DKSH សម្ពោធ​មជ្ឈមណ្ឌល​ចែកចាយ​ថ្មី ដើម្បី​ផ្តល់​សេវា​ថែទាំ ផលិតផល​បែប​ទំនើប​

ភ្នំពេញ​: ​មជ្ឈមណ្ឌល​ចែកចាយ​គ្រឿង ឧបភោគបរិភោគ​ដ៏​ធំ​មួយ របស់​ក្រុមហ៊ុន DKSH បាន​បើកសម្ពោធ ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១២ វិច្ឆិកា ដោយមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម​យ៉ាងច្រើន​កុះករ​។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌល​ដ៏​ធំ​មួយ​នេះ ក៏បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ នឹង​កំណើន​អាជីវកម្ម​របស់​ក្រុមហ៊ុន ក៏ដូចជា​អតិថិជន​ផងដែរ​។

​លោក Bo Nielsen សហប្រធាន​ផ្នែក​ផលិតផល គ្រឿងឧបភោគ​បរិភោគ នៃ​ក្រុមហ៊ុន DKSH បាន​ថ្លែងថា​៖ “​មជ្ឈមណ្ឌល​ចែកចាយ​ថ្មី​នេះ ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការគាំទ្រ​ក្រុមហ៊ុន ដែល​ចង់​ពង្រីក​វត្តមាន​របស់ខ្លួន នៅលើ​ទីផ្សារ ស្របតាម​សក្តានុពល​នៃ​ទីផ្សារ សម្រាប់​ប្រជាជន​ថ្នាក់កណ្តាល ដែល​កំពុង​កើនឡើង យ៉ាង​ឆាប់រហ័ស ក្នុងប្រទេស​កម្ពុជា​។ ការវិនិយោគ​ជា​បន្តបន្ទាប់ នៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង បាន​គូសបញ្ជាក់ ពី​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​ធ្វើឱ្យ​ក្រុមហ៊ុន​ដៃគូ អាជីវកម្ម​របស់​យើង មានការ​រីកចម្រើន និង​នាំយក​នូវ​ផលិតផល ដែលមាន​គុណភាព​ខ្ពស់ ជូន​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​នៅក្នុង​តំបន់​”​។​

​លោក Menh Tech នាយក​គ្រប់គ្រង ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន DKSH កម្ពុជា បាន​បន្ថែមថា​៖ “​ក្រុមហ៊ុន DKSH បាន​បើក​ការិយាល័យ ដំបូង​របស់ខ្លួន នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ១៩៥២​។ ក្នុង​ប្រវត្តិសាស្ត្រ​ដ៏ យូរអង្វែង​របស់​យើង នៅក្នុង​ប្រទេស​នេះ យើង​បាន​បង្កើតជា បណ្តាញ​ចែកចាយ​ទំនិញ ប្រៀប​ដូច​សរសៃឈាម មាន​វិសាលភាព ទូលំទូលាយ និង​ស៊ីជម្រៅ​។ មជ្ឈមណ្ឌល​ថ្មី​នេះ អាចឱ្យ​យើង​បម្រើ​អតិថិជន បាន​ជាង ២៥.០០០ នាក់ រាប់បញ្ចូល​ទាំង​អតិថិជន នៅតាម​ផ្សារ​ទំនើប ក្នុង​ទីក្រុង​ធំៗ រហូតដល់​តូប​លក់​រាយរង នៅតាម​ទីជនបទ​នានា​”​។​

​លោក បាន​បន្ថែមថា មជ្ឈមណ្ឌល​ថ្មី​នេះ នឹង​ពង្រឹង​បណ្តាញ ចែកចាយ​របស់​ក្រុមហ៊ុន DKSH នៅក្នុង​ប្រទេស​កម្ពុជា នឹង​បន្ត​បង្ហាញ​កេរ្តិ៍ឈ្មោះ ក្នុងនាម​ជា​ក្រុមហ៊ុន ផ្តល់​សេវាកម្ម​ទីផ្សារ ដ៏​ឈានមុខ​គេ​នៅ​កម្ពុជា​។​

​មជ្ឈមណ្ឌល​ថ្មី​នេះ មាន​ទីតាំង​ជា​លក្ខណៈ​យុទ្ធសាស្ត្រ សម្រាប់​ការដឹកជញ្ជូន ទាំង​ការនាំចេញ និង​ការ​នាំចូល បាន​ឆាប់រហ័ស ជាមួយនឹង​ដំណើរការ​ងាយស្រួល ក្នុងការ​ដឹកជញ្ជូន ទៅមក​កំពង់​ផែស្ងួត​នានា និង​ទៅកាន់​តំបន់​កណ្តាល រាជធានី​ភ្នំពេញ​។ ទីតាំង​នេះ អនុញ្ញាតឱ្យ​ក្រុមហ៊ុន DKSH ផ្តល់ជូន​នូវ​សេវាកម្ម បន្ថែម​ជាច្រើន​ទៀត ក្នុងនោះ​មាន​ទាំង​ការ​វេច​ខ្ចប់​ឡើងវិញ ការ​វេច​ខ្ចប់​ជាមួយ ផលិតផល​ផ្សេងទៀត និង​ការបិទ​ស្លាក​ទំនិញ​។ មជ្ឈមណ្ឌល​នេះ គ្រប់គ្រង​ដោយ​ប្រព័ន្ធគ្រប់គ្រង ឃ្លាំង​បែប​ទំនើប ទាន់សម័យ និង​ត្រូវបាន​ត​ភ្ជាប់ ទៅនឹង​ប្រព័ន្ធ​បច្ចេកវិជ្ជា​ព័ត៌មាន ជា​សាកល​របស់​ក្រុមហ៊ុន DKSH៕V

DKSH សម្ពោធ​មជ្ឈមណ្ឌល​ចែកចាយ​ថ្មី ដើម្បី​ផ្តល់​សេវា​ថែទាំ ផលិតផល​បែប​ទំនើប​

DKSH សម្ពោធ​មជ្ឈមណ្ឌល​ចែកចាយ​ថ្មី ដើម្បី​ផ្តល់​សេវា​ថែទាំ ផលិតផល​បែប​ទំនើប​