​​បង្ក្រាប​ម៉ូតូ​បំពាក់​ភ្លើង​ឡាស៊ែ​ និង​ត​សាក់​ស៊ីវែង​ខុស​បច្ចេកទេស​​​៤​គ្រឿង​យក​មក​ពិន័យ​ និង​អប់រំ

ខេត្តកំពង់ឆ្នាំង ​៖ ម៉ូតូ​​សាក់​ស៊ី​វែង ​​បំពាក់​ភ្លើង​ឡាស៊ែរខុស​បច្ចេកទេស និងបើកបរ​ល្បឿនលឿននៅ​ពេលយប់​បង្ក​ភាព​អណា​ធិ​ប​តេ​យ្យ និង​​​បង្ក​ការ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់ប្រជា​ពលរដ្ឋ​នៅ​ពេល​យប់ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំងចេញ​បង្ក្រាប ​និង​ស្ទាក់​ចាប់​បានចំនួន​៤គ្រឿងតាម​បញ្ជា​របស់លោក​​អភិបាលខេត្ត​កំពង់ឆ្នាំង​។

កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​នេះ​បាន​ធ្វើឡើង​កាល​ពីយប់​ថ្ងៃ​ទី​១២ ​វិច្ឆិកា ​​២០១៥ នៅ​ក្នុង​ទឹកដី​ក្រុង​កំពង់ឆ្នាំង​។

លោក​ហង្ស ប៊ុ​ន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា​ ដោយ​មាន​សំណូមពរពីប្រជាពលរដ្ឋតាម​បញ្ជា​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ឆ្នាំង និង​លោកស្នងការ​នគរបាល​ខេត្ត នៅ​យប់​ថ្ងៃ​ទី​១២ ​​វិ​ច្ឆ​កា​នេះ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំងសហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ទាំង​៤ និង​ប្រជា​ការពារ​ភូមិបាន​ចេញ​ប្រតិ​ប​ត្តិ​ការ​ប្រដេញ​ចាប់​បាន​ម៉ូតូ​ត​សាក់​ស៊ី​វែង ​និង​ដាក់​ស៊ី​មាំ​ង​ប្រែ​ន​ខុសបច្ចេកទេស​១​គ្រឿង និង​ម៉ូតូ​បំពាក់​ភ្លើង​ឡាស៊ែ​៣​គ្រឿង របស់​ពួក​យុវជន​ទាំងនោះយក​មក​អប់រំ និងផាកពិន័យ​តាម​ច្បាប់ និង​តម្រូវ​ឱ្យ​ដោះ​គ្រឿង​បំពាក់​ខុសច្បាប់​ទាំង​អស់នោះ​ចេញ ដោយ​ធ្វើ​កិច្ចសន្យាតាម​ផ្លូវច្បាប់ទើប​ឱ្យ​យក​ម៉ូតូ​នោះ​ទៅ​ផ្ទះ​វិញ​។

​សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា​​ ការ​បង្ក្រាប​ករណី​នេះ នឹង​បន្ត​ធ្វើ​ទៀត​ លុះត្រាតែ​អស់​ម៉ូតូខុសបច្ចេក​ទេសដូច​ខាងលើ​នេះ  ហេតុនេះ​សូម​អាណា​ព្យា​ល​បាល និង​​​យុវជន​ទាំងអស់ដែល​មាន​ម៉ូតូ​បំពាក់ភ្លើង​ឡាស៊ែ បំពង់​ស៊ី​មាំ​ង​ប្រែ​ន  ស៊ី​ប្លេ​ខ្យល់ ស៊ី​ប្លេ​ស៊ី​រ៉ែ​ន ឬ​បំពាក់​សម្ភារ​ផ្សេង​ៗ​ខុស​បច្ចេកទេស ត្រូវ​តែដោះ​ចោល​ឱ្យ​អស់មុន​ពេល​សមត្ថកិច្ច​ចាប់​ឃាត់​ធ្វើការ​ផាកពិន័យ​៕ ​