Big Bang អាច​នឹង​មិន​ចូល​រួម MAMA ឆ្នាំ​នេះ


Big Bang អាច​នឹង​មិន​ចូល​រួម MAMA ឆ្នាំ​នេះ

បើ​ទោះ​ជា​សល់​រយៈពេល​​ត្រឹម​តែ​ពីរ​សប្ដាហ៍​ទៀត កម្មវិធី​ប្រគល់​រង្វាន់​ដ៏​ធំ​ប្រចាំ​ឆ្នាំ MAMA (Mnet Asian Music Awards) នឹងប្រព្រឹត្ត​ឡើង តែ​ផលិតកម្ម YG នៅ​មិន​ទាន់​បញ្ជាក់​ថា​តារា​រូប​ណា​ខ្លះ​របស់​ខ្លួន​នឹង​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ទេ។

 

Big Bang អាច​នឹង​មិន​ចូល​រួម MAMA ឆ្នាំ​នេះ

ក្រុម​ចម្រៀង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ផលិតកម្ម YG ដូច​ជា Big Bang និង 2NE1 គឺ​ជា​តារា​ចម្រៀង​ដែល​តែង​តែ​ធ្វើ​ឲ្យ​កម្មវិធី​ប្រគល់​រង្វាន់​តូច​ធំ​នៅ​ចុង​ឆ្នាំ​មាន​ភាព​​អ៊ឹកធឹក​​តាមរយៈ​ការ​សម្ដែង​របស់​ពួក​គេ​ជា​រៀង​រាល់​ឆ្នាំ។ វត្តមាន​របស់​ពួក​គេ​គឺ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​កម្មវិធី​ទាំង​នេះ។ ជា​ពិសេស​គឺ Big Bang ដោយ​ក្រុម​ចម្រៀង​​៥​សមាជិក​នេះ​ បាន​ចេញ​បទ​ចម្រៀង​ជា​ច្រើន​ ក្នុង​ឆ្នាំ ២០១៥។​

 

កាល​ពី​ខែ​តុលា​កន្លងទៅ YG Entertainment បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​មួយ​ភាំង​នៅ​ពេល​ប្រាប់​ថា Mnet មិន​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម MAMA ឆ្នាំ​នេះ​នោះ​ទេ។ ជា​ធម្មតា តារា​ដែល​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ត្រូវ​បាន​​​គេ​ឲ្យ​ដំណឹង​មុន​ពីរ​ខែ ដើម្បី​ត្រៀម​នូវ​ការ​សម្ដែង​របស់​ខ្លួន។ មក​ដល់​ពេល​នេះ​គឺ​នៅ​សល់​ត្រឹម​១០​ថ្ងៃ​ជាង​ប៉ុណ្ណោះ MAMA នឹង​ត្រូវ​ប្រារព្ធ​ឡើង​ហើយ ដូច​នេះ​អ្នក​គាំទ្រ​បាន​សន្និដ្ឋាន​ថា Big Bang នឹង​មិន​ចូល​រួម​កម្មវិធី​ប្រគល់​រង្វាន់​ប្រចាំ​នេះ​ទេ ជា​ពិសេស​នៅ​ពេល​ដែល Big Bang កំពុង​តែ​រវល់​នឹង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ពួក​គេ​នៅ​ជប៉ុន។

 

យ៉ាងណាមិញ ថ្មី​ៗ​នេះ អ្នក​តំណាង​របស់ Mnet បាន​ចូល​ជួប​នាយក​ប្រតិបត្តិ​របស់ YG គឺ​លោក Yang Hyun Suk ដើម្បី​ពិភាក្សា​ពី​វត្តមាន​របស់ Big Bang និង Ikon។ ភាគី​ទាំង​សង​ខាង​កំពុង​ពិចារណា​ដើម្បី​រក​ជម្រើស​ដែល​ល្អ​បំផុត។ YG បាន​ប្រាប់​ថា​វា​អាច​ជាន់​នឹង​កាលវិភាគ​របស់​តារា​ខ្លួន ហើយ Mnet ក៏​បាន​សុំ​ឲ្យ​អ្នក​គាំទ្រ​បន្ត​ការ​រង់​ចាំ​ដោយ​ភាគី​ទាំង​ពីរ​នឹង​មាន​ការ​ជួប​គ្នា​ម្ដង​ទៀត​នៅ​ពេល​ក្រោយ៕

 

ចុចអាន៖តារា​កូរ៉េ៩​ រូប​ដែល​​​កើត​ចេញ​ពី​គ្រួសារ​ក្រ​លំបាក

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖ soompi