ប៉ូលិស​បង្ហាញមុខ​ជនសង្ស័យ​ឆក់​និង​ប្លន់​ប្រដាប់​អាវុធ​ចំនួន​3​នាក់

ប៉ូលិស​បង្ហាញមុខ​ជនសង្ស័យ​ឆក់​និង​ប្លន់​ប្រដាប់​អាវុធ​ចំនួន​3​នាក់

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ វិច្ឆិកា បាន​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​ចំនួន​៣​នាក់ ដែល​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ចំនួន​៣​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បាន ក្នុង​នោះ​ជនសង្ស័យ​ម្នាក់​ហាក់​មាន​សភាព​ទុរន់ទុរា​ទៀត​ផង​។

ការ​បង្ហាញមុខ​ជនសង្ស័យ​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោក​វរសេនីយ៍ទោ អេ​ង សោភា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៣​ចូលរួម​មាន​ខណ្ឌទួលគោក ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌចំការមន ។ លោក អេ​ង សោភា បាន​ថ្លែង​ថា យោង​ទៅ​លើ​ករណី​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​កើត​មាន​ជា​បន្តបន្ទាប់ លោកស្នងការ និង​ស្នងការ​រង​ទទួល​បន្ទុក​ប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​រាជធានី បាន​ដាក់​បទបញ្ជា​ដល់​ការិយាល័យ​ជំនាញ បើក​កិច្ចប្រ​តិ​ប​តិ្ត​ការ​សហការ​ជាមួយ​បណ្តា​ខណ្ឌ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ស្វែងរក​ចាប់ខ្លួន​មុខសញ្ញា​ឆក់​-​ប្លន់​នោះ​ឲ្យ​ខាង​តែ​បាន ។

នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​បាន​ចុះ​សហការ​ជាមួយ​ខណ្ឌ​ទាំង​៣​ខាងលើ និង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ឆក់ និង​ប្លន់​ចំនួន​៣​នាក់​គឺ
១-​ឈ្មោះ​ពៅ ភក្ត្រា ហៅ​ច​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៩ ផ្លូវលំ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ២-​ឈ្មោះ​ធី សុវណ្ណ​រិ​ទ្ធ ហៅ​ក្រិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២១៣F ផ្លូវ​លេខ​១៩ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ និង​៣-​ឈ្មោះ​ជា សុវណ្ណ ហៅ​គា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ  ស្នាក់​នៅផ្ទះ​លេខ​១៣ ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ 

ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​កាំភ្លើងខ្លី​ម៉ាក​រ៉ូ​ឡូ ពណ៌​ស​១​ដើម គ្រាប់​៥​គ្រាប់ ម៉ូតូ​ម៉ាក XR 259 មួយ​គ្រឿង ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​៊​យ​គី ពណ៌​ផ្កាឈូក​១​គ្រឿង ម៉ូតូ​ម៉ាក​យ៉ា​មា​៉​ហា មី​អូ ពណ៌​ខ្មៅ ១​គ្រឿង និង​ម៉ូតូ​ម៉ា​កនិច ពណ៌​សលាយ​លឿង និង​លាយ​ខ្មៅ ១​គ្រឿង ដែល​សុទ្ធ​សឹង​ជា​របស់​ជន​រង​គ្រោះ​ត្រូវ​ពួក​គេ​ប្លន់​បាន ។

លោក​វរសេនីយ៍ទោ អេ​ង សោភា បន្ត​ថា ជនសង្ស័យ​៣​នាក់​ខាងលើ​ជា​មុខសញ្ញា​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​ទើបត្រូវ​បាន​ដោះ​លែង ។ ក្រុម​នេះ​ក៏​មាន​ដីកា​ម្នាក់​១ ម្នាក់​២ បង្គាប់​ឲ្យ​ចាប់ខ្លួន​ទើបនឹង​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៥ នា​ពេល​ថ្មី​ៗ​នេះ ។

លោ​កអេង សោភា បន្ត​ថា ករណី​ប្លន់​កន្លង​មកនេះ​របស់​ពួក​គេ​រាប់​មិន​អស់ និង​លែង​ចាំទី​តាំង​ទៀត​ផង ចំណែក​បក្សពួក​ដែល​នៅ​សេសសល់ សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន ។ ក្រោយ​ពី​បង្ហាញមុខ ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយឡែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​វិញ ៕