បាន​ខ្លួន​មិន​ស្ងួន​សម្តី ប្រើ​ពាក្យ​អសុរោះ​ដៀលត្មះ ក្លាយជា​អ្នកទោស​ចាប់រំលោភ

បាន​ខ្លួន​មិន​ស្ងួន​សម្តី ប្រើ​ពាក្យ​អសុរោះ​ដៀលត្មះ ក្លាយជា​អ្នកទោស​ចាប់រំលោភ

ខេត្តកំពង់ឆ្នាំង ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ជន​ម្នាក់​ទៅ​កាន់​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ដោយ​ជាប់ចោទ​ពី​បទ​ចាប់រំលោភ​នារី​ម្នាក់ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង១១ ​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០​វិច្ឆិកា នៅ​ជើងភ្នំ​ចំពុះ ស្ថិត​ក្នុង​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ។ ទោះ​យ៉ាងណា បុរស​ជា​ជនជាប់ចោទ​បាន​ព្យាយាម​បដិសេធ​ថា ពួក​គេ​ត្រូវរ៉ូវ​គ្នា​ទេ គឺ​ពុំ​មានការ​ចាប់រំលោភ​ឡើយ ។

យោង​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​នារី​៣​នាក់ ក្នុង​នោះ​២​នាក់​ជា​បងប្អូន​នឹង​គ្នា បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​អ្នក​ភូមិ​ម្នាក់​នៅ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ ពេល​ផឹកស៊ី​នោះ​មាន​គ្នា​៧​នាក់ គឺ​ស្រី​៣​នាក់​ប្រុស​៤​នាក់ ហើយដោយ​ខ្វះ​សាច់​ក្លែម ម្ចាស់ផ្ទះ​ក៏​ឱ្យប្រាក់​ទៅ​ឈ្មោះ នាម សំណាង អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​នោះ​ដែរ ជា​បុរស​ពោះម៉ាយ​ទៅ​ទិញ​សាច់​ក្លែម តែ​ដោយសារ​ឈ្មោះ​នេះ​គ្មាន​ម៉ូតូ​ជិះ​ក៏​សុំ​ខ្ចី​ម៉ូតូ​នារី​ម្នាក់​ជិះ​ទៅ​ទិញ​សាច់​ក្លែម ។

បន្ទាប់​មក ឈ្មោះ នាម សំណាង និង​នារី​ជា​ម្ចាស់​ម៉ូតូ បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ទិញ​សាច់​ក្លែម ដោយ​ឈ្មោះ នាម សំណាង ជា​អ្នក​បើក ប៉ុន្តែ​ពេល​ជិះ​ទៅ​នោះ​បែរជា​ជនជាប់ចោទ​ដឹក​នាង​ទៅ​ជើងភ្នំ​ចំពុះ ហើយ​ឈប់​ម៉ូតូ​សុំ​នាង​ដេក​ជាមួយ​។ ចំពោះ​ទ​ង្វើ​នេះ​នាង​មិន​ព្រម​ឡើយ​និង​បាន​រត់​ចេញ​មក​ក្រៅ ប៉ុន្តែ​ត្រូវ​បុរស​ជា​ជនសង្ស័យ​ចាប់​អូស​ដៃ​នាង​យក​ទៅ​រំលោភ​រហូត​បាន​សម្រេច ។ បន្ទាប់​មក ពួក​គេ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កន្លែង​ផឹកស៊ី​វិញ ហើយ​ពេល​ទៅ​ដល់​បងស្រី​នាង​ឃើញ​មុខ​ប្អូនស្រី​ស្លេកស្លាំង ក៏​សួរ​ប្អូនស្រី​ថា មកពីណា​យូរ​ម្លេ​៉ះ ម៉េច​ក៏​មុខ​ស្លេកស្លាំង​ម្លេ​៉ះ ។ ពេល​នោះ​នារី​រង​គ្រោះ​ដែល​ជា​ប្អូនស្រី​មិន​ទាន់​ឆ្លើយ​ផង បុរស​ជា​ជនសង្ស័យ​បាន​ឆ្លើយ​កាត់​ថា មក​ពី​(...)​គ្នា ។
ចំណែក​បងស្រី​ក៏​បាន​បញ្ជាក់​ទៅ​ប្អូនស្រី​ម្តងទៀត តែ​ប្អូនស្រី​មិន​ទាន់​ឆ្លើយ​ផង ត្រូវ​បុរស​ជា​ជនសង្ស័យ​ឆ្លើយ​កាត់​ទៀត «​ថា​មក​ពី​(...)​គ្នា គឺ​មក​មែនហើយ​» សួរ​ច្រើន​ម្ល៉េះ ។

ក្រោយមក ក៏​មានការ​ឈ្លោះប្រកែក​គ្នា ហើយ​បុរស​ជា​ជនសង្ស័យ​បាន​ត្មះតិះដៀល​នារី​រង​គ្រោះ​ថា «​ម៉ា​ត្រឹម​ស្រី​ខារ៉ាអូខេ ថោក​មី​ថោក មី​សម្បុរ​អាចម៍​»​។ ដោយសារ​ពាក្យ​ត្មះតិះដៀល រួម​ផ្សំ​នឹង​ការ​ប្រមាថ​បែប​នេះ​ហើយ ទើប​នារី​រង​គ្រោះ​រួម​នឹង​បងស្រី ដាក់​ពាក្យ​ប្តឹង​តែ​ម្តង ។

សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា តាម​ពិត​ទៅ​រឿង​នេះ​បើសិនជា​ត្រឡប់​មក​វិញ​បុរស​ជា​ជនជាប់ចោទ​មិន​មាត់ក​អី នៅ​តែ​ស្ងៀម​ទៅ​ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ តែ​នេះ​បាន​ឆ្អែតឆ្អន់​ហើយ​មើលងាយ​គេ​ទៀត ៕     ​