​អាហារូបករណ៍​​​ធ្វើ​ឲ្យ​និស្សិត​ស្រី​ម្នាក់​ប្រែ​ប្រួល​ស្ទើរ​ទាំង​ស្រុង


​អាហារូបករណ៍​​​ធ្វើ​ឲ្យ​និស្សិត​ស្រី​ម្នាក់​ប្រែ​ប្រួល​ស្ទើរ​ទាំង​ស្រុង

ដោយ​សារ​តែ​អាហារូបករណ៍​បរទេស​មួយ ធ្វើ​ឲ្យ​និស្សិត​ម្នាក់​ដែល​ធ្លាប់​តែ​ទន់​ខ្សោយ មិន​ចេះ​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង ប្រែ​ក្លាយ​ជា​នារី​ម្នាក់​ដែល​ក្លាហាន​រឹង​មាំ អត់​ធ្មត់​ខ្ពស់ និង​ពូកែ​ក្នុង​ចំណោម​សិស្ស​ខ្លាំង​ៗ​នៅ​បារាំង​ទៀត​ផង។ ភាព​ផ្លាស់​ប្តូរ​នេះ​នៅ​ពេល​កញ្ញា​ចាប់​ផ្ដើម​ទៅ​រៀន​នៅ​បារាំង។

 

 

​អាហារូបករណ៍​​​ធ្វើ​ឲ្យ​និស្សិត​ស្រី​ម្នាក់​ប្រែ​ប្រួល​ស្ទើរ​ទាំង​ស្រុង

 

​អាហារូបករណ៍​​​ធ្វើ​ឲ្យ​និស្សិត​ស្រី​ម្នាក់​ប្រែ​ប្រួល​ស្ទើរ​ទាំង​ស្រុង

 

 

កញ្ញា ជន មុនី​រ័ត្ន បាន​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដោយ​ចាប់​ជំនាញ​ច្បាប់​ផ្នែក​សា​កា​រី លើ​អចលនទ្រព្យ​នគរោបនីយកម្ម និង​សំណង់​ក្នុង​សាកលវិទ្យាល័យ Université Toulouse 1 Capitole។

 

 

កញ្ញា​អាយុ​២២​ឆ្នាំ និយាយ​ថា ការ​សិក្សា​និង​រស់​នៅ​ក្រៅ​ប្រទេស​គឺ​ជា​រឿង​លំបាក​បំផុត ដោយ​សារ​ពី​មុន​កញ្ញា​ជា​មនុស្ស​ម្នាក់​ដែល​ទន់​ជ្រាយ ព្រម​ទាំង​ស្ងៀម​ស្ងាត់​មិន​សូវ​មាត់ ក​ច្រើន​នោះ​ទេ។ ចំពោះ​ការ​លំបាក​មួយ​ទៀត​ ថ្វី​ត្បិត​បាន​អាហារូបករណ៍​ទៅ​បារាំង​ក្ដី តែ​នីរ័ត្ន​មិន​អាច​ទំនាក់ទំនង​ជា​ភាសា​បារាំង​ជាមួយ​គ្រូ និង​មិត្ត​រួម​ថ្នាក់​បាន​ឡើយ ។ ពេល​ខ្លះ​សូម្បី​ចង់​ញុំា​អ្វី​មួយ​មិន​ដឹង​និយាយ​ដូចម្ដេច ហើយ​ម្យ៉ាង​ទៀត​នៅ​ពេល​រៀន មាន​ពាក្យ​បច្ចេកទេស​ច្បាប់​ជា​ភាសា​បារាំង​ច្រើន ធ្វើ​ឲ្យ​និស្សិត​រូប​នេះ​ស្ទើរ​បង្ហូរ​ទឹក​ភ្នែក​យំ​ដោយ​សារ​ការ​លំបាក​ខ្លាំង​ពេក។

 
កាល​​​ហ្នឹង នីរ័ត្ន​រៀន​មិន​ទាន់​គេ​ទេ។ នាង​មិន​ដឹង​ថា​ត្រូវ​កត់​មេរៀន​ដោយ​របៀប​ណា​ គ្រូ​និយាយ​ជិត​៣​ម៉ោង តែ​អ្វី​ក៏​នាង​ចាប់​មិន​បាន​ដែរ។ ដោយសារ​ខ្លាច​ការ​សិក្សា​បរាជ័យ នីរ័ត្ន​ព្យាយាម​អាន​កាសែត សៀវភៅ​បារាំង ស្ដាប់​ចម្រៀង​បារាំង និង​មើល​ភាពយន្ត​​ដើម្បី​ពង្រឹង​ភាសា។ ការ​ព្យាយាម​បាន​សម្រេច ត្រឹម​ជាង​កន្លះ​ឆ្នាំ​យុវតី​រូប​នេះ​ទទួល​បាន​ការ​សរសើរ​ពី​គ្រូ​ៗ ថា​ជា​សិស្ស​ខំ​រៀន មិន​ចុះ​ចាញ់​ត្បិត​តែ​លំបាក​ផ្នែក​ភាសា​ក៏​ដោយ។ នាង​ថែម​ទាំង​ជាប់​បាន​រៀន​បន្ត​ដល់​ឆ្នាំ​ទី​២ ខណៈ​ដែល​ពេល​នោះ​មាន​បេក្ខភាព​ដទៃ​ទៀត​គេ​ដាក់​ពាក្យ​រៀន​ជំនាញ​អចលនទ្រព្យ​​ដែល​ចំនួន ១២០​នាក់ តែ​សាលា​គេ​រើស​យក​សិស្ស​តែ​ចំនួន ២៧ នាក់​ប៉ុណ្ណោះ។

