លួច​ស្រលាញ់​មនុស្ស​ម្នាក់​រយៈពេល​៨ឆ្នាំ ទី​បំផុត…

លួច​ស្រលាញ់​មនុស្ស​ម្នាក់​រយៈពេល​៨ឆ្នាំ ទី​បំផុត…

នៅ​ឆ្នាំ ២០០៧​ ជា​ឆ្នាំ​ដែល​ខ្ញុំ​រៀន​នៅ​ថ្នាក់​ទី៨ នៅ​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​កណ្ដាល។ តាំងពី​ខ្ញុំ​ដឹង​ក្ដី​មក ​ខ្ញុំ​មិនដែល​មាន​អារម្មណ៍​រំភើប ឬ​ស្រលាញ់​អ្នកណាម្នាក់​ឡើយ… រហូត​ដល់​ថ្ងៃមួយ​ខ្ញុំ​បាន​ជួប​នារី ម្នាក់​ជា​ប្អូន​ជីដូន​មួយ​របស់ខ្ញុំ ដែល​ធ្លាប់​ជួប​គ្នា​ម្ដង​កាលពី​នៅ​អាយុ ៨ ឆ្នាំ។

 

ក្រោយ​មក​នាង​មក​រស់​នៅ​ផ្ទះ​របស់​ខ្ញុំ​ដោយ​សារ​ផ្ទះ​របស់​នាង​នៅ​ឆ្ងាយ​ពី​សាលា​ពេក​​។ ក្នុង​ឆ្នាំ​សិក្សា ២០០៨-២០០៩ ជា​ឆ្នាំ​ដែល​ខ្ញុំ​រៀន​ថ្នាក់​ទី៩ ហើយ​នាង​រៀន​ថ្នាក់​ទី​៧។

 

ដោយ​សារ​តែ​ការរស់នៅ​ផ្ទះ​ជាមួយគ្នា ​បាន​ឃើញ​មុខ​គ្នា​រាល់ថ្ងៃ ​និង​មាន​ភាព​ស្និត​ស្នាល​ជាមួយគ្នា ធ្វើ​អោយ​ខ្ញុំ​ពេញចិត្ត​នាង​ដោយ​មិន​ដឹង​ខ្លួន។

 

ពេល​ទំនេរ​ពី​កា​រ​សិក្សា​ពួក​យើង​តែងតែ ទៅ​ជិះ​ទូក​លេង ហើយ​ពេលយប់​តែង​អង្គុយ​មើល​ព្រះ​ច័ន្ទ និង​និយាយ​គ្នា​លេង ​ធ្វើ​អោយ​ខ្ញុំ​កាន់​តែ​ស្រលាញ់​នាង​ខ្លាំង​ឡើង​ៗ ហើយ​ខ្ញុំ​ក៏​គិត​ថា​នាង​ប្រហែលជា​ស្រលាញ់​ខ្ញុំ​វិញ​ដែរ។ ដោយ​សារ​តែ​ការ​​ស្រលាញ់ ធ្វើ​អោយ​ខ្ញុំ​ផ្លាស់​ប្ដូរ​ទម្លាប់​ក្រោក​ពេលព្រឹក ពីមុន​ខ្ញុំ​ធ្លាប់​ក្រោក​ម៉ោង​ប្រាំ​មួយ ឬ ប្រាំមួយ​កន្លះ តែ​ដោយ​សា​រ​ចង់​ឃើញ​មុខ​គេ ខ្ញុំ​តែងតែ​ដាក់​ម៉ោង​រោទ៍ ក្រោក​ម៉ោង បួន​កន្លះ​ព្រឹក​ ព្រោះ​ចង់​ឃើញ​នាង​ចុះទៅ​ងូត​ទឹក និង​អង្គុយ​មើល​នាង​ធ្វើ​កិច្ចការ​ផ្ទះ មុននឹង​ទៅ​រៀន។

 

ហើយ​ពេល​ត្រឡប់​មកពី​រៀន​វិញ ខ្ញុំ​តែងតែ​សម្លឹង​មើល​មុខ​ជណ្ដើរ​មុនគេ ពេល​ឃើញ​ស្បែកជើង​គេ​ខ្ញុំ​មាន​អារម្មណ៍​ថា​ធូរ​​ស្បើយ​ក្នុង​ចិត្ត តែ​បើ​មិន​ឃើញ​ខ្ញុំ​តែងតែ​អង្គុយ​ក្រោម​ផ្ទះ​រង់ចាំ​មើល​គេ​ត្រឡប់​មកពី​រៀន​មុននឹង​ទៅ​ផ្លាស់​សំលៀកបំពាក់។ ខ្ញុំ​តែងតែ​ចង់​ដឹង ចង់​ឮ​រឿង​រ៉ាវ​ដែល​ទាក់ទង​នឹង​នាង​ទាំងអស់។ តែ​ខ្ញុំ​មិនដែល​មាន​គំនិត​ចង់​បំពាន​លើ​នាង​ម្ដង​ណា​ឡើយ ខ្ញុំ​តែងតែ​ជួយ​នាង​រហូត ពេល​នាង​មានទុក្ខ​ ខ្ញុំ​ក៏​ពិបាកចិត្ត​មិន​ចាញ់​នាង​ដែរ ខ្ញុំ​តែងតែ​នៅ​ក្បែរ​នាង​រហូត​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ខ្ញុំ​តែងតែ​ចង់​ឃើញ​ស្នាមញញឹម​របស់​នាង ព្រោះ​ស្នាមញញឹម​របស់​នាង​ពិតជា​ស្រស់​ស្អាត​ណាស់ ហើយ​ធ្វើ​អោយ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វីមួយ។

