ដី​បន្ទាយ​ប៉ូលិស​ការពារ​ព្រំដែន​ច្រក​ទ្វារ​កោះ​រកា សង្ស័យ​អ្នកមាន​អំណាច​លេប​អស់​ពាក់កណ្តាល​ទៅ​ហើយ

ខេត្តព្រៃវែង ៖ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លេចឮ​ថា ដី​បន្ទាយ​នគរបាល​ការពារ​ព្រំដែន​ច្រក​ទ្វា​អន្តរជាតិ​កោះ​រកា ប្រវែង​១០០​ម៉ែត្រ​ក្បាលដី និង​ជម្រៅ​១១០​ម៉ែត្រ ត្រូវ​បាន​លោក ទឹម ផ​ន អតីត​ស្នងការ​នគរបាល​ខេត្ត និង​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា ធ្វើ​របង​ព័ទ្ធ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅ​ក្នុង​ពេល​ដែល​លោក​នៅ​ជា​ស្នងការ​នគរបាល​ខេត្ត ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​បន្ទាយ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ពី​មុន​ទីតាំង​បន្ទាយ​នគរបាល​ការពារ​ព្រំដែន​នេះ​គឺជា​ដី​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ក្រោយមក​ក៏​បាន​ប្រគល់​ឲ្យ​នគរបាល​ការពារ​ព្រំដែន​ជា​អ្នកគ្រប់គ្រង​វិញ ក្នុង​ទំហំ​១០០​ម៉ែត្រ​គុណ​នឹង​១១០​ម៉ែត្រ ។ ប៉ុន្តែ​ប៉ុន្មាន​ខែ​នេះ ស្រាប់តែ​ឃើញ​មាន​គេ​យក​បង្គោល​ថ្ម របង​លួស មក​ហ៊ុម​ព័ទ្ធ​យក ដោយ​ទុក​តែ​ទំហំ​៥០​ម៉ែត្រ​៤​ជ្រុង​ប៉ុណ្ណោះ សម្រាប់​ធ្វើ​បន្ទាយ​នគរបាល​ការពារ​ព្រំដែន​កោះ​រកា​នេះ ។ លុះ​ពេល​អ្នកស្រុក​សួរនាំ​ទៅ​ទើប​ដឹង​ថា ដី​ដែល​គេ​ព័ទ្ធ​យក​នោះ​ជា​របស់​លោក ទឹម ផ​ន អតីត​ស្នងការ​នគរបាល​ខេត្តព្រៃវែង ។

ដោយឡែក មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​ពាម​ជរ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ដី​នេះ​គឺ​ពិតជា​មាន​ទំហំ​១០០​ម៉ែត្រ​គុណ​នឹង​១១០​ម៉ែត្រ​ប្រាកដ​មែន ប៉ុន្តែ​ត្រូវ​បាន​លោក ទឹម ផ​ន កាត់​យក​កាលពី​សម័យ​ដែល​លោក​នៅ​ជា​ស្នងការ​នគរបាល​ខេត្ត ។ ក្រោយមក មាន​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​មួយ​រូប ដែល​ប្រចាំការ​នៅ​ក្នុង​បន្ទាយ​នេះ​ដឹង​រឿង​ក៏​បាន​ជំទាស់ ហើយ​ត្រូវ​គេ​ដក​យក​ទៅ​បញ្ឈរជើង​បាត់​ទៅ ដែល​ឃើញ​បែប​នេះ​មន្ត្រី​ផ្សេង​ៗ​ទៀត ក៏​មានការ​ខ្លាចរអា ហើយ​នាំ​គ្នា​សម្ងំ​ធ្វើ​មិនដឹងមិនឮ​ទាំងអស់​គ្នា​រហូត​ដល់​បច្ចុប្បន្ន ។

ចំពោះ​ការ​ចោទប្រកាន់​ខាងលើ​នេះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត ឲ្យ​ដឹង​ថា ដី​ដែល​លោក ទឹម ផ​ន ព័ទ្ធ​របង​យក​នោះ​គឺជា​ដី​របស់​គាត់ មិនមែន​ជា​ដី​របស់​នគរបាល​ការពារ​ព្រំដែន​ទេ តែ​ត្រង់​ថា​គាត់​បាន​ពី​ណា​នោះ​លោក​ក៏​មិន​បានដឹង​ដែរ​។ ចំណែក​រឿង​ដី​នគរបាល​ការពារ​ព្រំដែន​ច្រក​កោះ​រកា​នេះ តាំងពី​ដើម​មក​មាន​ទំហំ​ប៉ុនណា​នោះ លោក​មិន​បានដឹង​ច្បាស់​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​ប្រាកដ​ច្បាស់ គឺ​នៅ​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​ក្រសួង ដី​នគរបាល​ការពារ​ព្រំដែន​កោះ​រកា​នេះ មាន​ទំហំ​តែ​៥០​ម៉ែត្រ​៤​ជ្រុង​ប៉ុណ្ណោះ ដែល​ចុះ​នៅ​ក្នុង​បញ្ជី​តាំងពី​មុន​ឆ្នាំ​២០០០ ។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ទឹម ផ​ន សមាជិក​ព្រឹទ្ធសភា​បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ៕

  • ដី​បន្ទាយ​ប៉ូលិស​ការពារ​ព្រំដែន​ច្រក​ទ្វារ​កោះ​រកា សង្ស័យ​អ្នកមាន​អំណាច​លេប​អស់​ពាក់កណ្តាល​ទៅ​ហើយ已关闭评论
  • 206 views
  • Hide Sidebar
    A+
Publish on:2015/11/13  Category:ក្នុងស្រុក