 

 

អតីត​សិស្ស​ពូកែ​ទូ​ទាំង​ខេត្ត​កំពង់ចាម ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​រូប​នេះ បន្ត​ថា កញ្ញា​ទទួល​ស្គាល់​ ​តាំង​ពី​តូច​ជា​មនុស្ស​ទន់​ខ្សោយ​ច្រើន។ នាង​មិន​ដែល​រស់​នៅ​បែក​ពី​អ្នក​ផ្ទះ ទោះ​បី​ជា​ឡើង​មក​រៀន​នៅ​ភ្នំពេញ​ក៏​ស្នាក់​នៅ​ជាមួយ​បង​ប្អូន។ ទៅ​ណា​មក​ណា​មិន​ដែល​ស្គាល់​ពាក្យ​ថា​ទៅ​ម្នាក់​ឯង ហើយ​ក៏​មិន​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​សូម្បី​តែ​ម្ដង។ ពេល​ចង់​ធ្វើ​អ្វី​មួយ​ តែង​សុំ​ការ​ប្រឹក្សា​យោបល់​មុន​ជានិច្ច​ ។

 

 

​អាហារូបករណ៍​​​ធ្វើ​ឲ្យ​និស្សិត​ស្រី​ម្នាក់​ប្រែ​ប្រួល​ស្ទើរ​ទាំង​ស្រុង
តែ​ពេល​មក​រៀន​នៅ​បារាំង​នេះ នីរ័ត្ន​ត្រូវ​ទី​ពឹង​ខ្លួន​ទាំង​អស់ ទៅ​ណា​មក​ណា​ម្នាក់​ឯង​ទាំង​អស់។ ពេល​ខ្លះ​ឈឺ​ដាប​ក៏​ត្រូវ​ទៅ​រក​ពេទ្យ​ដោយ​ខ្លួន​ឯង គ្មាន​អ្នក​ផ្ទះ​ចាំ​បារម្ភ​ដូច​មុន​ឡើយ។

 
“កាល​ពី​មុន​ជួប​បញ្ហា​តិច​តួច គិត​ថា​ជា​បញ្ហា​ធំ​ហើយ​តាំង​អង្គុយ​យំ​ពិបាក​ចិត្ត​ធ្វើ​អី​ក៏​លែង​ចេញ តែ​ការ​មក​រស់​នៅ​ទី​នេះ​ជួប​បញ្ហា​ច្រើន តូច​ធំ​ប៉ុណ្ណា​ខ្ញុំ​ជួប​អស់​ហើយ។ ខ្ញុំ​តាំង​ចិត្ត​ដោះ​ស្រាយ​វា​អោយ​បាន។ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា រស់​ម្នាក់​ឯង​ទី​នេះ​គឺ​អត់​អាច​ធ្វើ​ជា​មនុស្ស​ទន់​ខ្សោយ​បាន​ទេ អត់​មាន​ពាក្យ​ថា​ខ្ញុំ​ធ្វើ​មិន​បាន​ឬ​ក៏​ខ្ញុំ​ចុះ​ចាញ់​ហើយ​ នោះ​ទេ។ ទាំង​អស់​នេះ​វា​ជា​បទពិសោធន៍​​គ្មាន​អ្វី​កាត់​ថ្លៃ​បាន​ វា​បង្រៀន​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់”។ នី​រ័ត្ន​បញ្ជាក់។

 

 

 

ការ​សិក្សា​នៅ​ក្រៅ​ប្រទេស ធ្វើ​ឲ្យ​នីរ័ត្ន​ទទួល​បាន​បទពិសោធន៍​ច្រើន​លើស​លប់។ ការ​មក​រស់​នៅ​ម្នាក់​ឯង​នៅ​ទី​នេះ​ធ្វើ​អោយ​កញ្ញា​ក្លាយ​ជា​មនុស្ស​ដែល មាន​អំណត់​ច្រើន​ជាង​មុន មាន​ភាព​ក្លាហាន​គ្រប់​គ្រាន់​ក្នុង​ការ​រស់​នៅ គ្រប់​គ្រង​ជីវិត​និង​តស៊ូ​ជា​មួយ​បញ្ហា​នា​នា​ដោយ​ខ្លួន​ឯង។ ម៉្យាង​ទៀត​នីរ័ត្ន​​ទទួល​បាន​ចំណេះដឹង​និង​បទពិសោធន៍​ជា​ច្រើន​តាម​រយៈការ​សិក្សា​ជាមួយ​និស្សិត​បរទេស ព្រម​ទាំង​​បាន​ស្វែង​យល់​នូវ​ជីវភាព ការ​រស់​នៅ ទិដ្ឋភាព​វប្បធម៌ តាម​រយៈការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​នា​នា​នៅ​​អឺរ៉ុប៕

 

 

សូមអាន ៖    អស្ចារ្យ! យុវតី​ខ្មែរ​ សាង​ប្រវត្តិសាស្រ្ត​ឈ្នះ​ពាន​រង្វាន់​ពិភពលោក​ផ្នែក​វោហាសព្ទ​នៅ​ជប៉ុន

 
អត្ថបទ៖ លឹម សុ​នា
រូបថត៖ ផ្ដល់​ឲ្យ