 

នេះ​ប្រហែលជា​ខ្ញុំ​មិនដែល​មាន​ស្នេហា​ពី​មុន​មក និង​ជា​ស្នេហា​ដំបូង​របស់ខ្ញុំ​ទៀត​បានជា​ធ្វើ​ឱ្យ​​ខ្ញុំ​ស្រលាញ់​នាង​ខ្លាំង​​យ៉ាង​នេះ។
នាង​ជា​នារី​ដែល​ស្រស់​ស្អាត​ សុភាព​រាប​សារ ​ថ្លៃ​ថ្នូរ​ ប្រុសៗ​ណា​ក៏​តាម​នាង​ដែរ រហូត​ដល់​មាន​ចាស់ៗ​ខ្លះ​ចង់​ស្ដី​ដណ្ដឹង​នាង​ឱ្យ​កូន​ប្រុស​គេ​ទៀត​ផង។ តែ​ថ្ងៃ​មួយ​នាង​បាន​មក​សួរ​នាំ​​ខ្ញុំ​អំពី​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់​ថា​គេ​ នោះ​ចរិត​ឫកពា​យ៉ាង​ម៉េច​ ធ្លាប់​មាន​សង្សារ​អត់? ខ្ញុំ​ក៏​ឆ្លើយ​ប្រាប់​តាម​ត្រង់​ថា​គេ​គេ​មនុស្ស​សុភាព​រាប​សារ​មិន​សូវ​ចេះ​និយាយ​ស្ដី​ច្រើន​ទេ​ហើយ​ក៏​មិន​ធ្លាប់​មាន​សង្សារ​ដែរ។ នាង​ក៏​ញញឹម​ហើយ​ហុច​សំបុត្រ​មួយ​សន្លឹក​មក​ខ្ញុំ​ គឺ​ជា​សំបុត្រ​ដែល​មិត្តភ័ក្ដិ​ខ្ញុំ​សុំ​ស្រឡាញ់​នាង។ ពេល​នោះ​នាង​ក៏​បាន​សុំ​យោបល់​ពី​ខ្ញុំ​ដែរ​ថា​តើ​គួរ​គិត​យ៉ាង​ណា ខ្ញុំ​ក៏​ពន្យល់​នាង​ឱ្យ​ធ្វើ​តាម​បេះដូង​ខ្លួន​ឯង​។ នាង​បាន​យល់​ហើយ​ក៏​តប​ថា​យល់​ព្រម​ទៅ​កាន់​គេ។

 

បន្ទាប់​មក​ពួកគេ​ក៏បាន​ទាក់ទង​គ្នា ពួកគេ​តែងតែ​តប​សំបុត្រ​គ្នា​ទៅវិញទៅមក និង​ទិញ​របស់​អនុស្សាវរីយ៍​អោយ​គ្នា។ ទំនាក់ទំនង​របស់​ពួកគេ​គឺ​តាមរយៈ​ខ្ញុំ​ទាំងអស់។ ពេលខ្លះ​ខ្ញុំ​ទ្រាំ​នឹង​ការ​​ឈឺចាប់​ស្ទើរ​តែ​មិនបាន​ទៅ​ហើយ ដឹង​ហើយ​ថា​ខ្លួន​ស្រលាញ់​ដែរ តែ​នៅ​ធ្វើ​មេ​អណ្ដើក​អោយ​គេ​ទៀត នេះ​ព្រោះតែ​ខ្ញុំ​ចង់​ឃើញ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​មាន​សេចក្ដី​សុខ។

 

 

លួច​ស្រលាញ់​មនុស្ស​ម្នាក់​រយៈពេល​៨ឆ្នាំ ទី​បំផុត…

 

(រូបតំណាង)

 

ចុង​ឆ្នាំ ២០០៩ នាង​ត្រូវ​បង្ខំចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី៨ ដោយ​សារ​​មាន​បញ្ហា​គ្រួសារ​ ណាមួយ​ឪពុក​ម្ដាយ​ខ្ញុំ​ត្រូវ​ផ្លាស់​ទីលំនៅ។ តែ​គេ​ពីរ​នាក់​​នៅតែ​ស្រលាញ់​គ្នា និង​ទាក់ទង​គ្នា​ដូចដើម។

 

មួយ​រយៈ​ក្រោយ​មក​ទៀត​ដូច​គេ​ថា «ឃ្លាត​កាយ​ណាយចិត្ត» ដោយសារ​តែ​ការ​នៅ​ឆ្ងាយ​ពី​គ្នា​ ស្នេហា​របស់​ពួកគេ​ក៏​មាន​ការ​រកាំរកូស​ រហូត​ឈាន​ដល់​ផ្លូវ​បំបែក ដោយ​ខាង ប្រុស​ជា​អ្នក​បញ្ចប់។ តែ​ចិត្ត​របស់ខ្ញុំ​នៅតែ​ស្រលាញ់​នៅតែ​នឹក​នាង​ដូចដើម។

 

