​រថយន្ត​សាំ​យ៉ុង បុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវតីសិស្សសាលា​ម្នាក់​ស្លាប់​

​កំពង់ឆ្នាំង: យុវតី​ម្នាក់បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង ក្រោយពី​ត្រូវ​រថយន្ត​សាំ​យ៉ុង ១៥​កៅអី បុក​ម៉ូតូ​នាង​ពីក្រោយ ពេញទំហឹង ក្នុងទិសដៅ​ស្របគ្នា កាលពី​វេលា​ម៉ោង ២​និង​៤៥​នាទី រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។​

​លោក ឈឹម សារុន នាយការិយាល័យ នគរបាល​ចរាចរណ៍ ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹងថា យុវតី​រងគ្រោះ​ដែល​ស្លាប់​នោះ ឈ្មោះ ឡេវ រចនា អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។

​តាម​សាក្សី បាន​និយាយថា នៅ​មុនពេល​កើតហេតុ យុវតី​រងគ្រោះ បាន​ចេញពី​រៀន​គួរ នៅ​វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ​ជើង ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1B-0069 តែឯង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទៅផ្ទះ​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​តាក់ស៊ី ម៉ាក​សាំ​យ៉ុង មួយគ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-8760 បើក​ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​លិចទៅ​កើត ហើយ​បានមក​បុក​នាង​ពីក្រោយ ពេញទំហឹង បណ្តាល​ស្លាប់​ភ្លាមៗ នៅ​កន្លែង កើតហេតុ​តែម្តង ។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត សាំ​យ៉ុង បាន​រត់​គេចខ្លួនបាត់​។ ចំណែក​សាកសពរបស់​យុវតី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ដោយឡែក រថយន្ត​បង្ក និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង តាម​នីតិវិធី ៕V​/S