សពអ្នក​នេសាទម្នាក់​ដែល​បាត់​ខ្លួន​ក្នុង​ទឹករណ្តៅ​ដី​ឧក​ញ៉ា​ញឹក​ ផន ​បាន​ផុស​អណ្តែត​ហើយ​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា បុរសអ្នក​នេសាទ​​ម្នាក់​ដែល​បាត់​ខ្លួន​ដោយសារ​បាក់​ទំនប់​រណ្តៅ​ដី​ឧក​ញ៉ា​ញឹក ផន​ ហៅ​កៅ កាល​ពី​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា នៅ​ក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​ សព​បាន​ផុស​អណ្តែត​ហើយ​កាល​ពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​១៣ វិច្ឆិកា នេះ​។

សព​បុរស​រង​គ្រោះ​ឈ្មោះ​ទូច ស្វិត អាយុ​៣៣​ឆ្នាំ ជា​អ្នក​នេសាទ​ ​​ប្រពន្ធ​ឈ្មោះ​ភន់ ភាព អាយុ​៣៨​ឆ្នាំ មាន​កូន​ប្រុស​តូចៗ​៦​នាក់​ រស់នៅ​ភូមិ​ត្រពាំង​រាំង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។

គួរ​បញ្ជាក់​ថា បុរស​ម្នាក់​បានរង​របួសធ្ងន់ និង​ម្នាក់​ទៀត​បាត់​ខ្លួន​នៅ​ក្នុង​ទឹក​រណ្តៅ​ដី ខណៈ​ពេល​កំពុង​តែ​អុំទូក​បង់សំណាញ់​នៅ​ក្នុង​បឹង​ទំនប់​កប់​ស្រូវ​ស្រាប់តែ​បាក់​ទំនប់​ធ្វើ​ឲ្យ​ទឹក​កួច​ក្រឡាប់​លិច​ទូក និង​មនុស្ស​ទៅ​ជាមួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ វិច្ឆិកា ស្ថិត​នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

តាម​ប្រភព​ព័​ត័​មាននៅ​ជិត​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា បឹង​ទំនប់​កប់​ស្រូវ​ស្ថិត​នៅ​ជាប់​នឹង​រណ្តៅ​ដី​ធំ​មួយ​ជ្រៅ​ដល់​ក្បាល​ប្រេត​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​រណ្តៅ​ដី​របស់​ឧកញ៉ា​ញឹក ផ​ន ហៅ​តា​កៅ បាន​ជីក​នៅ​កណ្តាល​បឹង​មាន​ជម្រៅ៣០-៤០​ម៉ែត្រ គ្រាន់តែ​ជីក​ហើយ​លើកដី​ធ្វើ​ជា​ទំនប់​ខណ្ឌ​ពី​គ្នា ។

ទោះ​បី​ជា​យ៉ាង​ណា​តាំង​ពី​បាត់​ខ្លួន​រហូត​មក​ដល់​សព​អណ្តែត​ឡើង​នេះ​ ម្ចាស់​រណ្តៅដី​មិន​ទទួល​ខុស​ត្រូវ​ជួយ​ឧបត្ថម្ភជា​ថិវកា​ដល់​ជន​រង​គ្រោះ​ទេ​ ៕