ឆ្នាំ២០១០ ដោយ​សារ​តែ​ការ​ស្រលាញ់ និង​នឹក​នាង​ខ្លាំង​ពេក ណាមួយ​ខ្ញុំ​មិនដែល​ទៅលេង​ផ្ទះ​មីង​ខ្ញុំ​ផង ដូចនេះ​ខ្ញុំ​ក៏បាន​ទៅលេង​ភូមិ​នាង​ជា​លើកដំបូង ហើយ​ពេលនោះ​ក៏​ជា​ពេល​ដែល​ខ្ញុំ​សប្បាយចិត្ត​បំផុត​នៅ​ក្នុង​ជីវិត​ខ្ញុំ​ផង​ដែរ ទោះ​ពេលនោះ​ខ្ញុំ​មិនបាន​សារភាព​ក៏ដោយ​តែ​នាង​​ដឹង​នូវ​​ទង្វើ​របស់ខ្ញុំ​ដែល​បាន​បង្ហាញ​​ប្រាប់​នាង។

 

ពេលនោះ​ពួក​យើង​ស្និត​ស្នាល​គ្នា​ខ្លាំង​ជាង​មុន​ទៅទៀត ​តែងតែ​នៅ​ជាមួយគ្នា​ ដូច​គូសង្សារ។ មុន​ចូល​គេង​ពួក​យើង​តែងតែ​ដេក​នៅ​លើ​អង្រឹង​ជាមួយគ្នា ហើយ​ពេល​ចូល​គេង​ខ្ញុំ​ដេក​នៅមុខ​បន្ទប់​នាង នាង​បាន​យក​ភួយ​​ខ្នើយ​​របស់​នាង​មក​អោយ​ខ្ញុំ​ដេក​រាល់​​យប់ និង​ជួយ​គ្នា​បោក​សំលៀកបំពាក់​ជាដើម​។

 

ហើយ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​គិត​ម្ដង​ទៀត​ថា​នាង​ប្រហែលជា​ស្រលាញ់​ខ្ញុំ​វិញ​ដែរ។ ​ពេលនោះ​ខ្ញុំ​រៀប​​នឹង​សារភាព​ទៅ​ហើយ​តែ​បែរ​ជា​ខក​ខាន​ទៅវិញ ដោយសារ​តែ​បងប្រុស​នាង​មក​បបួល​នាង​ទៅលេង​តាម​ខេត្ត ដូចនេះ​នាង​ក៏បាន​ទៅ​ចោល​ខ្ញុំ​បាត់​ទៅ ។ ពេល​ដែល​នាង​ចេញដំណើរ​ទៅ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​ចិត្ត​សោះ ដួច​កំពុង​បាត់​បង់​នាង​​​​​អញ្ចឹង ទោះ​ជា​ខ្ញុំ​ខំ​ឃាត់​នាង​កុំ​ឱ្យ​ទៅ​ តែ​នាង​នៅ​តែ​ទៅ​ ដោយ​ប្រាប់​ថា​ពេល​វេលា​នៅ​មាន​ច្រើន​ទៀត​ ។

 

ដោយសារ​​តែ​នាង​ទៅ​ដើរលេង​យូរ​ពេក ខ្ញុំ​ក៏​ដល់​ថ្ងៃ​ចូលរៀន​វិញ​ដែរ​ ខ្ញុំ​ក៏បាន​ត្រឡប់​មក​សាលា​វិញ​យ៉ាង​អា​ឡោះ​អាល័យ​បំផុត។

 

ក្រោយ​ពេល​ដែល​ខ្ញុំ​មកដល់​ភូមិ​វិញ​ពួក​យើង​តែងតែ​ទាក់ទង​គ្នា​តាមរយៈ​ទូរសព្ទ​ដូចដើម ពួក​យើង​តែងតែ​ផ្ញើ​សារ​​អោយ​គ្នា​ដោយ​ប្រើ​ពាក្យ​ស្នេហា ដូច​គូ​សង្សារ​។

 

រហូតដល់​ថ្ងៃមួយ​ខ្ញុំ​សួរ​នាង​ថា សារ​ដែល​​នាង​ផ្ញើ​មក​ ​ជា​ការ​ពិត​ឬ​​លេង​ៗ? និង​ផ្ដាំ​នាង​ទៀត​ថា​កុំ​អោយ​អ្នក​ណា​ឃើញ។ តែ​នាង​ឆ្លើយ​ថា អត្ថន័យ​ក្នុង​សារ​វា​គ្រាន់តែ​ជា​ការ​កំដរ​កា​រអផ្សុក​តែ​ប៉ុណ្ណោះ​ កុំ​ឱ្យ​ខ្ញុំ​ទុក​ក្នុង​ចិត្ត​អី ហើយ​ ឪពុក​នាង​ ម្ដាយ​នាង​សុទ្ធ​តែ​បាន​ឃើញ​​ ជា​ពិសេស​​ជួន​កាល​ប្អូនស្រី​នាង​អាន​សារ​ឱ្យ​នាង​ស្ដាប់​ទៀត​ផង។

 

ចម្លើយ​របស់​នាង​ធ្វើ​អោយ​ខ្ញុំ​រក​ពាក្យ​អ្វី​និយាយ​មិន​រួច អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​បែរជា​គ្មាន​ន័យ​ទៅវិញ ខុស​ទាំង​ស្រុង​នូវ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា នាង​ប្រហែល​មានចិត្ត​លើ​ខ្ញុំ​ខ្លះ​​ដែរ ព្រោះ​នាង​បាន​ឆ្លើយតប​នូវ​អ្វី​ដែល​ខ្ញុំ​ចង់បាន​រហូត ជា​ពិសេស​រឿង​ស្នេហា​ដែល​ខ្ញុំ​បាន​សួរ​នាង។ ខ្ញុំ​បាន​រៀប​រាប់​អារម្មណ៍​ពិត​ស្ដែង​តាម​រយៈ​សារ​អស់​ហើយ​ដើម្បី​ឱ្យ​ដឹង​ថា​ ខ្ញុំ​ស្រឡាញ់​នាង​ប៉ុណ្ណា​តែ​ ផ្ទុយ​ទៅ​វិញ​ពេល​ដឹង​ហើយ​នាង​បែរ​ជា​ផ្ដល់​ការ​ឈឺ​ចាប់​ឱ្យ​ខ្ញុំ​។ ​​​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​បាន​ខឹង​នឹង​នាង​ដែរ ខ្ញុំ​បាន​ទទួល​យក​ការ​ឈឺ​ចាប់​ហើយ​ គោរព​ការ​សម្រេច​ចិត្ត​របស់​នាង។

