​គណៈរដ្ឋមន្ត្រី ប្រជុំ​ពិនិត្យ អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព​

ភ្នំពេញ: នៅ​ម៉ោង ៨:៣០ នាទី ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​កិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ ពិភាក្សា លើ​របៀបវារៈ​មួយចំនួន ដូចជា​: សេចក្តីព្រាងច្បាប់ស្តីពី​សហជីព និង​បញ្ហា​ផ្សេងៗ​៖ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖ ២.១ កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន និង​២.២ កិច្ចព្រមព្រៀង ស្តីពី កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ( WTO )​។

សេចក្តីព្រាងច្បាប់ សហជីព ដែលមាន ១៧​ជំពូក និង ៩១ មាត្រា ត្រូវបាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ឲ្យ​អន្តរក្រសួង​របស់​រដ្ឋា​ភិ​បាល ដាក់​ឲ្យ​មានការ​ពិភាក្សា ពិគ្រោះ​យោបល់​ជាច្រើនលើក​ច្រើនសារ ដោយមាន​ការចូលរួម​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO ភាគី​និយោជក​ជា​ថៅកែ​រោងចក្រ ព្រមទាំង​ភាគី​និយោជិត​តំណាង​ដោយ​សហជីព​កម្មករ ចូលរួម​ផងដែរ​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ពិចារណា​លើ​សំណើ​របស់​សហជីព និង​ភាគី​និយោជក ព្រមទាំង​អង្គការ ILO ដែល​បានលើកឡើង ដើម្បី​ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​ផងដែរ​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ជាក់ថា ការខិតខំ​តាក់តែង​សេចក្តីព្រាងច្បាប់ សហជីព  បម្រើ​ផលប្រយោជន៍​ទាំង​សហជីព​កម្មករ និង​ទាំង​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ​។​

​កាលពីពេល​ថ្មីៗ​នេះ សហជីព​កម្មករ បានស្នើ​សុំ​ឲ្យ​មានការ​កែសម្រួល​ចំនុច​មួយចំនួន នៅក្នុង​សេចក្តីព្រាងច្បាប់​សហជីព រួមមាន​៖ ១ សុំ​ឲ្យ​លុប​ការកំណត់​ចំនួន​សមាជិក ២០% សម្រាប់​ការបង្កើត​សហជីព​ក្នុង​រោងចក្រ សហគ្រាស​នីមួយៗ ដោយ​ប្តូរ​មកជា​ការកំណត់​ចំនួន​សមាជិក​តែ​ពី ១០ ទៅ ២០ នាក់ ក្នុង​រោងចក្រ ឬ​សហគ្រាស សម្រាប់​បង្កើត​សហជីព​។ ២ ចំពោះ​សហព័ន្ធ សហភាព និង​សហជីព ដែលមាន​ឯកសារ​តម្កល់​នៅ​ក្រសួង​រួចហើយ មិនចាំបាច់​ចុះបញ្ជី​ទៀត​ទេ គឺ​ចូល​ជា​ស្វ័យប្រវត្តិ ដូច​ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដែល​សភា​បាន​អនុវត្ត កន្លងមក​។ ៣ សុំ​ឲ្យ​លុបចោល​លិខិត​ថ្កោលទោស​ចេញ​ដោយ​ក្រសួងយុត្តិធម៌ ដោយ​ផ្តល់​សិទ្ធិ​ឲ្យ​សា​ម៉ី​ខ្លួន​ប្រកាស​ដោយ​ខ្លួនឯង​ថា ពុំ​ធ្លាប់​មានទោស​ជាប់ពន្ធនាគារ​ទេ ក្នុងការ​បង្កើយ​សហជីព និង​ទី​៤ ការតម្រូវ​ឲ្យ​សមាជិក​សហជីព ត្រូវ​បង់​វិភាគទាន​ប្រចាំខែ​នីមួយៗ​ចំនួន​១% ដោយ​កំណត់​ក្នុង​ច្បាប់​សហជីព​។

​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​កិច្ចប្រជុំ​រួមមួយ រវាង​អន្តរក្រសួង មេដឹកនាំ​សហជីព និង​ដោយមាន​ការចូលរួម​ពី​អង្គការ​អន្តរជាតិ ខាង​ការងារ ILO ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព​។​

