អង្គុយ​​​បន្ទោ​របង់​សុខ​ៗ​រ​ពិស​ដៃ អត់​ស្គាល់​មីន​រើស​មក​ឆ្កឹះ​លេង​ផ្ទុះ​របួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​អង្គុយ​បត់ជើងធំ​ក្នុង​ដី​ទំនេរ​មួយ​កន្លែង ក៏​រ​ពិស​ដៃ​ទាញ​ឆ្កិះ​របស់​សង្ស័យ​បណ្តាល​ឱ្យ​ផ្ទុះ​កក្រើក ដែល​ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង កាលពី​ព្រលឹម​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ចិត្ត (​មិន​ទាន់​ស្គាល់​ត្រកូល​) អាយុ​ប្រហែល​២៥​ឆ្នាំ ធ្វើ​ជា​កម្មករ​សំណង់ និង​ស្នាក់​នៅ​បុរី​KTH ក្នុងភូមិ​កើតហេតុ​ខាងលើ មាន​ទីលំនៅ​ភូមិ​ស្រះ​កែវ ឃុំ​កំពង់ព្រះ​ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ជន​រង​គ្រោះ រង​របួសធ្ងន់​ផ្ទៃ​មុខ​ និង​ដងខ្លួន ដោយសារ​អំបែង​គ្រាប់​មីន ហើយ​អាច​ខ្វាក់​ភ្នែក​ខាងឆ្វេង​ទៀត​ផង ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដើរទៅ​បត់ជើងធំ​នៅ​កន្លែង​កើតហេតុ លុះ​ឃើញ​របស់​សង្ស័យ​ក៏​យកដៃ​ឆ្កិះ​ទាញ​ព្រោះ​មិនដឹង​ថា​ជា​មីន​នោះ​ទេ ។ ស្រាប់តែ​ផ្ទុះ​កក្រើក ធ្វើ​ឱ្យ​យ​ជន​រង​គ្រោះ​រង​របួស​ពេញ​ខ្លួនប្រាណ និង​ធ្ងន់ធ្ងរ​លើ​ផ្ទៃ​មុខតែ​ម្តង ។

ជន​រង​គ្រោះ​ត្រូវ​បាន​អ្នកស្រុក និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​០១១ ជួយ​យក​ចេញពី​កន្លែង​កើតហេតុ បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​អន្តរាគមន៍ ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គការ​កាំ​ម៉ា​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រោយ​ពី​រុំ​របួស​រួច​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី ដើម្បី​សង្គ្រោះ​បន្ទាន់​។

គួរ​បញ្ជាក់​ថា ទីតាំង​កើតហេតុ​ខាងលើ ជា​ដី​មាន​ម្ចាស់​ហ៊ុម​ព័ទ្ធ​របង​ចោល​ពុំ​ទាន់​មាន​មនុស្ស​រស់នៅ​ទេ ប៉ុន្តែ​ក្បែរ​បន្ទាត់​ព្រំដែន​ហើយ​​កន្លង​មក​ទីនោះ ជា​សមរភូមិ​ប្រយុទ្ធ​ទៀត​ផង ។