 

មួយ​រយៈពេល​ក្រោយ​មក​ទៀត​ខ្ញុំ​ក៏បាន​ទៅលេង​ភូមិ​នាង​ម្ដង​ទៀត​រួម​ដំណើរ​ជាមួយ​មិត្តភ័ក្ដិ​ស្រីៗ និង​ប្អូនស្រី​ខ្ញុំ ដើម្បី​ទៅ​ចូលរួម​បុណ្យ​​នៅ​ទី​នោះ​ ដោយ​ស្នាក់​នៅផ្ទះ​នាង​ទាំងអស់​គ្នា​ តែ​​ពេលនោះ​នាង​មិន​ដូច​ពីមុន​ទេ នាង​ធ្វើ​តោះតើយ​​ដាក់​ខ្ញុំ ហើយ​មិន​ហ៊ាន​ស្និត​ស្នាល​ជាមួយ​ខ្ញុំ​ដូច​មុន​ទៀត​ទេ នេះ​ប្រហែលជា​នាង​បាន​ដឹង​ថា​ខ្ញុំ​ស្រលាញ់​នាង​ហើយ។

 

ពេល​ចូល​គេង​មីង​បាន​អោយ​នាង​រៀបចំ​កន្លែង​អោយ​ខ្ញុំ​គេង​នៅ​លើ​ផ្ទះ ខ្ញុំ​បាន​សួរ​រក​ភួយ​​ដែល​ខ្ញុំ​ធ្លាប់​ដណ្ដប់​​ពីមុន​ដែរ តែ​នាង​ធ្វើ​ដូច​មិន​ឮ​ខ្ញុំ​សួរ ហើយ​រក​ពាក្យ​អ្វី​ផ្សេង​មក​និយាយ​បន្លប់​វិញ។ ឃើញ​ដូចនេះ​ខ្ញុំ​មិន​សួរនាំ​ច្រើន​ទៀត​ទេ ហើយ​មើល​ទៅ​នាង​មិន​សូវ​ខ្វាយខ្វល់​នឹង​ខ្ញុំ​ដូច​ពីមុន ខ្ញុំ​ក៏​មិន​ហ៊ាន​រំខាន​នាង​ដែរ ខ្ញុំ​ទៅ​​ចង​អង្រឹង​ដេក​ក្រោម​ផ្ទះ ណាមួយ​នៅ​លើ​ផ្ទះ​មាន​ស្រី​ៗ​ច្រើន​ទៀត ហើយក៏​ចង់​ដឹង​ចិត្ត​នាង​អោយ​ច្បាស់​ដែរ ព្រោះ​កាលពី​មុន​ពេល​ខ្ញុំ​ដេកលក់​នៅ​លើ​អង្រឹង នាង​តែងតែ​មក​ហៅ​ខ្ញុំ​អោយ​ទៅ​ដេក​នៅ​លើ​ផ្ទះ​វិញ​ខ្លាច​មូស​ខាំ ដោយ​រៀប​កន្លែង​អោយ​ខ្ញុំ​គេង​រួចជាស្រេច។ តែ​ពេលនេះ​ខ្ញុំ​បាន​ដឹង​ច្បាស់​ហើយ​ថា​នាង​ពិតជា​មិន​ខ្វាយខ្វល់​នឹង​ខ្ញុំ​ពិតប្រាកដ​មែន ទោះ​ខ្ញុំ​នៅ​ទីណា ដេក​ទីណា​ក៏​នាង​មិន​សួរ​​នាំ​ដូច​ពីមុន​ដែរ។

 

តែ​ទោះ​យ៉ាង​ណា​ពួក​យើង​ក៏​មាន​ពេល​វេលា​សប្បាយ​ៗ​ជា​មួយ​មិត្តភ័ក្ដិ​ទាំង​អស់​គ្នា​ដែរ។ ពួក​យើង​​ដើរលេង​រហូត ទោះ​មិនបាន​ដើរលេង​តែ​ពីរ​នាក់ ក៏​បានជា​ក្រុម​ដែរ។ ខ្ញុំ​មិន​សូវ​មាន​ពេល​និយាយ​លេង​ជាមួយ​នាង​ដូច​មុន​ទេ ព្រោះ​នាង​តែងតែ​គេច​មុខ​ពី​ខ្ញុំ ហើយ​តែងតែ​នៅ​ជាមួយ​មិត្តភ័ក្ដិ​ស្រីៗ និង​ប្អូនស្រី​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​មិន​សូវ​មាន​ឱកាស​ចូល​ទៅ​ជិត​នាង​ទេ។

 

