​រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​យុវជន ២ នាក់ បងប្អូន​ស្លាប់​

ព្រៃវែង: យុវជន​២​នាក់ បងប្អូន បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​រថយន្ត បើក​បុក​ម៉ូតូ ក្នុងទិសដៅ​បញ្ច្រាសគ្នា ពេញទំហឹង កាលពី​ថ្ងៃទី​១២ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ នៅ​ផ្លូវលំ ចុះ​ពី​ផ្លូវជាតិ​លេខ​៨ ស្ថិតនៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ។​

​ជនរងគ្រោះ ទាំង​២​នាក់​ដែល​ស្លាប់​នេះ ជា​បងប្អូន​បង្កើត​នឹង​គ្នា ១. ឈ្មោះ​យី សឿន អាយុ​២៧​ឆ្នាំ  ជា​អ្នកបើក​ម៉ូតូ និង​២. ឈ្មោះ យី សុខ អាយុ​២៨​ឆ្នាំ​។  អ្នក​ទាំង​២ មាន​ទីលំនៅ នៅ​ភូមិ​ទំពូង ឃុំ​ក​ញ្ជាំ ស្រុក​ពារាំង ខេត្តព្រៃវែង​។​

​អ្នកភូមិ បាន​និយាយថា រថយន្ត​បង្ក​ម៉ាក សាំ​យ៉ុង ពណ៌​លឿង មិន​ស្គាល់​ស្លាក​លេខ ហើយ​បាន​បុក​ម៉ូតូ​ជនរងគ្រោះ បន្ទាប់មក​បើក​គេចចេញ ពី​កន្លែងកើតហេតុ ។​

​នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ ទាំងពីរ​នាក់​បងប្អូន បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១០ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1C-4113  យ៉ាង​លឿន ហើយ​ស្រែក​ខ្លាំងៗ លុះដល់​ចំណុច​ផ្លូវកែង ខណ​:​ម៉ូតូ បើក​ពី​ត្បួ​ង​ទៅ​ជើង ស្រាប់តែ​ត្រូវ​រថយន្ត​សាំ​យ៉ុង ពណ៌​លឿង មិន​ស្គាល់​ស្លាក​លេខ​១​គ្រឿង បោះពួយ​ក្នុង​ល្បឿន​លឿន ដូចគ្នា បញ្ច្រាសទិស ក៏បាន​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ ទាំង​២​នាក់​បងប្អូន បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង តែម្តង​។ បន្ទាប់ពី​បង្កហេតុ​ភ្លាម អ្នកបើករថយន្ត បាន​បន្ថែម​ល្បឿន គេច​បាត់​តែម្តង​។​

​ក្រោយពេល​កើតហេតុ​បន្តិច សមត្ថកិច្ច ក៍បាន​ចុះទៅ​ដល់ និង​បាន​វាស់វែង និង​យក​ម៉ូតូ​ជនរងគ្រោះ ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តព្រៃវែង រង់ចាំ​ដោះស្រាយ តាមផ្លូវ​ច្បាប់​ពេល​ក្រោយ ៕V/S