ចុះ និង មិនមាន​បទ​ចម្រៀង​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​លោត​ឡើង​ខ្លាំង​ដូចជា​មិត្តភក្តិ​រួម​ផលិតកម្ម​ជាមួយ​នាង​ទេ ប៉ុន្តែ ឈិ​ត សុវណ្ណ​បញ្ញា នៅតែ​ប្រកាន់​ជំហរ​ធម្មតាៗ​ហាក់ដូចជា​គ្មាន​រឿង​អ្វី​ទាំងអស់ ។

ស្របពេល​ជាមួយគ្នានេះដែរ ក្រោយពី​នាង​ធ្វើ​ពិធី​ខួបកំណើត កាលពី​ខែកញ្ញា កន្លងទៅ ស្រាប់​តែមាន​ព័ត៌មាន​ថា ឈិ​ត សុវណ្ណ​បញ្ញា ត្រៀមខ្លួន​ចូល​រោងការ​នៅពេល​ឆាប់ៗ​នេះ​ជា​មួយគូ​ដណ្តឹង ដែល​បាន​ភ្ជាប់ពាក្យ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។​ ស្រប​ពេលដែល​បាត់​មុខ ឈិ​ត សុវណ្ណ​បញ្ញា ពី​ឆាក​តន្ត្រី ស្រាប់តែ​នាង​សម្ងំ​ថត​រឿង​ថ្មី​មួយ​ដែលមាន​ចំណងជើង​ថា «​ទេសចរណ៍​ឋាននរក​» របស់​ផលិតកម្ម VCire Picture ដោយ​នាង​សម្តែង​ជា​តួឯក​ស្រី​ដែល​ត្រៀម​ដាក់​បញ្ចាំង​ក្នុងពេល​ឆាប់ៗ ។

តាមរយៈ​រឿង​ថ្មី​នេះ ឈិ​ត សុវណ្ណ​បញ្ញា អាច​នឹង​បង្កើន​ប្រជាប្រិយភាព​របស់ខ្លួន​មកវិញ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ ។​ ​ពិតជា​គួរ​ឲ្យ​សរសើរ ឈិ​ត សុវណ្ណ​បញ្ញា ណាស់ ទោះបីជា​បទ​ចម្រៀង​រប​ស់​នាង​មាន​ឬ​គ្មាន ក៏​នាង​មិនបាន​បង្ហាញ​អារម្មណ៍​ខឹងសម្បា​អ្វី​ដែរ នាង​នៅតែ​ព្យាយាម​ធ្វើ​ធម្មតាៗ ព្រោះ​នាង​ជា​តារាចម្រៀង​មួយរូប​ដែល​មិន​ចង់​ប្រកួតប្រជែង​ជាមួយ​នរណាម្នាក់​ឡើយ។

ចាប់តាំងពី​នាង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នាង​ធ្លាប់បាន​និយាយថា នាង​មិន​ចូលចិត្ត​ភាព​ប្រកួតប្រជែង​នោះទេ ដែល​ខុសប្លែក​ពី​មិត្ត​រួម​ផលិតកម្ម​ជាមួយ​នាង​មួយចំនួន ប៉ុន្តែ​រាល់ពេល​ដែល​បទ​ចម្រៀង​របស់ ឈិ​ត សុវណ្ណ​បញ្ញា ចេញលក់​នៅលើ​ទីផ្សារ​ម្តងៗ​តែងតែ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​មិន​ថា​អ្នក​ក្នុង​ឬ​ក្រៅប្រទេស​ឡើយ​គឺ​សុទ្ធតែ​រង់ចាំ​មើ​លប​ទច​ម្រៀ​ង​របស់​នាង​ចេញលក់​នៅលើ​ទីផ្សារ ។

រយៈពេល​ប្រមាណ​ជាង​មួយឆ្នាំ​មកហើយ ឈិ​ត សុវណ្ណ​បញ្ញា ហាក់ដូចជា​បាត់​មុខ​ឈឹង​ពី​វិស័យ​សិល្បៈ យូរៗ​ម្តង ទើប​ឃើញ​នាង​បង្ហាញខ្លួន​នៅលើ​ឆាក​ប្រគំ​តន្ត្រី ។ សម្រាប់​អ្នក​ស្នេហា​វិស័យ​សិល្បៈ ក៏ដូចជា​អ្នក​ដែល​និយម​លេង Facebook បាន​និយាយថា មកពី ឈិ​ត សុវណ្ណ​-​បញ្ញា មិនសូវមាន​បទ​ចម្រៀង​ចេញលក់​ច្រើន​ដូចជា​មិត្តភក្តិ​មួយចំនួន ទើប​នាង​មិនសូវមាន​វត្តមាន​នៅលើ​ឆាក​ប្រគំ​តន្ត្រី ។

ទោះបីជា​ការងារ​សិល្បៈ​របស់ ឈិ​ត សុវណ្ណ​បញ្ញា មានការ​ធ្លាក់ចុះ​ជាង​បណ្តា​ឆ្នាំមុនៗ​ក្តី តែ​នាង​នៅ​បន្ត​អាជីព​នេះ​ដូចដើម រាល់ពេល​មានកម្ម​វិធី​ជួបជុំ​មិត្តភក្តិ​នាង​តែងតែ​ចំណាយ​ពេលវេលា​ចូលរួម​ដោយ​ទឹកមុខ​ញញឹម និង រួសរាយ​រាក់ទាក់​បំផុត ។ កាលពី​ខែ​មុន ឈិ​ត សុវណ្ណ​បញ្ញា ក៏បាន​រៀបចំ​ពិធី​ខួបកំណើត​ដែលមាន​លក្ខណៈ​ធំដុំ​គួរសម ដោយបាន​អញ្ជើញ​មិត្តភក្តិ​រួម​ផលិតកម្ម និង អ្នក​ស្គាល់គ្នា​ជាច្រើន​ចូលរួម ។

ពិធី​ខួបកំណើត​របស់​នាង និង ប្អូនស្រី​ភ្លោះ​ដែលមាន​មុខមាត់​ដូចគ្នា​បេះ​ដាក់ រហូត​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​មានការ​យល់ច្រឡំ​នាង​ជាមួយ​ប្អូនស្រី​របស់​នាង​ម្តងម្កាល ។ រហូតមកទល់​ពេលនេះ ឈិ​ត សុវណ្ណ​បញ្ញា នៅតែ​ព្យាយាម​លាក់បាំង​រឿងរ៉ាវ​ផ្ទាល់ខ្លួន ទោះជា​កន្លងមក​ធ្លាប់មាន​ព័ត៌មាន​ថា នាង​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​សង្ហា​វ័យក្មេង ថែមទាំង​ជា​អ្នកមាន​ទ្រព្យ​ម្នាក់​ទៀតផង តែ​នាង​នៅតែ​ព្យាយាម​លាក់បាំង​មិន​ចង់​ឲ្យ​គេ​គ្រប់គ្នា​ដឹង​នោះទេ ប៉ុន្តែ​ជា​ញឹក​ញាក់​មាន​គេ​ឃើញ​នាង​ជិះ​រថយន្ត Range Rover ជាមួយ​គូស្នេហ៍​របស់​នា​ង​ទៅ​ញុំ​ា​អាហារ​រួមគ្នា ថែមទាំង​បង្ហាញ​ភាពស្និទ្ធស្នាល​ឲ្យ​គេ​បានឃើញ ដោយ​មិន​ខ្លាច​អ្នក​នៅ​ជុំវិញខ្លួន​ទៀតផង ។

រហូត​ចុង​ក្រោយនេះ​មាន​ព័ត៌មាន​ថា ឈិ​ត សុវណ្ណ​បញ្ញា គ្រោង​នឹង​ចូល​រោងការ​ជា​មួយគូ​ដណ្តឹង​នៅពេល​ឆាប់ៗ​ខាងមុខនេះ ក្រោយពី​មានការ​យល់ព្រម​ពី​ក្រុមគ្រួសារ​របស់​នាង ព្រោះ​ទំនាក់ទំនង​រវាង​នាង និង បុរស​រូបនោះ​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ ល្មម​ដល់ពេល​វេលា​ដែល​អ្នក​ទាំងពីរ​ដឹក​ដៃ​គ្នា​ចូល​រោងការ​ហើយ​ដែរ ។ បើតាម​ប្រភពព័ត៌មាន​ពី​អ្នកសិល្បៈ​ដែល​ធ្លាប់​ដើរ​ជាមួយ ឈិ​ត សុវណ្ណ​បញ្ញា ក៏បាន​បង្ហើប​ប្រាប់​ផងដែរ​ថា បញ្ញា ពិត​ជាមាន​គម្រោង​រៀបការ​មែន ប៉ុន្តែ​នៅពេល​សួរនាំ​អំពី​រឿងរ៉ាវ​នេះ​នាង​បែរជា​មិន​និយាយ​អ្វី​ទាំងអស់ គ្រាន់តែ​ប្រាប់ថា ចាំ​មើលទៅ ។