តែ​មាន​ពេល​មួយ​ខ្ញុំ​ក៏​មាន​ឱកាស​និយាយ​លេង​ជាមួយ​នាង ខ្ញុំ​ក៏បាន​សួរ​នាង​ថា «អូន! បង​បាន​ឮ​ថា ចាស់​ៗ​ចង់​ភ្ជាប់​ប្អូនប្រុស​បង ​និង​ប្អូន​ស្រី​អូន​មែន​អត់?» ។ នាង​បាន​និយាយ​ការ​ពិត​ថា « មែន! រវាង​ប្អូនស្រី​ខ្ញុំ និង​ប្អូនប្រុស​បង ឬ​រវាង​ខ្ញុំ​និង​បង ម៉ាក់​ខ្ញុំ​ចង់​ភ្ជាប់​សាច់ឈាម​និង​គ្នា តែ​នេះ​រឿង​កាលពីមុន​ទេ ពេលនេះ​ពួក​យើង​ធំ​ៗ​អស់ហើយ យើង​មាន​សិទ្ធិ​ជ្រើសរើស​គួ​ស្រករ​រៀង​ៗ​ខ្លួន ហើយ​ម៉ាក់​ខ្ញុំ​ក៏​មិនបាន​បង្ខំ​កូន​ណា​ម្នាក់​ដែរ បើ​ពួកគេ​ស្រលាញ់​គ្នា ម៉ាក់​ខ្ញុំ​ក៏​មិន​ថា​អី​ដែរ តែ​ឮ​ថា​ពួកគេ​មិនបាន​ស្រលាញ់​គ្នា​ទេ​មែន​ទេ? ណាមួយ​ឥឡូវ​ម៉ាក់​ខ្ញុំ ​មិន​សូវ​និយាយ​រឿង​នេះ​ទៀត​ទេ ដូចនេះ​សូម​​មេត្តា​បង​កុំ​រំលឹក​ពួកគាត់​អី អាណិត​ខ្ញុំ​ផង ណាមួយ​ពួក​យើង​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា​ទៀត ប្រៀប​ដូច​បង​ប្អូន​​នឹង​គ្នា​ចឹង កុំ​ស្រលាញ់​ល្អ​ជាង!»។ ឮ​ចម្លើយ​នាង​បែបនេះ​ខ្ញុំ​ក៏​គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​ដែរ បាន​ត្រឹមតែ​ងក់ក្បាល​ប៉ុណ្ណោះ ហើយក៏​ធ្វើ​អោយ​ខ្ញុំ​ដឹង​កាន់​តែ​ច្បាស់​ដែរ​ថា​នាង​​មិនបាន​ស្រលាញ់​ខ្ញុំ​ទេ គឺ​ខ្ញុំ​ស្រលាញ់​នាង​តែ​ម្ខាង​តាំង​ពី​ដើម​រហូត​មក។

 

ក្រោយពី​កម្មវិធី​នៅ​ភូមិ​នាង​បាន​បញ្ចប់​ពួក​គេ​ក៏បាន​ត្រឡប់​មក​ភូមិ​វិញ​ទាំង​សប្បាយរីករាយ ខុស​ពី​ខ្ញុំ​ដែល​នៅ​មិន​សុខ​ក្នុង​ចិត្ត។
ក្រោយ​ត្រឡប់​មក​ភូមិ​វិញ​យើង​ទាំងពីរ​នៅតែ​ទាក់ទង​គ្នា​តាមរយៈ​ទូរសព្ទ​ដូចដើម​ក្នុងនាម​ជា​បងប្អូន ពេល​នាង​មានទុក្ខ​នាង​តែងតែ​និយាយ​ប្រាប់​ខ្ញុំ​ទាំងអស់ ខ្ញុំ​តែងតែ​ផ្ដល់​យោបល់​អោយ​នាង តែងតែ​លើក​កម្លាំង​ចិត្ត មិន​ថា​រឿង​អ្វី​ដ៏​ដោយ។

 

រហូតដល់​ថ្ងៃមួយ​នាង​បាន call​មក​ខ្ញុំ​ ហើយ​និយាយ​ប្រាប់​ខ្ញុំ​ថា មាន​គេ​ម្នាក់​ដែល​ជា​កូន​អ្នក​មាន​ទ្រព្យ​ ចរិត​រាប​សារ​រម្យទម​ចូល​ស្ដី​ដណ្ដឹង​នាង​។ ខ្ញុំ​បាន​ត្រឹម​តែ​ផ្ដាំ​ទៅ​នាង​ទាំង​ឈឺ​ចាប់​ថា​ ឱ្យ​នាង​សិក្សា​ស្វែង​យល់​​ចិត្ត​គេ​ឱ្យ​ច្បាស់​ ព្រោះ​ខ្ញុំ​មិន​ចង់​ឃើញ​នាង​​យំ​ក្រោយ​រៀបការ​នោះ​ទេ​ខ្ញុំ​ចង់​ឃើញ​នាង​មាន​សុភមង្គល​ជា​មួយ​មនុស្ស​ដែល​នាង​ស្រឡាញ់។ បន្ទាប់​ពី​ស្ដាប់​យោបល់​ខ្ញុំ​ហើយ​ នាង​ក៏​សម្រេច​ចិត្ត​ព្រម​តាម​ឪពុក​ម្ដាយ​នាង​ តែ​នាង​សុំ​គេ​ទុក​ពេល​រៀន​បី​ឆ្នាំ​សិន។ ​

 