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាសថា អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​សម្តែង​ការស្វាគមន៍ និង​រីករាយ​ចំពោះ​សេចក្តីព្រាងច្បាប់ ស្តីពី សហជីព ដែលមាន​លក្ខណ​:​ស្របទៅតាម​អនុសញ្ញា​អន្តរជាតិ លេខ​៨៧ និង​លេខ​៩៨​។​
     ​
​លោក ហេង សួរ បាន​បន្តថា ក្នុង​កិច្ចប្រជុំ​ត្រីភាគី ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សហជីព កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ ភាគី​និយោជក ចង់​ស្នើ​ឲ្យ​មានកា​កែសម្រួល​ចំនួន​អប្បបរមា ក្នុងការ​បង្កើត​សហជីព​មូលដ្ឋាន​មួយ ពី​តួលេខ នៅក្នុង​សេចក្តីព្រាងច្បាប់ បច្ចុប្បន្ន ចំនួន ១០ នាក់ ទៅជា ៣០% នៃ​ចំនួន​កម្មករ​សរុប ក្នុង​សហគ្រាស​គ្រឹះស្ថាន​មួយ​វិញ ក្នុងខណ​:​ពេលដែល​សហជីព សុំ​រក្សា​ត្រឹម​កំរិត​ដដែល​។​

​លោក ហេង សួរ បន្ថែមថា សេចក្តីព្រាងច្បាប់​សហជីព មិន​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព និង​អ្នកទទួលខុសត្រូវ​រប​ស់​សហជីព ទៅសុំ​លិខិត​ថ្កោលទោស នៅ​ក្រសួងយុត្តិធម៌​ទេ ហើយក៏​មិនមាន​និយាយ​យោង​ដល់​ទោស​ព្រហ្មទណ្ឌ នៅក្នុង​ទោស​ប្ប​ញ្ញ​តិ្ត​ដែរ​។ ចំពោះ​សហជីព ដែល​ទទួលបាន​បញ្ជិកា​រ​រួចហើយ មុន​សេចក្តីព្រាងច្បាប់​នេះ ចូល​ជា​ធរមាន ក៏​មិន​តម្រូវ​ឲ្យ​ចុះ​បញ្ជិការ​ឡើងវិញ​ដែរ​។​

​យ៉ាងណាក៏ដោយ បន្ទាប់ពី​កិច្ចប្រជុំ​ត្រីភាគី កាលពី​ថ្ងៃទី​២៨​កក្កដា ឆ្នាំ​២០១៥ សហជីព​​កម្មករ​មួយចំនួន រួមមាន​ក្រុម​លោក​អាត់​ធន់ និង​លោក​ប៉ាវ​ស៊ីណា ជាដើម បាន​ជំទាស់​មិន​ចង់​ឲ្យ​រដ្ឋាភិបាល បង្កើត​ច្បាប់​សហជីព នោះទេ​។ ក្រុម​សហជីព​កម្មករ អ្នកជំទាស់​អះអាងថា សេចក្តីព្រាងច្បាប់​សហជីព​នោះ នាំ​ឲ្យ​រដ្ឋាភិបាល តាមរយៈ​ក្រសួង​ការងារ រឹតត្បិត​សិទ្ធិសេរីភាព និង​គ្រប់គ្រង​លើ​សហជីព​កម្មករ។

របាយការណ៍​បង្ហាញថា គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ មាន​សហជីព​មូលដ្ឋានចំនួន ៣២១៤ សហជីព សហព័ន្ធ​សហជីព ចំនួន ៨៤ សហព័ន្ធ​សហភាព​សហព័ន្ធ​សហជីព​ចំនួន​១៣ សហភាព និង​សមាគម​និយោជក​ចំនួន ៥ សមាគម។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា​នេះ បាន​លើកឡើងថា គោលបំណង​នៃ​ការបង្កើត​ច្បាប់ សហជីព គឺ​ដើម្បី​ផ្តល់​សិទ្ធិ និង​សេរីភាព​ដល់​គ្រឹះស្ថាន និង​ជន​ទាំង​ឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ​។ ច្បាប់​នេះ ក៏​ដើម្បី​កំណត់​ពី​ការរៀបចំ និង​ការប្រព្រឹត្​តទៅ​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ និង​បុគ្គលិក ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ​។ ធានា​នូវ​សិទ្ធិសេរីភាព​ក្នុងការ ចរចា​ជា​សមូហភាព​រវាង​កម្ម​ករ និយោជិត និង​និយោជក​។ ក្រៅពីនោះ ច្បាប់​សហជីព ក៏មាន​បំណង​ជំរុញអោយមាន​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ការងារ​សមរម្យ បង្កើន​ផលិតភាព និង​ការវិនិយោគ​​​​៕V​/S

​គណៈរដ្ឋមន្ត្រី ប្រជុំ​ពិនិត្យ អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព​

​គណៈរដ្ឋមន្ត្រី ប្រជុំ​ពិនិត្យ អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព​

​គណៈរដ្ឋមន្ត្រី ប្រជុំ​ពិនិត្យ អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព​