ឃើញ​រថយន្ត​6​គ្រឿង​ចោរលួច​ពី​ខេត្តកណ្តាល​ទៅ​លាក់​នៅ​ក្រចេះ

ឃើញ​រថយន្ត​6​គ្រឿង​ចោរលួច​ពី​ខេត្តកណ្តាល​ទៅ​លាក់​នៅ​ក្រចេះ

ខេត្តក្រចេះ ៖ ប្រតិបត្តិការ​ដោយ​សមត្ថកិច្ច​នគរបាល បាន​ធ្វើ​ឡើង​យ៉ាង​ក្តៅ​គគុក ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​ខេត្ត បាន​ដកហូត​រថយន្ត​សេ​៊​រី​ទំនើប​ចំនួន​៦​គ្រឿង​ដែល​ចោរលួច​យក​មក​លាក់ទុក និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរ​សរុប​៣​នាក់ ដែល​ជា​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​លួច​រថយន្ត​គួរ​ឱ្យ​ភ្ញាក់ផ្អើល គឺ​២​នាក់​ចាប់​នៅ​ក្រចេះ ម្នាក់​នាំ​មក​ពី​ខេត្តកណ្តាល ។

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ អ៊ុំ ភី ស្នងការ​រង ទទួល​បន្ទុក​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ។

ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​ក្នុង​ការ​បង្ក្រាប​ក្រុម​ចោរលួច​រថយន្ត​កក្រើក​នៅ​ខេត្តក្រចេះ​នេះ គឺជា​កិច្ចសហការ​គ្នា រវាង​កងកម្លាំង​នគរបាល​ខេត្តក្រចេះ និង​នគរបាល​ខេត្តកណ្តាល ដែល​ប្រតិបត្តិការ​បង្ក្រាប​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា ដោយ​ប្រមូល​បាន​រថយន្ត​ស៊េរី​ទំនើប​៦​គ្រឿង មាន​ម៉ាក​កាម​រី​ឆ្លាម កាម​រី​បា​ឡែ​ន និង​កូ​រ៉ូ​ឡា ។

ស្នងការ​រង លោក​ឧត្តមសេនីយ៍ អ៊ុំ ភី បាន​បញ្ជាក់​ឱ្យ​ដឹង​ថា រថយន្ត​៦​គ្រឿង​ដែល​ដកហូត​បាន​គឺ​សុទ្ធ​សឹង​ជា​រថយន្ត​ដែល​ចោរ​បាន​លួច​ពី​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ យក​ទៅ​ទុក​លក់​បន្ត​នៅ​ក្រចេះ ។

លោក​ឧត្តមសេនីយ៍ ស្នងការ​រង បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ទទួល​សេចក្តីរាយការណ៍​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល លើ​មុខសញ្ញា​ចោរកម្ម​ពាក់ព័ន្ធ​នឹង​ការ​លួច​រថយន្ត​នេះ នគរបាល​ខេត្តក្រចេះ ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត បាន​បើក​ប្រតិបត្តិការ​កំណត់​មុខសញ្ញា និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ។ ក្នុង​នោះ រថយន្ត​ចំនួន​៦​គ្រឿង គឺ​ត្រូវ​បាន​ដកហូត ។ រីឯ​បក្ខពួក​របស់​ជនសង្ស័យ​មួយ​ចំនួន កំពុង​តែ​រត់គេច​ខ្លួន ។ លោកស្នងការ​រង​បញ្ជាក់​ថា នគរបាល​កំពុង​តែ​តាម​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ពួក​គេ ។

នគរបាល​ក្រុង​ក្រចេះ បាន​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ មាន ១-​ឈ្មោះ អ៊ុ​ន អ៊ី​យ៉ូ​រ៉ា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ និង​២-​ឈ្មោះ អោ​ល វ​ណ្ឌី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ។ ចំណែក​ចោរ​ម្នាក់​ទៀត ត្រូវ​ចាប់ខ្លួន​បាន​នៅ​ខេត្តកណ្តាល នាំ​មក​ចាប់​បន្ត​នៅ​ខេត្តក្រចេះ បាន​២​នាក់​ទៀត សរុប​៣​នាក់ ។

តាម​ការ​សារភាព​របស់​ចោរ​ដៃ​ស្អិត​ទាំង​ពីរ​នាក់ បានឱ្យ​ដឹង​ថា កន្លង​មក​ពួក​គេ​និង​បក្ខពួក​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ចំនួន​រាប់​សិប​គ្រឿង​មក​ហើយ ពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល យក​មក​លក់​បន្ត​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ។

បន្ទាប់​ពី​មានការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នៅ​ខេត្តក្រចេះ តាម​ព័ត៌មាន​ថា បក្ខពួក​ម្នាក់​ទៀត​ក៏​ត្រូវ​ចាប់ខ្លួន​បាន​ដែរ នៅ​រាជធានី​ភ្នំពេញ ។ រថយន្ត​ដែល​ដកហូត​បាន​វិញ​ចំនួន​៦​គ្រឿង ត្រូវ​បាន​ធ្វើ​ពិធី​ប្រគល់​ឱ្យទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​យក​ទៅ​ចាត់ចែង​បន្ត​តាម​នីតិវិធី ។

ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អំពើ​លួច​រថយន្ត សូម​ទៅ​ពិនិត្យ​ភិនភាគ​រថយន្ត​របស់​ខ្លួន ដែល​បាត់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ៕