ក្រោយមក​ពួក​យើង​នៅតែ​ទាក់ទង​គ្នា​តាមរយៈ​ទូរសព្ទ តែ​ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី​ស្និត​ស្នាល​ដូច​ពីមុន​ទៀត​ទេ ព្រោះ​គេ​មាន​គូ​ដណ្ដឹង​ហើយ។ ស្រាប់​តែ​មាន​ថ្ងៃ​មួយ​នោះ​នាង​ទូរសព្ទ​ប្រាប់​ខ្ញុំ​ថា​នាង​ទើប​នឹង​ស្រឡាញ់​គ្នា​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត​ តែ​ក៏​មិន​ចង់​ឱ្យ​ម្ដាយ​នាង​ពិបាក​ចិត្ត​ដែរ​ព្រោះ​គាត់​ខ្សោយ​ផង ហើយ​ក៏​រឹត​តែ​មិន​ចង់​ឱ្យ​​គូ​ដណ្ដឹង​ខូច​ចិត្ត​ទៀត។​ ​ខ្ញុំ​ក៏​ផ្ដាំ​ទៅ​នាង​ ឱ្យ​រើស​យក​គូ​ដណ្ដឹង​ដោយ​ខ្ញុំ​មើល​ឃើញ​ថា​​គ្រួសារ​ទាំង​ពីរ​ទទួល​ស្គាល់​ដឹង​លឺ​អស់​ហើយ​ ណា​មួយ​គេ​ក៏​ជា​មនុស្ស​ល្អ​ដែរ​ តែ​បើ​នាង​ពិត​ជា​ស្រឡាញ់​អ្នក​ថ្មី​ពិត​មែន​ត្រូវ​និយាយ​ជាមួយ​ចាស់ៗ​និង គូ​ដណ្ដឹង​ឱ្យ​ច្បាស់។

 

ចម្លើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ចាប់​នោះ​គឺ​ នាង​ប្រាប់​ថា​អាណិត​គូ​ដណ្ដឹង​ណាស់​មិន​ចង់​ធ្វើ​បាប​ចិត្ត​គេ​ទេ។ ត្រង់​គេ​នាង​ខ្លាច​គេ​ឈឺ ចុះ​ខ្ញុំ? មិន​ចេះ​ឈឺ​ទេ​ឬ?

 

ក្រោយ​មួយ រយៈ​ពេល​ខ្លី​ខាង​គូ​ដណ្ដឹង​នាង ក៏​ចាប់ ផ្ដើម​សុំ​នាង​រៀបការ ខុស​ពី​ពាក្យ​ដែល​ធ្លាប់ សន្យា​គ្នា​ថា អោយ​នាង​រៀន ៣ឆ្នាំ​សិន ដោយ​​ខាង​ប្រុស​អះ​អាង​ថា កូនប្រុស​គាត់​កាន់​តែ​ចាស់​ហើយ ណាមួយ​ឪពុក ម្ដាយ​ក៏​កាន់​តែ​ជរា​ថែមទៀត ដូចនេះ​ពួកគាត់​ចង់​ឃើញ​កូន​មាន​សុភមង្គល និង​ចង់​ឃើញ​មុខ​ចៅ​មុន​គាត់​ស្លាប់​ទៅ ហើយ​នៅផ្ទះ​គ្មាន​មនុស្ស​ស្រី អត់​មាន​អ្នកណា​មើលថែ​ផ្ទះសម្បែង និង​ជួយ​មុខ​ជំនួញ​​គាត់ ​មិន​អាច​ចាំ​បានទេ​រយៈពេល៣ឆ្នាំ​នោះ គាត់​សុំទោស​ដែល​ខុស​ពាក្យសំដី ព្រោះ​គាត់​ចង់បាន​នាង​ពេក។ ខាង​ស្រី​ក៏​ចង់​ដែរ​តែ​នាង​មិន​ព្រម​ទេ ព្រោះ​នាង​ចង់​រៀន​បន្ត។ ដូចនេះ​គ្រួសារ​ទាំងពីរ​ក៏បាន​សម្រុះសម្រួល​គ្នា ហើយ​សម្រេច​ថា​ផ្ដាច់​ពាក្យ​នឹង​គ្នា ខាង​ប្រុស​ក៏​ចូល​ស្ដី​ដណ្ដឹង​អ្នក​ផ្សេង​រៀបការ​បាត់​ទៅ។

 

បន្ទាប់​មក​បុរស​ថ្មី​ដែល​នាង​ស្រលាញ់​ក៏បាន​ចូល​ដណ្ដឹង​នាង។ ក្រោយមក​ខ្ញុំ​ក៏បាន​ទៅលេង​ផ្ទះ​នាង​ម្ដង​ទៀត គឺជា​លើក​ទី៣ ហើយ​ក៏​ប្រហែល​​ជា​លើក​ចុងក្រោយ​ដែរ។ ទៅលេង​ភូមិ​នាង​ម្ដង​នេះ ខ្ញុំ​ដឹង​ខ្លួនឯង​ច្បាស់​ណាស់​ថា ពិតជា​ឈឺចាប់​ខ្លាំង​ហើយ ព្រោះ​នាង​មាន​គូដណ្ដឹង​ជា​លើក​ទី​ពីរ​ ​លើក​នេះ​មិនមែន​ដូច​លើក​មុន​ទេ ព្រោះ​ពេលនេះ​ពួកគេ​ស្រលាញ់​គ្នា​យ៉ាង​ពិត​ប្រាកដ។ តែ​ខ្ញុំ​សុខចិត្ត​ទទួលយក​ការឈឺចាប់​ទាំងអស់ សុំ​ត្រឹមតែ​ខ្ញុំ​បាន​ឃើញ​មុខ​នាង​ជា​លើក​ចុង​ក្រោយ មុននឹង​នាង​រៀបការ។

