ច្បាប់ស្តីពីសហជីព នឹងចូលដល់ដៃ គណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃនេះ

ភ្នំពេញ៖ ច្បាប់ស្តីពីសហជីព ដែលចំណាយតាក់តែង អស់រយៈពេលប្រមាណជា ៧ឆ្នាំនោះ បានបញ្ចប់សព្វគ្រប់ ហើយ ហើយគណៈរដ្ឋមន្រ្តីនឹងលើកយកពិនិត្យ និងពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដឹកនាំដោយសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បើទោះបីមានការមិនពេញចិត្ត ពីក្រុមសហជីពមួយចំនួនយ៉ាងណាក្តី។

ច្បាប់ស្តីពីសហជីព ត្រូវបានមន្រ្តីក្រសួងការងារធ្លាប់បានអះអាងថា តាក់តែងឡើងដើម្បីការពារនូវផលប្រយោជន៍  និងសិទ្ធិរបស់កម្មករ និយោជិត និងនិយោជក ដោយផ្អែកតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ច្បាប់អនុលោមតាមច្បាប់ការងារអន្តរជាតិផងដែរ។

សម្រាប់ក្រុមសហជីព មិនបានមើលឃើញពីចំណុចល្អនៅក្នុងច្បាប់ស្តីពីសហជីព ដែលរាជរដ្ឋាភិបាលខិតខំតាក់ តែងឡើងនោះឡើយ។ ពួកគេបែរជាយល់ថា ច្បាប់នេះមានទិសដៅដាក់ការកៀបសង្កាត់ទៅលើសិទ្ធិសេរីភាព បញ្ចេញមតិរបស់កម្មករ និយោជិត ក៏ដូចជាក្រុមសហជីពទៅវិញ។

ក្រៅពីការពិនិត្យទៅលើច្បាប់ស្តីពីសហជីពទៅ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកនេះ ក៏នឹងពិភាក្សា ពិនិត្យទៅ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ន នីតិប្បញ្ញត្តិលើកិច្ចព្រមព្រៀង ស្តីពីការបង្កើត មជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និង កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)ផងដែរ៕