សម័យ​ថ្មី​ហៅ​ការ​​គ្នា​តាម Facebook ​សមគួរ​​អត់​?

សម័យ​ថ្មី​ហៅ​ការ​​គ្នា​តាម Facebook ​សមគួរ​​អត់​?

Facebook ជា​បណ្ដាញ​សង្គម​និង​ជា​ការ​កម្សាន្ត​ដ៏​ពេញ​និយម​មួយ​នា​យុគសម័យ​ថ្មី​នេះ ដែល​អ្នក​កម្សាន្ត​​ក្នុង​ប្រទេស​កម្ពុជា​អាច​ប្រើ​បាន​ស្ទើរ​តែ​គ្រប់​មធ្យោបាយ។​ បច្ចុប្បន្ន​នេះ​ មាន​ការ​វិវឌ្ឍន៍​ថ្មី​​មួយ​ទៀត​គឺ​មាន​ការ​ហៅ​ការ​គ្នា​តាម​ Facebook ដែល​​ជា​រឿង​ប្លែក​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​។

 

សម័យ​ថ្មី​ហៅ​ការ​​គ្នា​តាម Facebook ​សមគួរ​​អត់​?

 

កំពុង​អង្គុយ​នៅ​ក្រោម​ម្លប់​ឈើ​ទល់​មុខ​ផ្សារ​រាត្រី​លោក សុជា បុគ្គលិក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ Sabay ថា៖ “ចំពោះ​ខ្ញុំ​ ការ​អញ្ជើញ​ភ្ញៀវ​តាម​ Facebook ប្រសិន​បើ​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ ខ្ញុំ​អាច​ទៅ​បាន ប៉ុន្តែ​បើ​មិនមែន​ ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ ហើយ​ជា​ការ​មិន​សមរម្យ​មួយ​ទោះ​ជា​យើង​ធ្លាប់​ស្គាល់​គ្នា​ក៏​ពិត​មែន”។

 

លោក​បាន​បន្ថែម​ថា សាមី​ខ្លួន​ដែល​ចង់​អញ្ជើញ​ភ្ញៀវ​ទៅ​ចូលរួម​ពិធី​ដ៏​សំខាន់​មួយ​នេះ គួរ​កុំ​ប្រើ​មធ្យោបាយ​បែប​ហ្នឹង ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ទឹកចិត្ត​ភ្ញៀវ និយាយ​រួម​គឺ​ អន់ចិត្ត។

 

ដូច​គ្នា​នេះ​ដែរ និស្សិត​ឆ្នាំ​ទី ៣ ជំនាញ​ទេសចរណ៍​ កញ្ញា រីណា បង្ហាញ​ការ​យល់​ឃើញ​ថា ការ​ហៅ​ភ្ញៀវ​ទៅ​ចូល​រួម​កម្មវិធី​អាពាហ៍ពិពាហ៍​​​ជា​រឿង​មុខមាត់ដ៏​ធំ​។ ការ​ហៅ​ការ​គ្នា​​ Facebook ជា​ការ​មិន​សមរម្យ​ទេ ព្រោះ​ទាំង​គេ ទាំង​យើង​មាន​អារម្មណ៍​ថា​ គេ​ហាក់​ដូច​ជា​មិន​ផ្ដល់​តម្លៃ​ឲ្យ​យើង​ជា​ភ្ញៀវ​កិត្តិយស។

 

ចំណែក​លោក​ ចិត្រា​ ដែល​នៅ​ក្បែរ​នោះ​ក៏​បាន​បន្ទរ​ដែរ​ថា ទោះ​ជា​ជិតស្និទ្ធ​បែប​ណា ក៏​មិន​គួរ​ ហៅ​តាម Facebook ដែរ ព្រោះ​វា​ជា​ការមិន​សមរម្យ​ខុស​ចាក​ពី​សីលធម៌​ខ្មែរ។

 

ជាទូទៅ​ការ​អញ្ជើញ​ភ្ញៀវ​ឲ្យ​ចូលរួម​​ពិធី​សំខាន់​ណាមួយ​ សុជីវធម៌​របស់​ប្រជាជន​ខ្មែរ​តែង​តែ​មាន​ការ​ណាត់​ជួប​ក្នុង​ឱកាស​ណាមួយ​ទំនេរ អាច​ថា​នៅ​ផ្ទះ​ នៅ​ក្នុង​ក្រុមហ៊ុន អង្គការ ឬ​ស្ថាប័ន​របស់​ភ្ញៀវ​ផ្ទាល់ ដោយ​ប្រើ​ពាក្យ​សម្ដី​សមរម្យ ការ​គោរព គំនាប់ លើកដៃ​សំពះ ទៅ​តាម​ឋានៈ​តួនាទី​របស់​ភ្ញៀវ​ ដោយ​ឡែក​ចំពោះ​ មិត្ត ភក្ដិ​ជិតស្និទ្ធ​ គ្រាន់​តែ​អញ្ជើញ​តាម​ធម្មតា​ដោយ​ការ​ជួប​គ្នា​ផ្ទាល់​។

 

លោក សុភាព ពលរដ្ឋ​មួយ​រូប​ទៀត​ឲ្យ​ដឹង​ថា បើ​លោក​មាន​កម្មវិធី​​ធំ​ធំ​​​ដូចជារៀប​​អាពាហ៍ពិពាហ៍​កូនចៅ លោក​មិន​ហ៊ាន​អញ្ជើញ​ភ្ញៀវ​តាម Facebook ទេ​ ទោះ​ជា​រវល់​ក៏​ដោយ សុខ​ចិត្ត​មិន​​ហៅ​វិញ ព្រោះ​ខ្លាច​គេ​អន់​ចិត្ត​ ណាមួយ​បើ​គេ អញ្ជើញ​លោក​វិញ​តាម​ហ្នឹង​ ក៏​លោក​​មាន​អារម្មណ៍​ដូចគ្នា​អន់ចិត្ត​និង​​ក៏​មិន​ចូល​រួម​ដែរ។

 

តាម​ការ​សាកសួរ​ពី​មហាជន​មួយ​ចំនួន​បង្ហាញ​ការ​យល់​ឃើញ​ថា ​ការ​អញ្ជើញ​ភ្ញៀវ​តាម Facebook ភាគច្រើន​គឺ​ជា​មិត្តភក្ដិ​ជិតស្និទ្ធ​ព្រោះ​ដោយសារ​គិត​ថា គេ​មិន​ប្រកាន់​ទេ ហៅ​តាម​អ្វី​ក៏​បាន ឲ្យ​តែ​បាន​ប្រាប់​ដំណឹង​មុន ស្រួល​ត្រៀម​ខ្លួន កុំ​ឲ្យ​តែ​ជិត​ដល់​ថ្ងៃ​ហើយ​ទើប​ប្រាប់ នោះ​ទើប​គេ​ប្រកាន់។

 

សម័យ​ថ្មី​ហៅ​ការ​​គ្នា​តាម Facebook ​សមគួរ​​អត់​?

 

អត្ថបទ៖ រក្សា

នាំមកជូនដោយ

សម័យ​ថ្មី​ហៅ​ការ​​គ្នា​តាម Facebook ​សមគួរ​​អត់​?