 

ខ្ញុំ​មក​លើ​ក​នេះ​ខ្ញុំ​មិន​ហ៊ាន​អង្គុយ​លេង​ជាមួយ​នាង​ដូច​មុន​ទេ ខ្លាច​អ្នកភូមិ​និន្ទា ខ្ញុំ​បាន​ត្រឹមតែ​លួច​សម្លឹង​នាង​ពី​ចម្ងាយ​ប៉ុណ្ណោះ​។

 

នៅ​លេង​ផ្ទះ​នាង​បាន ៥​ថ្ងៃ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​ខ្ញុំ​ត្រូវ​ត្រៀមខ្លួន​ប្រឡង​ឆមាស​ទី​មួយ តែ​សំណាង​ល្អ​នាង​ក៏បាន​ត្រឡប់​មក​ជាមួយ​ខ្ញុំ​ដែរ ព្រោះ​នាង​ត្រូវ​ទៅ​យក​របស់របរ​នៅ​ភ្នំពេញ។ ពេល​ជិះ​ឡាន​មក​នាង​ពុល​ឡាន​ហើយ​ដេក​លើ​ស្មា​ខ្ញុំ​រហូត ពេលនោះ​ខ្ញុំ​រំភើប​ចិត្ត​ណាស់ ទោះ​ពេលវេលា​ខ្លី​យ៉ាងណា​ក៏​ដោយ ក៏​ធ្វើ​អោយ​ខ្ញុំ​មាន​សេចក្ដី​សុខ​ដែរ។ ចង់​អោយ​ពេលវេលា​ឈប់​ត្រឹម​ហ្នឹង​ណាស់​ ព្រោះ​ចង់​ឃើញ​នាង​ឱ្យ​បាន​យូរ​។

 

ឡាន​ឈប់​នៅមុខ​ផ្ទះ​របស់ខ្ញុំ ខ្ញុំ​មិន​ចង់​ចុះ​ពីលើ​ឡាន​ផង! ហេតុអ្វី​ពេលវេលា​ដើរ​លឿន​​យ៉ាង​នេះ? ហេតុអ្វី​មិន​ទុក​ឱកាស​ឱ្យ​​ខ្ញុំ​បាន​នៅ​ជិត​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​បន្តិចទៀត​ទៅ? មាន​អារម្មណ៍​ថា​ខ្ញុំ​ដូច​ជា​បាត់​អ្វី​ម្យ៉ាង ខ្ញុំ​ចុះ​ពីលើ​ឡាន​ទាំង​ភ្នែក​ក្រហម រក​កល​ចង់​យំ ព្រោះ​ខ្ញុំ​ត្រូវ​បែក​ពី​​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ជា​រៀង​​រហូត​ហើយ។ ក្រោយ​ខ្ញុំ​ចុះ​ពីលើ​ឡាន នាង​ក៏​ត្រូវ​បន្ត​​ដំណើរ​ទៅ​គោល​ដៅ​របស់​នាង ខ្ញុំ​នៅ​ឈរ​មើល​ឡាន​រហូតដល់​ផុត​កន្ទុយ​ភ្នែក​ទាំង​រលីង​រលោង​ទឹកភ្នែក តែ​ខ្ញុំ​ខំ​ទប់​វា រហូតដល់​ចូល​ក្នុង​ផ្ទះ បាន​ខ្ញុំ​ស្រក់​ទឹកភ្នែក គឺជា​ទឹកភ្នែក​ដំបូង​​ព្រោះ​រឿង​ស្នេហា ហើយក៏​ជា​ការ​ឈឺចាប់​ខ្លាំង​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ពី​មុន​មក។

 

ដោយសារ​តែ​ជីវភាព​ក្រីក្រ និង​ជា​កូន​កំព្រា គូ​ដណ្ដឹង​របស់​នាង​ក៏បាន​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ក្រៅ​ដើម្បី​សន្សំ​លុយ​ទុក​រៀប​ការ​ជាមួយ​នាង។ ពួក​គេ​បាន​ទាក់​ទង​គ្នា​រហូត ពេលខ្លះ​ឈ្លោះ​​គ្នា តែ​ខ្ញុំ​ព្យាយាម​ពន្យល់​នាង ជួយ​លើក​កម្លាំង​ចិត្ត​អោយ​ពួកគេ ទោះ​ពេលខ្លះ​ឈ្លោះ​គ្នា​ក៏ដោយ​តែ​មិន​ដល់​ថ្នាក់​សុំ​ចែក​ផ្លូវ​គ្នា​ទេ។ ពេល​ទូរសព្ទ​នាង​ខូច ខ្ញុំ​បាន​ទិញ​ទូរសព្ទ​ថ្មី​ផ្ញើ​អោយ​នាង ដើម្បី​ឱ្យ​ពួក​គេ​ស្រួល​ទាក់​ទង​គ្នា ព្រោះ​ខ្ញុំ​មិន​ចង់​អោយ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ពិបាកចិត្ត​។

 

