រថ​យន្ត​កុង​តឺន័រ​ដឹក​ឥដ្ឋ​​បែក​កង់​ឈប់​ចត​ក្បែរ​ចិញ្ចើម​ផ្លូវ​ធ្វើ​ឱ្យ​ស្រុត​ដី​ក្រឡាប់​ចាក់​ឥដ្ឋ​ចោល

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​​​កុង​តឺ​ន័រ​​មួយ​គ្រឿង​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​​ដឹក​ឥដ្ឋ​ចំនួន​២៥​តោន​​បាន​​ក្រឡាប់​ចាក់​ឥដ្ឋ​ចោល​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ វិច្ឆិកា នេះ នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ ភូមិ​ខ(១) សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញស្សី​កែវ​។ ក្នុង​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​ឱ្យ​អ្នក​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ទេ។

រថយន្ត​កុង​តឺ​ន័រ​ខាងលើ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣P៦០១០ បើក​បរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះ​ ជែម អាយុ​៣៥​ឆ្នាំ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​១២ វិច្ឆិកា រថ​យន្ត​បាន​ដឹក​ឥដ្ឋ​​​ចេញ​ពី​កំពង់​ផែ​បំណង​យក​ទៅ​ដាក់​ឃ្លាំង​នៅ​បាយ៉ាប ពេល​មក​ដល់​ចំណុច​កើត​ហេតុ​​រថ​យន្បានត​បែក​កង់​ ពេល​នោះ​អ្នក​បើក​បរ​ក៏​ឈប់​ចត​ក្បែរ​ចិញ្ចើម​ផ្លូវ​ពេញ​មួយ​យប់​រហូត​ដល់​ព្រឹក​ឡើងស្រាប់​តែ​​ស្រុត​ដី​ធ្វើឱ្យ​រថយន្ត​ក្រឡាប់​តែ​ម្តង​៕