ដើម្បី​ចង់ដឹង​ច្បាស់​អំពី​រឿងរ៉ាវ​ខាងលើនេះ​អ្នកយកព័ត៌មាន​របស់​យើង​បាន​ព្យាយាម​ទូរស័ព្ទ​ទាក់ទង​ទៅ ឈិ​ត សុវណ្ណ​បញ្ញា ដើម្បី​ឲ្យ​នាង​បកស្រាយ​រឿង​ទាំង​នេះដែរ តែ​ទូរស័ព្ទ​ចូល​ហើយ​ពុំមាន​អ្នកទទួល​ឡើយ ។ ​ក្រៅពី​អាជីព​សិល្បៈ ឈិ​ត សុវណ្ណ​បញ្ញា មាន​ហាង​រកស៊ី​ផ្ទាល់ខ្លួន​មួយ ។ ក្រុមគ្រួសារ​របស់​នាង​ចង់​ឲ្យ​នាង​ងាក​មក​ចាប់​អាជីព​រកស៊ី​ច្រើនជាង​ចាប់​អាជីព​សិល្បៈ ព្រោះ​សិល្បៈ​រកប្រាក់​ចំណូល​បាន​តិចតួច​ណាស់ ប៉ុន្តែ ឈិ​ត សុវណ្ណ​បញ្ញា នៅតែ​ព្យាយាម​បន្ត​អាជីព​សិល្បៈ​ដូចដើម ទោះបីជា​អាជីព​នេះ​មិនសូវ​ទទួលបាន​ប្រាក់ចំណូល​ច្រើនក្តី ព្រោះ​អាជីព​នេះ​គឺជា​ក្តី​ស្រមៃ​របស់​នាង​តាំងពី​តូច ។

​គួរបញ្ជាក់​ផងដែរ​ថា ឈិ​ត សុវណ្ណ​បញ្ញា ចាប់ផ្តើម​ឡើង​កូដ​ខ្លាំង​ក្រោយពី​អតីត​តារាចម្រៀង គឹម លក្ខិណា បាន​រៀបការ និង ចេញទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​ស្វាមី ដោយសារ​បទ​ចម្រៀងរ​បស់​នាង​ជាច្រើន​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន​ក្នុង និង ក្រៅប្រទេស​រហូត​ត្រូវបាន​គេ​អញ្ជើញ​នាង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ។ ដោយឡែក​ចុងក្រោយ​នេះ​គេ​ពុំ​ឃើញ​នាង​ចេញទៅ​ក្រៅប្រទេស​សម្តែង​ដូច​មុន​ទៀត​ទេ ។

បើតាម​ប្រភពព័ត៌មាន​ដែល​ស្និទ្ធស្នាល​ជាមួយ ឈិ​ត សុវណ្ណ​បញ្ញា បាន​បង្ហើប​ប្រាប់ថា គូស្នេហ៍ ឈិ​ត សុវណ្ណ​បញ្ញា មិន​អនុញ្ញាតិ​ឲ្យ​នាង​ចេញ​ក្រៅ ទើប​នាង​ផ្អាក​មិន​ទទួលយក​ការសម្តែង​ទាំងនោះ ។ ទោះជា​យ៉ាងនេះ​ក្តី ថ្មីៗ​នេះ​មាន​គេ​ទាក់ទង ឈិ​ត សុវណ្ណ​បញ្ញា ឲ្យ​ចេញទៅ​សម្តែង​នៅ​ប្រទេសមួយ ដោយពេល​នេះ​កំពុង​រៀបចំ​ឯកសារ​កា​ល​ណា​ទទួលបាន​ទិដ្ឋាការ​ពី​ស្ថានទូត​ហើយ នាង​នឹង​ចេញទៅ​ក្រៅ​សាជាថ្មី ៕​ម៉ា រី​សា​


​ ​ ​ ​

Related