៦ខែក្រោយ​មក​គូ​ដណ្ដឹង​របស់​នាង​ក៏បាន​ត្រឡប់មកវិញ ចំ​ថ្ងៃ​ខ្ញុំ​ត្រូវ​ប្រឡង​បាក់​ឌុប ឆ្នាំ ២០១១។
ថ្ងៃ​ដែល​ដែល​គេ​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប អ្នក​ផ្សេង​គេ​បាន​ទទួល​កាដូ​ពី​មនុស្ស​ដែល​គេ​ស្រលាញ់ ឬ​ពី​អាណាព្យាបាល​យ៉ាង​ពេញចិត្ត​ទាំង​អស់​គ្នា លើកលែងតែ​ខ្ញុំ​ដែល​បាន​ទទួល​កាដូ​យ៉ាង​ឈឺចាប់​បំផុត ព្រោះ​នាង​ទូរសព្ទ​មក​អញ្ជើញ​ខ្ញុំ​ទៅ​ចូល​រួម​ពិធី​រៀប​ការ​របស់​នាង។

 

ក្រោយមក​ខ្ញុំ​ព្យាយាម​ដាក់ពាក្យ​ប្រឡង​យក​អាហារូបករណ៍​​បរទេស ដើម្បី​បាន​ទៅ​រៀន​បន្ត​មុននឹង​ថ្ងៃ​នាង​រៀបការ ព្រោះ​ខ្ញុំ​មិន​ចង់​ទៅ​ចូលរួម​មង្គល​ការ​នាង​ទេ បើ​ខ្ញុំ​ទៅ​ឃើញ​នាង​រៀបការ​ខ្ញុំ​ប្រាកដ​យំ​មុខ​គេឯង​ហើយ ខ្ញុំ​ដឹងខ្លួន​ខ្ញុំ​ច្បាស់​ណាស់​ថា​ខ្ញុំ​មិន​អាច​ទ្រាំ​បានទេ​ពេល​ឃើញ​នាង​រៀបការ។

 

ក្ដី​ប្រាថ្នា​របស់ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត​ខ្ញុំ​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស តែ​មិនបាន​ទៅ​មុន​នាង​រៀបការ​ទេ គឺ​ទៅ​ក្រោយ​នាង​រៀបការ។

 

ថ្ងៃ​រៀបការ​របស់​នាង​ ខ្ញុំ​មិន​បាន​ទៅ​ចូលរួម​ទេ ខ្ញុំ​ផ្ញើ​របស់​ចង​ដៃ​តាម​ប្អូនស្រី​ខ្ញុំ ​ដោយ​យក​លេស​ថា រវល់​រៀបចំ​របស់របរ និង​ត្រៀម​ខ្លួន​ចេញដំណើរ​ទៅ​រៀន​បន្ត ហើយ​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​ឈឺចាប់​បំផុត…
នេះ​ហើយ​ជា​ស្នេហា​គ្រា​ដំបូង​របស់ខ្ញុំ រយៈពេល​៨ឆ្នាំ​ដែល​ខ្ញុំ​ស្រលាញ់​នាង គឺ​បាន​ត្រឹម​តែ​ពាក្យ​ថា «បងប្រុស)» តែ​ប៉ុណ្ណោះ ។ តែ​ទោះជា​យ៉ាងណា​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ ព្រោះ​ពេល​នេះ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​បាន​ជួប​នឹង​មនុស្ស​ដែល​នាង​ស្រលាញ់​ពិតប្រាកដ​សម​​តាម​បំណង​ហើយ។

 

ខ្ញុំ​ស្រលាញ់​នាង សុំ​ត្រឹមតែ​ឃើញ​នាង​សប្បាយចិត្ត ក៏​អស់ចិត្ត​ហើយ ទោះ​ពេលខ្លះ​ខ្ញុំ​ពិបាក​ទ្រាំ​និង​ការ​ឈឺចាប់​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​ពេញចិត្ត​នូវ​អ្វី​ដែល​ដែល​ខ្ញុំ​បាន​ធ្វើ​ល្អ​ចំពោះ​នាង​ដែរ។

 

ជា​ចុងក្រោយ​ខ្ញុំ​សូម​ជូនពរ​អោយ​នាង​មាន​សេចក្ដី​សុខ និង​មាន​សុភមង្គល​ជាមួយ​មនុស្ស​ដែល​នាង​ស្រលាញ់ បើ​ខ្ញុំ​មាន​ឱកាស​ខ្ញុំ​ចង់​ប្រាប់​នាង​ថា ទោះ​ពេលវេលា​ហួស​ទៅ ៨ ឆ្នាំ​ហើយក៏​ដោយ តែ​ខ្ញុំ​មិន​ទាន់​បំភ្លេច​នាង​បាន​ឡើយ ខ្ញុំ​នៅតែ​ចងចាំ​នូវ​អនុស្សាវរីយ៍​ល្អ​ៗ ចំពោះ​នាង​ដូចដើម។ ដោយសារ​តែ​រឿង​នេះ​ហើយ​ ទើប​ខ្ញុំ​មិន​ទាន់​ចង់​ទៅលេង​ស្រុកកំណើត រង​ចាំ​ខ្ញុំ​ភ្លេច​មនុស្ស​ម្នាក់​នេះ​សិន បើ​មិន​ធ្វើ​បែបនេះ​ទេ ខ្ញុំ​នឹង​នាំ​ភាព​ឈឺចាប់​មក​ជា​មួយទៀត៕

 

 

ចុច​អាន៖ ពី​មិត្ត​សំណព្វ​ ក្លាយ​ជា​ Crush

ចុចអាន៖ រឿងរ៉ាវហួសចិត្ត ​ខ្មោច​​ក្នុង​បន្ទប់​ជួល​​

 

 

អត្ថបទ៖ Han Sanny

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖
អ៊ីមែល៖ [email protected]
ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូមចុចត្រង់នេះ